The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អគ្គនាយកដ្ឋាន​ពន្ធនាគារ​ កំពុង​រៀបចំ​ចាក់​វ៉ាក់សាំង​កូវីដ​ដល់​ជន​ជាប់ឃុំ




អគ្គនាយកដ្ឋាន​ពន្ធនាគារ​ កំពុង​រៀបចំ​ចាក់​វ៉ាក់សាំង​កូវីដ​ដល់​ជន​ជាប់ឃុំ

Content image - Phnom Penh Post
​ជន​ជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះសីហនុ នាពេលកន្លងទៅ។ រូបថត ពន្ធនាគារខេត្តព្រះសីហនុ

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ កំពុង​រៀបចំ​ចាក់​វ៉ាក់សាំង​កូវីដ​ដល់​ជន​ជាប់ឃុំ

ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធនាគារ​កំពុង​រៀបចំ​ចាក់​វ៉ាក់សាំង AstraZeneca ដល់​ជនជាប់ឃុំ​នៅ​ពន្ធនាគារ​ដែលមាន​ការប្រឈម​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដោយនៅ​ថ្ងៃទី​ ៧ ​មិថុនា​នេះ កំពុង​រៀបចំ​ចាក់​ដល់​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ និង​ជំហាន​បន្ទាប់​ចាក់ឱ្យ​ជន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ដ​កំពង់ស្ពឺ និង​ពន្ធនាគារ​ខេត្ដ​កណ្ដាល​។

លោក នុត សវនា ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ថ្លែង​នៅ​ថ្ងៃទី​ ៦ ​មិថុនា​ថា ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ពន្ធនាគារ​នាពេល​បច្ចុប្បន្ន គឺ​មិន​មាន​ការប្រែប្រួល​ច្រើន​ទេ គ្រាន់តែ​ការងារ​របស់​មន្ដ្រី​ពន្ធនាគារ មាន​ការសកម្ម​ជាង​មុន ចំពោះ​ការងារ​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​នោះ​ការងារ​ខ្លះ ត្រូវ​ដោះស្រាយ​ត្រឹម​ក្របខ័ណ្ឌ​អង្គភាព​ពន្ធនាគារ និង​ការងារ​ខ្លះទៀត ត្រូវ​ដោះស្រាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​។

លោក​ថ្លែងថា​៖ «​កាលពី​ម្សិលមិញ​ (​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២១) ​ខ្ញុំ​បាន​ទាក់ទង​ជាមួយ​អនុប្រធាន​លេខាធិការដ្ឋាន​ចាក់​វ៉ាក់សាំង​ស្នើឱ្យ​គាត់​ពិនិត្យ​លទ្ធភាព​ជួយ​បញ្ចេញ​វ៉ាក់សាំង​ឱ្យ​ជនជាប់ឃុំ​នៅ​កន្លែង​ដែល​ប្រឈម​។ ដូច្នេះ​នៅ​ព្រឹក​នេះ (​ថ្ងៃទី​ ៦ ខែមិថុនា ឆ្នាំ​ ២០២១) ខ្ញុំ​ទទួលបាន​ព័ត៌មាន​ថា បានទទួល​វ៉ាក់សាំង AstraZeneca ចំនួន​ ៦ ​ពាន់ដូស​សម្រាប់​ចាក់​ជូន​ដល់​ជន​ជាប់ឃុំ​»​។

លោក​ថា​៖ «​ពន្ធនាគារ​ដែល​យើង​គ្រោង​ចាក់​វ៉ាក់សាំង​បន្ត​គឺ​កំពុង​ពិនិត្យ មើល​នៅ​ពន្ធនាគារ​ខេត្ដ​កណ្ដាល និង​ខេត្ដ​កំពង់ស្ពឺ​។ ចំណែក​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ យើង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​ជន​ជាប់ឃុំ​នៅ​ថ្ងៃទី​ ៧ ខែមិថុនា​»​។

ពាក់ព័ន្ធ​នឹង​រឿង​ពន្ធនាគារ​នេះដែរ លោក​ កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កាលពី​ថ្ងៃទី​ ៣ មិថុនា ២០២១ ​បានអនុញ្ញាត​ឱ្យ​លោកស្រី Pauline Tamesis ប្រធាន​អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ចូល​ជួប​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​ភាពចង្អៀតណែន​ក្នុង​ពន្ធនាគារ និង​ច្បាប់​ទាក់ទង​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក​ ជិន ម៉ាលីន ​អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែង​កាលពី​ម្សិលមិញ​ថា ជំនួប​រវាង​រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌ និង​លោកស្រី Pauline Tamesis បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី ១- ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ច្បាប់​កូវីដ​ ១៩​។ ២- ​លទ្ធផល​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ​។ ៣- ​វិធានការ​ដោះស្រាយ​ភាពចង្អៀត​ណែន​នៃ​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ ៤- វិធានការ​ឆ្លើយតប​នឹង​ការឆ្លង​រាលដាល​កូវីដ-១៩ ​ក្នុង​ពន្ធនាគារ​។ ៥- ​កម្មវិធី​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​យុត្តិធម៌​ជាដើម​។

លោក​ថ្លែងថា​៖ «​ជារួម​ខាង​អង្គការ​សហប្រជាជាតិ គាត់​ហាក់​ដូចជា​យល់​ទៅនឹង​ទិដ្ឋភាព​ច្បាប់ ក៏ដូចជា​បច្ចេកទេស និង​គោលបំណង​ពិតប្រាកដ អ្វីដែល​រដ្ឋាភិបាល​បាន​ធ្វើ​នាពេល​កន្លងមក​។ កន្លងមក យើង​មិនមាន​ការជួប​ជជែក​ពិភាក្សា​គ្នា​ទល់មុខ​ផ្ទាល់ ដូច្នេះ​អាច​មាន​ការភាន់ច្រឡំ យល់​ខុស តាមរយៈ​ការអត្ថាធិប្បាយ បកស្រាយ របស់​ក្រុម​សង្គម​ស៊ីវិល និង​ក្រុម​ដែលមាន​និន្នាការ​ប្រឆាំង ដែល​រិះគន់​មិន​ផ្អែកទៅលើ​ទិដ្ឋភាព​ច្បាប់ ដែលមាន​ជា​ធរមាន​»​។

លោក អំ សំអាត នាយករង អង្គការ លីកាដូ ថ្លែង​ថា​បច្ចុប្បន្ន​ស្ថានភាព​តាម​ពន្ធនាគារ គឺជា​បញ្ហា​មួយ​គួរឱ្យ​បារម្ភ​ខ្លាំង ទាក់ទង​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​ពីព្រោះ​ពន្ធនាគារ​មាន​ស្ថានភាព​ចង្អៀត​ខ្លាំង ដូច្នេះ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ និង​ជំងឺឆ្លង​ផ្សេងៗ​។

លោក​ សំអាត ថ្លែងថា​៖ «​កន្លងមក​អង្គការ​លីកាដូ​ក៏បាន​ផ្តល់​អនុសាសន៍​លើ​ការពិចារណា​ដោះលែង​អ្នក​ជាប់ឃុំ​បណ្តោះអាសន្ន ដែល​បទល្មើស​ស្រាល​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ពន្លឿន​នីតិវិធី​ស៊ើបអង្កេត​របស់​ចៅក្រម​ស៊ើបសួរ ពន្លឿន​នីតិវិធី​ក្នុង​ការជំនុំជម្រះ ពិនិត្យ​លើ​ការដោះលែង​ជន​ជាប់ឃុំ​ដែល​ជិតផុត​ទោស ជាពិសេស​ពិនិត្យមើល​លើ​អនីតិជន ស្ត្រី​ជាប់ឃុំ​ដែលមាន​កូនតូច ស្ត្រី​ជាប់ឃុំ​មាន​ផ្ទៃពោះ ជន​ជាប់ឃុំ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ជនជាប់ឃុំ​ជា​ជនពិការ​ដែល​អាច​អនុញ្ញាត​ឱ្យ​នៅក្រៅ​ឃុំ​បាន​»​។

បើតាម​លោក​ សំអាត ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ដោះលែង​អ្នក​ជាប់ឃុំ​ជាច្រើន​នាក់​នៅពេល​ដែល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ពន្ធនាគារ​នេះ ដែល​ដូច្នេះ​ពន្ធនាគារ​ទាំងអស់​គួរ​ពិចារណា​តាម​គំរូ​នេះ​។

ប៉ុន្តែ​ត្រង់ចំណុច​នេះ​លោក ជិន ម៉ាលីន បាន​បញ្ជាក់ថា​៖ «​ក្រុម​សង្គម​ស៊ីវិល តែងតែ​លើកឡើង​ទាក់ទង​នឹង​ការសុំ​ឱ្យ​ដោះលែង​អ្នកទោស ភាពចង្អៀតណែន​ក្នុង​ពន្ធនាគារ ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​យុត្ដិធម៌​បាន​បកស្រាយ​រឿងនេះ​ទៅ​ដល់​ភ្នាក់ងារ UN ក្នុងនោះ រួមមាន​វិធានការ​ដែល​រដ្ឋាភិបាល​កំពុង​អនុវត្ដ​ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។ យើង​មិនអាច​ធ្វើការ​ដោះលែង​ដោយ​ខុស​នីតិវិធី​ច្បាប់ ទៅតាម​ការស្នើសុំ​របស់​សង្គម​ស៊ីវិល​នាពេល​កន្លងមក​នោះទេ​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍