ភ្នំពេញៈ សមត្ថ​កិច្ច​គ្រោង​បញ្ជូន​ជនសង្សយ​ម្នាក់​ក្នុងចំណោម​២​នាក់ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ៧​ មិថុនា​នេះ ​បន្ទាប់ពី​ចាប់​ខ្លួន​បាន​៣ថ្ងៃ​ពាក់ព័ន្ធ​ករណី​ប្រើកាំបិត​ប៉័ងតោ​កាប់​យុវជន​ម្នាក់​ស្លាប់​កាលពី​យប់​ថ្ងៃទី ១ មិថុនា ​នៅ​សង្កាត់​ចាក់​អង្រែលើ​​ខណ្ឌ​មាន​ជ័យ​ ​ខណៈ​បក្ខ​ពួកគេ​ម្នាក់ទៀត ​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ចាប់​ខ្លួន​។

លោក​វរសេនី​យ៍ឯក សាន សុខ​សីហា អ្នកនាំ​ពាក្យ​ស្នងកា​រដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៦ ​មិថុនា​ថា ​ជន​សង្ស័យ​ឈ្មោះ ​សុខ ហៃ អាយុ ១៨ ឆ្នាំ​ ត្រូវបាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​ពី​ថ្ងៃទី ៤ មិថុនា ពាក់ព័ន្ធ​​ករណី​កាប់​យុវជន​ម្នាក់​ស្លាប់​កាលពី​ថ្ងៃទី ១​ មិថុនា ឆ្នាំ ២០២១។ ចំណែក​ជនរង​គ្រោះ​ឈ្មោះ គិ​ន សុខ​ឃឿ​ង អាយុ​១៩​ឆ្នាំ រស់នៅ​គីឡូម៉ែត្រ​លេខ ៩ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ​។

លោក​បាន​បញ្ជាក់​ថា៖ ​«សមត្ថកិច្ច​កំពុង​សាក​សួរ​និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​រ ដើម្បី​អនុវត្ត​បន្ត​តាម​ច្បាប់​នៅ​ពេល​សមត្ថ​កិច្ច​ជំនាញ​បញ្ចប់​នីតិ​វិធី​រួច​រាល់​»។

លោក គឹម កល្យាណ អធិការរង​នគ​របាលទទួល​ផែ​ក​ការងារ​នគរបាល​ព្រហ្ម​ទណ្ឌនៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មា​នជ័យ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ៦ ​មិថុនា​ថា​ សំណុំរឿង​ជន​សង្ស័យ​ឈ្មោះ ​សុខ ​ហៃ ម្នាក់នេះ​កំពុង​ដំណើរ​ការ​នីតិវិធី​នៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ ​ហើយ​គ្រោង​បញ្ជូនទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ​៧ ​មិថុនា។

លោក​ថា៖​ «រឿង​នេះ​យ៉ាង​យូរ​ត្រឹម​ថ្ងៃស្អែក (ថ្ងៃទី ៧ មិថុនា) សមត្ថ​កិច្ច​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលា​ការ​ហើយប៉ុន្តែ​ថ្ងៃទី ៦​ មិថុនា ​ធ្វើ​អត់​ទាន់​ទេ»​។

លោក ជា រតនា នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចាក់អង្រែ​លើ​ប្រាប់​នៅ​ថ្ងៃទី ៦​ មិថុនា​ថា ​ការឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់នេះ​ធ្វើឡើ​ង​បន្ទាប់ពី​មាន​ការដឹក​នាំ​ស្រាវ​ជ្រាវ​ពីលោក ម៉េង វិមាន​តារា​ អធិការ​នគរ​បាល​ខណ្ឌ​ច្បារ​អំពៅ រួមស​ហការ​ជាមួយ​​នគរបាល​សង្កាត់​ចាក់​អង្រែ​។ ការស្រាវជ្រាវ​នេះ ​គឺ​សមត្ថកិច្ច​​ប្រមូល​ព័ត៌មាន​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅតាម​ផ្ទះ​ពលរដ្ឋ​នៅជិត​ទីតាំង​កើត​ហេតុ និង​ការប្រមូល​ព័ត៌មាន​ពីសា​ក្សី​នៅ​ជុំវិញ​កន្លែង​កើតហេ​តុ។

លោ​ក​បន្តថា​ ក្រោយពី​​កំណត់​បាន​អត្តស​ញ្ញាណ​ជន​ល្មើស​ទាំង​២​នាក់​ហើយ​ លោក​អធិការ​ ម៉េង វិមាន​តារា​ បាន​កំណត់​គោលដៅ​ចុះ​ឃាត់ខ្លួន​ជនសង្ស័​យ​បាន​ម្នាក់ ​ឈ្មោះ​ សុខ ហៃ នៅ​ចំណុច​ភូមិ​បឹង​ព្រលិត ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ព្រែកប្រា ខណ្ឌ​មា​នជ័យ​ នៅវេលា​យប់​ថ្ងៃទី​ ៤ មិថុនា​។ រីឯ​ជនស​ង្ស័យ​ម្នាក់​ទៀត​ជា​បក្ខពួក​សម​ត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​បន្ត​ទៀតលោក​បាន​ឱ្យដឹ​ងថា ចំពោះ​មូលហេតុ​នៃ​ការកាប់​សម្លាប់​ជនរង​គ្រោះ​នេះ ​បើតាម​សម្តី​ជនសង្ស័យ​ឈ្មោះ សុ​ខ ហៃ ​ប្រាប់​សមត្ថកិច្ច​ថាមិត្ត​ភក្តិ​របស់គេ​មាន​នារី​ម្នាក់​ជា​សង្សារ​។

ប៉ុន្តែ​មួយរយៈ​កន្លងមក​ពួកគេ​ចេះតែ​ឈ្លោះ​គ្នា​ហើយ​នារី​ជា​សង្សារ​ម្នាក់​នោះ​ចេះតែ​សុំ​បែក​គ្នា​ជាមួយ​មិត្ត​ភក្តិ​របស់គេ​។ ចៃដន្យ​នៅ​យប់​ថ្ងៃទី ១​ មិថុនា ​ដែលជា​ថ្ងៃកើត​ហេតុ​ មិត្ត​ភក្ដិ​របស់គេ​បានឃើញ​ជនរង​គ្រោះ​ជិះ​ម៉ូតូឌុប​នារី​ជា​សង្សារ​ខ្លួនទើប​​មាន​អារម្មណ៍​ខឹង​ហើយក៏​ដេញតាម​កាប់​តែម្តង​ទៅ។

លោក​បញ្ជាក់​ថា ​នៅ​យប់​ថ្ងៃកើត​ហេតុ​ ពេល​ពួកគេ​ដេញតាម​ជនរងគ្រោះ​​ ប្រហែលជា​គាត់​ភ័យ​ក៏​ជិះ​ម៉ូតូ​ទៅបុក​បង្គោល​ភ្លើង​ដួល​ជាមួយ​នារី​ម្នាក់​នោះ។ភ្លាមៗនោះ​ដោយ​ឃើញ​ជនរង​គ្រោះ​ដួល​ម៉ូតូ​ ពួកគេ​បាន​យក​កាំបិត​ប៉័ង​តោ​ដែល​ដាក់​តាម​ខ្លួន​ចំនួន ១ ​កាប់​បន្ថែម​ទៅលើ​ខ្លួន​របស់​ជនរង​គ្រោះ​រហូត​ស្លាប់។ បន្ទាប់ពី​កាប់​ជនរង​គ្រោះ​រួច​ពួកគេ​បាន​ដឹក​នារី​ជា​សង្សារ​យកទៅ​ព្យា​បាល​របួស​នៅឯ​គ្លីនិក​ឯកជន​ ១​ កន្លែង​ហើយ​នាំគ្នា​បំបែក​គ្នា​គេច​ខ្លួន​តែម្តង​៕