សៀមរាបៈ ក្រុមមន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​កំពុង​បន្ត​ជីកស្ដារ និង​បូមទឹក​ដាក់​ក្នុង​ប្រព័ន្ធ​អូរ ប្រឡាយ និង​អាង​ស្តុក​ទឹក​មួយចំនួន ក្នុង​តំបន់​អភិរក្ស​ត្រី​មេពូជ បឹង​ពារាំង ដើម្បី​ជួយសង្គ្រោះ​ត្រីមេពូជ​នៅក្នុង​ស្ថានភាព​គំរាមកំហែង​ ដោយសារ​ភាពរាំងស្ងួត​ក្នុង​រដូវប្រាំង​។

លោក ចាន់ តុង នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ថា ស្ថានភាព​អាកាសធាតុ ក្ដៅ និង​ហប់​ខ្យល់​ខ្លាំង ធ្វើឱ្យ​ត្រី​មេពូជ​ជាច្រើន​រយក្បាល​ក្នុង​តំបន់​អភិរក្ស​មួយ​នេះ​បាន​ងាប់​ជា​បន្តបន្ទាប់​បង្កឱ្យ​មាន​ក្ដីព្រួយ​កង្វល់​។

លោក​ថ្លែងថា​៖ «​ក្រោយពី​មាន​ត្រី​មេពូជ​ងាប់​ជា​បន្តបន្ទាប់ ក្រុមការងារ​យើង​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ក្នុង​តំបន់​នោះ ហើយ​ឃើញថា កន្លែង​ខ្លះ​ទឹក​មាន​ជម្រៅ​ត្រឹមតែ​ ៣-៤ ​តឹក ហើយ​កន្លែង​ខ្លះទៀត​មាន​ជម្រៅ​ត្រឹមតែ ៧-៨ ​តឹក​ប៉ុណ្ណោះ​។ ចំណែក​អាកាសធាតុ​ក្នុង​តំបន់​នោះ​មាន​សភាព​ក្ដៅ និង​ហប់​ខ្យល់​ខ្លាំង ធ្វើឱ្យ​ខ្វះ​ខ្យល់​អុកស៊ីហ្ស៊ែន​ក្នុង​បរិយាកាស និង​ក្នុង​ទឹក​»​។

លោក ចាន់ តុង ថ្លែងថា ក្នុង​រយៈពេល​ ២ ​ថ្ងៃ​មកនេះ ក្រុមការងារ​របស់​លោក បាន​ប្រើ​ម៉ាស៊ីនបូមទឹក បូមទឹក​ចេញពី​អាង​ស្តុក​ទឹក​ចំនួន​ ២ ដែល​ស្ថិតនៅ​ផ្នែក​ខាងលើ​ជាប់​មាត់បឹង បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​អូរ ប្រឡាយ និង​អន្លង់​ពងកូន​នៃ​ត្រី​មេពូជ​ក្នុង​បឹង​ពារាំង ដើម្បី​សង្គ្រោះ​ត្រី​មេពូជ​ទាំងនោះ​។

លោក ថ្លែងថា​៖ «២ ​ថ្ងៃនេះ​យើង​ជីក​ស្ដារ​ប្រឡាយ​ក្នុង​តំបន់​បាត​បឹង​ដែលមាន​ទទឹង​ ៥ ​ម៉ែត្រ និង​ជម្រៅ​ ១,៥ ​ម៉ែត្រ បាន​ប្រវែង​ ១០០ ​ម៉ែត្រ និង​បាន​បូមទឹក​ដាក់​បំពេញ​ ដើម្បី​សម្រួល​ដល់​ការបំផ្លាស់ទី​របស់​ត្រី ហើយ​ឥឡូវនេះ ត្រី​ក៏​លែងឃើញ​មាន​ងាប់​ទៀត​ដែរ​»​។

ទោះជា​បែបណា​ក៏ដោយ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​អភិរក្ស​ត្រី​មេពូជ​បឹង​ពារាំង​បាន​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជីកអាង ឬ​ស្រះ ស្តុក​ទឹក​នៅ​ផ្នែក​ខាងលើ​ជាប់​មាត់បឹង​បន្ថែមទៀត សម្រាប់​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់​ផង និង សម្រាប់​ជួយ​ផ្គត់ផ្គង់​ដល់​ប្រព័ន្ធ​អូរ ប្រឡាយ និង​អន្លង់​មួយចំនួន​ក្នុង​តំបន់​អភិរក្ស​ត្រី​មេពូជ​បឹង​ពារាំង​នា​រដូវប្រាំង​។

លោក សឿន សំបូរ ប្រធាន​ផ្នែក​អភិរក្ស​នៃ​សហគមន៍​ទេសចរណ៍​បឹង​ពារាំង បានឱ្យដឹង​នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ថា បើ​ទោះជា​នៅពេល​នេះ មន្ត្រី​ជំនាញ​បាន​បូមទឹក​ចាក់​ចូល​ទៅក្នុង​ប្រព័ន្ធ​ប្រឡាយ និង​អន្លង់​ត្រី​មេពូជ​ក្ដី ប៉ុន្តែ​ទំហំ​ទឹក​នោះ វា​មាន​តិចតួច​សម្រាប់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។

លោក សំបូរ ថ្លែងថា​៖ «​ឥឡូវនេះ​ទឹក​មាន​ជម្រៅ​ប្រមាណ​ ១,៥ ​ម៉ែត្រ ប៉ុន្តែ​វា​អាច​នឹង​គោក​រីង​ជាថ្មី​ម្ដងទៀត ប្រសិនបើ​យើង​មិន​ជីក​អាង ឬ​ស្រះ​សម្រាប់​ស្តុក​ទឹក​ទុក​ឱ្យ​បាន​ច្រើនជាង​នេះ ​នៅ​ផ្នែក​ខាងលើ និង​ផ្នែក​កណ្ដាល​នៃ​ផ្ទៃ​បឹង​ទេនោះ​»​។

លោក សំបូរ បាន​ថ្លែងថា ​ប្រភេទ ត្រី​សណ្តាយ ត្រី​ក្រពាត់ និង​ត្រី​ក្រាយ​ប្រមាណ​ជា​ ១ ​តោន​បាន​ងាប់ ព្រោះ​ប្រឡាយ​កន្លងមក មិនអាច​ស្តុក​ទឹកបាន សម្រាប់​ទ្រទ្រង់​ដល់​ការរស់នៅ​របស់​ត្រី​មេពូជ​នា​រដូវប្រាំង​បាន​ទាំងស្រុង​នោះទេ​៕