ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ កាលពី​ឆ្នាំមុន បាន​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ដោយសារ​ការរឹតត្បិត​ការធ្វើដំណើរ និង​ការផ្អាក​ការធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា ដែល​កំពុង​ត្រូវការ​ការព្យាបាល​ពី​អ្នកជំនាញ​វេជ្ជសាស្ត្រ ហើយ​មួយ​ក្នុងចំណោម​នោះ គឺ​កុមារ​ដែល​កើត​ជំងឺមហារីក​។

ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រាតត្បាត​មកលើ​ការគាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ​ចំពោះ​កុមារ​ដែល​កើត​ជំងឺមហារីក ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ថៃ​នៅក្នុង​វិស័យ​សាជីវកម្ម​ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួមចំណែក​ជា​ថវិកា ក៏ដូចជា​សម្ភារ​ដល់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន (Japan Heart Children’s Medical Centre) នៅ​ឃុំ​វិហារហ្លួង​។

ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ឯកឧត្តម Panyarak Poolthup បាន​មានប្រសាសន៍ថា​៖ «​កាលពី​មុន អ្នកជំងឺ​ជាច្រើន​នៅ​កម្ពុជា​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជិតខាង​ ដើម្បី​ទទួល​ការព្យាបាល​»​។

«​តាមរយៈ​វិធានការ​ពិនិត្យ​សុខភាព​តឹងរ៉ឹង និង​ការរឹតត្បិត​ការធ្វើដំណើរ​ដោយ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើ​ឱ្យមាន​ការលំបាក​យ៉ាងខ្លាំង​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការទទួល​បានការ​ព្យាបាល​សុខភាព​ចាំបាច់ ជាពិសេស​សម្រាប់​កុមារ​ដែល​កើត​ជំងឺមហារីក ដែល​គំរាមកំហែង​ដល់​អាយុជីវិត​។ ជា​ការឆ្លើយតប​ស្ថានទូត​ថៃ​ក៏បាន​សម្របសម្រួល និង​ផ្តល់ជំនួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​ស្វែងរក​ការព្យាបាល​នៅ​ប្រទេស​ថៃ​»​។

«​ហើយ​នេះ​គឺជា​អ្វីដែល​ជំរុញ​យើង​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍​មួយ​នេះ​ឡើង ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នកជំងឺ​មហារីក ដែល​ទទួល​ការព្យាបាល​ពី​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន​»​។

មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៤ គឺជា​អង្គការ​ថែទាំ​សុខភាព​ស្ម័គ្រចិត្ត មិន​ស្វែងរក​ប្រាក់ចំណេញ​ស្ថិត​នៅក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ពញាឮ ដែល​បាន​ផ្តល់​ការព្យាបាល​ជំងឺមហារីក​ដោយ​ឥតគិតថ្លៃ ដល់​អ្នកជំងឺ​ជា​កុមារ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គិត​ចាប់​តាំងពី​ឆ្នាំ​ ២០១៨ មក ។

មកដល់​បច្ចុប្បន្ន មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​បាន​ទទួល​អ្នកជំងឺ​ជិត​ ៥ ​ម៉ឺន​នាក់ និង​បាន​ធ្វើការ​វះកាត់​ប្រមាណ ៥ ០០០ ​នាក់ សម្រាប់​មនុស្ស​ពេញវ័យ និង​កុមារ​ក្នុង​នោះ​​ ១២៦ ​ករណី ជា​កុមារ​ដែល​កើត​ជំងឺមហារីក ហើយ​ជារៀងរាល់​ឆ្នាំ​តាម​ការប៉ាន់ស្មាន មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន បាន​ព្យាបាល​ជាង​ ១០ ​ភាគរយ​នៃ​កុមារ​ដែល​កើត​ជំងឺមហារីក​សរុប​នៅ​កម្ពុជា​។ មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន​នៅ​ឃុំ​វិហារហ្លួង ស្រុក​ពញាឮ មាន​ឯកទេស​ព្យាបាល​ជំងឺមហារីក​ក្រពះ​។

ពិធី​ប្រគល់​គ្រែ​អ្នកជំងឺ​ចំនួន​ ១០ កាលពី​ខែមីនា ឆ្នាំ​ ២០២១ ​។ រូបថត Supplied

«​យើង​សម្រេច​សហការ​ជាមួយ​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន ពីព្រោះ​ពួកគេ​ផ្តល់​ការព្យាបាល​ជំនាញ​ឯកទេស​ដល់​កុមារ​កម្ពុជា​ដោយ​ឥតគិតថ្លៃ ហើយ​ទោះបី មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន ទទួល​បាន​ការគាំទ្រ​តាមរយៈ​ម្ចាស់ជំនួយ​ជប៉ុន និង​អ្នក​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន​ជាប្រចាំ​ក្តី ក៏​មជ្ឈមណ្ឌល​នៅតែ​ត្រូវការ​ប្រភព​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម ដើម្បី​អាច​ទ្រទ្រង់​ និង​រក្សា​បាន​នូវ​សេវាកម្ម​ព្យាបាល​ប្រកប​ដោយ​គុណភាព​»​។

ឯកឧត្តម Panyarak បាន​មានប្រសាសន៍​ថា​៖ «​ចាប់តាំងពី​ក្រុមហ៊ុន​ថៃ​នៅ​កម្ពុជា បាន​ផ្តោត​សំខាន់​លើ​ទំនួល​ខុសត្រូវ​សង្គម ជាមួយ​គំនិត​ផ្តួចផ្តើម​ឯករាជ្យ និង​មាន​សមូហភាព តាមរយៈ​ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា យុទ្ធនាការ​បរិច្ចាគ​ឈាម​ ដើម្បី​ជួយសង្គ្រោះ​ជីវិត និង​ការរៃអង្គាស​ថវិកា​ដែល​ជា​ប្រភេទ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ផ្តល់ជំនួយ​សង្គ្រោះ​ពេល​មាន​គ្រោះមហន្តរាយ​ផ្សេងៗ​នៅក្នុង​ចំណោម​ការផ្តល់​ជំនួយ​ជាច្រើន​ទៀត យើង​ក៏បាន​បន្ត​អញ្ជើញ​ពួកគេ​ឱ្យ​មក​ចូលរួម​ជាមួយ​យើង​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​»​។

ដោយ​យល់ឃើញ​ថា ជំងឺ​រាតត្បាត​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក និង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​នោះ ក្រុមហ៊ុន​ថៃ​ទាំង​នោះបាន​ចូលរួម​យ៉ាងសកម្ម​ហួស​ពី​ការរំពឹងទុក​នៅក្នុង​ព្រឹត្តិការណ៍​នេះ ដោយ​បាន​ផ្តល់​វិភាគទាន​យ៉ាងច្រើន​ដើម្បី​បន្ត​និរន្តរភាព​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន​។

ជំនួយ​ទាំងនោះ​មាន​ទាំង​ថវិកា និង​សម្ភារ​ផ្សេងៗ​ទៀត​។ ក្នុងចំណោម​អ្នក​បរិច្ចាគ​ទាំងអស់ អ្នក​បរិច្ចាគ​ធំៗ​មានដូចជា​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ក្រុមហ៊ុន SCG ក្រុមហ៊ុន Cambodia Air Traffic Services Co., Ltd., ក្រុមហ៊ុន Smilephan Co., Ltd. (Pop Popular Cosmetics) ធនាគារ Export-Import Bank of Thailand ក្រុមហ៊ុន PTT (Cambodia) Limited ក្រុមហ៊ុន Da Houg Heng Enterprise Ltd., ក្រុមហ៊ុន I-TIC (Cambodia) Co., Ltd., ក្រុមហ៊ុន TNP Health Care Co., Ltd., ក្រុមហ៊ុន Betagro (Cambodia) Co. Ltd., សណ្ឋាគារ Phnom Penh Hotel ធនាគារ Krung Thai Bank Pcl (Phnom Penh Branch) ក្រុមហ៊ុន Mong Khun Group Co., Ltd. ក្រុមហ៊ុន Home Access និង​ក្រុមហ៊ុន Modern Plastic & Packaging (Cambodia) Co., Ltd​។

ស្ថានទូត​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ជា​សប្បុរសជន​ម្នាក់ទៀត​ដែរ ដែល​បាន​ផ្តល់ជំនួយ​ជា​គ្រែ អ្នកជំងឺ​ចំនួន ១០ ​គ្រែ​ដែល​ជា​បរិក្ខារ​ចាំបាច់​យ៉ាងខ្លាំង​នៅក្នុង​មជ្ឈមណ្ឌល​កាលពី​ខែមីនា ឆ្នាំ​ ២០២១​។

ព្រឹត្តិការណ៍​នេះ​រៃអង្គាស​ថវិកា​សរុប​បាន​ចំនួន ​១១ ២០០ ​ដុល្លារ​ និង​សម្ភារ​ផ្សេងៗ​គិត​ជា​ថវិកា​ជាង​ ១០ ០០០ ​ដុល្លារ​។

ចំពោះ​ថវិកា​ និង​សម្ភារ​ផ្សេងៗ​ដែល​ប្រមូលបាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់​ទៅលើ​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​សម្រាប់​កុមារ​ដែល​កើត​ជំងឺមហារីក​ក៏ដូចជា​ការចំណាយ​ផ្សេងៗ​ផងដែរ​។

ឯកឧត្តម Panyarak យល់ឃើញ​ថា គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ព្រឹត្តិការណ៍​មួយ ដោយ​មិនចាំបាច់​ទាល់តែ​អ្នកជា​ជនជាតិខ្មែរ ជប៉ុន ឬ​ថៃ នោះទេ ប៉ុន្តែ​យើង​ធ្វើ​ក្នុងនាម​ជា​មនុស្សជាតិ ដែល​ត្រូវ​ចេះ​ជួយ​ និង​គាំទ្រ​គ្នា​ទៅវិញ ទៅមក​ក្នុង​គ្រា​មាន​អាសន្ន​។

«​យើង​ដឹងថា​វា​លំបាក និង​ប្រឈម​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ ជាពិសេស​ប្រសិនបើ បុត្រ​ធីតា​របស់​អ្នក ឬ​សមាជិកគ្រួសារ​ណា​ម្នាក់​ត្រូវការ​ការព្យាបាល​បន្ទាន់ ឬ​ជំនាញ​ខ្លាំង​»​។

«​ព្រឹត្តិការណ៍​នេះ​គឺមាន​លក្ខណៈ​ប្លែក ពីព្រោះ​មិនមែន​ជា​ការចូលរួម​ផ្ទាល់​ពី​ក្រុមហ៊ុន​ណាមួយ​ជាពិសេស​នោះទេ ប៉ុន្តែ​វា​ជាការ​ប្រមូលផ្តុំ​វិស័យ​ឯកជន​ថៃ​ទាំងអស់​នៅ​កម្ពុជា​រួម​តែមួយ​។ ប៉ុន្តែ​អ្វីដែល​មាន​អាទិភាព និង​សំខាន់បំផុត​នោះ​គឺ យើង​ជា​មិត្ត​ដ៏ជិតស្និទ្ធ​បំផុត​ម្នាក់​របស់​កម្ពុជា ដែល​ខិតខំ​ផ្តល់ជំនួយ​ឧបត្ថម្ភ និង​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើបាន​ក្នុង​កាលៈទេសៈ​ដ៏ចាំបាច់​នេះ​»​។

ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ថា​៖ «​តាមរយៈ​ការបរិច្ចាគ​លើក​នេះ យើង​សង្ឃឹមថា ព្រឹត្តិការណ៍​ដ៏តូច​មួយ​នេះ​នឹង​ក្លាយជា​កម្លាំង​ជំរុញ​ដល់​វិស័យ​ដទៃទៀត ដើម្បី​ជួយ​គាំទ្រ​ដល់​មជ្ឈមណ្ឌល​ព្យាបាល​កុមារ បេះដូង​ជប៉ុន និង​មន្ទីរពេទ្យ​ដទៃទៀត ក៏ដូចជា​ក្រុម​ជនងាយរងគ្រោះ​នៅ​កម្ពុជា​ផងដែរ​»៕