ព្រះវិហារៈ អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​បាន​ចោទប្រកាន់​អ្នកកាសែត​ប្រុស​ស្រី ៨ ​នាក់ ​(​ស្រី​ ២ ​នាក់​) ​នៅ​រសៀល​ម្សិលមិញ បន្ទាប់ពី​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការគំរាម​យកលុយ​ពី​ម្ចាស់​​ដេប៉ូ​លក់​ឈើ​ ១ ​កន្លែង ​ស្ថិត​ក្នុង​ភូមិ​ក្រាំងដូង ឃុំ​ព្រះឃ្លាំង ស្រុក​ត្បែងមានជ័យ​​ ខេត្តព្រះវិហារ ខណៈ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​អះអាង​ថា ករណី​បែបនេះ បើ​ខុស​វា​អស់​តម្លៃ​របស់​បុគ្គល​នោះ​។

លោក វុធ សាវី ជា​ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​ឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​កាលពី​ម្សិលមិញ​ថា ករណី​អ្នកកាសែត​ចំនួន​ ៨ ​នាក់​ក្នុង​នោះ​ ២ ​នាក់ ជា​ស្ត្រី​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្តព្រះវិហារ ​ចោទប្រកាន់​ពី​បទកំហែង​យក​ដែល​ការសម្រេច​ចោទ​នេះ​ ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ម៉ោង​ ក្រោយពី​នគរបាល​ខេត្ត​បញ្ជូន​ពួកគេ​ដល់​សាលាដំបូង​​ខេត្តព្រះវិហារ​នៅ​ព្រឹក​ថ្ងៃទី​ ៦ មិថុនា​។

លោក​មាន​ប្រសាសន៍​ថា​៖ «​រឿង​ហ្នឹង​ត្រូវបាន​តំណាង​អយ្យការ​ចោទ​បទ​កំហែង​យកតាម​បញ្ញត្តិ​មាត្រា ៣៦៤ ​នៃ​ក្រមព្រហ្មទណ្ឌ ហើយនឹង​បញ្ជូន​បន្តទៅ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​បន្ត​នីតិវិធី​ទៀត​»​។

យោង​មាត្រា​ ៣៦៤ ​នៃ​ក្រមព្រហ្មទណ្ឌ​នេះ ប្រសិន​បើ​តុលាការ​រកឃើញ​ថា​​ពិត​ជា​មាន​បទល្មើស​ដូច​ការចោទ​មែន​នោះ អ្នកកាសែត​ទាំងនោះ​នឹងត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​ពី​ ២ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ ​លាន​រៀល​ទៅ​ ១០ ​លាន​រៀល​ក្នុង​ម្នាក់​។

លោក រិទ្ធ សូណា អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​ឱ្យដឹងពី​ម្សិលមិញ​ដែរ​ថា ឈ្មោះ ហ៊ឹម ឆេងហ៊ាន ជា​មេការ​ដេប៉ូ​ឈើ​ ១ ​កន្លែង បាន​ប្តឹង​មក​សមត្ថកិច្ច​របស់​លោក​ថា មាន​អ្នកកាសែត​ ១ ​ក្រុម មាន​គ្នា​ ៨ ​នាក់​បាន​ជំរិត​ទារប្រាក់​​ពី​គាត់​ក្នុង​ម្នាក់ៗ​យក​ ១០០ ​ដុល្លារ​។

ដោយសារ​តែ​មិន​ចង់ឱ្យមាន​ការរំខាន​ជនរងគ្រោះ​បាន​ព្រមឱ្យ​ក្នុង​ម្នាក់​ ៥០ ​ដុល្លារ តែ​ក្រុមអ្នកកាសែត​ទាំងនោះ​មិន​ព្រមយក ហើយ​ជនរងគ្រោះ​បាន​ប្តឹង​​មក​សមត្ថកិច្ច​របស់​លោក​តែម្តង​។

លោក​បានឱ្យដឹង​ដែរ​ថា ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​បាន​ដកហូត​មាន​រថយន្ត​ចំនួន​ ៤ ​គ្រឿង បណ្ណ​ព័ត៌មាន​ចំនួន​ ៨ ​សន្លឹក ទូរស័ព្ទដៃ​ចំនួន​ ១៨ ​គ្រឿង​ និង​សម្ភារ​ឯកសារ​ខ្សែក​ និង​ថវិកា​មួយចំនួនធំ​ទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​ឃាត់ខ្លួន​ពួកគេ​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ហើយ​សមត្ថកិច្ច​ខ្ញុំ​អនុវត្ត​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ​»​។

ពាក់ព័ន្ធ​ការឃាត់ខ្លួន​អ្នក​សារព័ត៌មាន​នេះ ត្រូវ​បាន​លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មានវិទ្យា និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​កំពុង​តាមដាន​រឿងនេះ​ដែរ ខណៈ​ក្នុង​ចំណោម​អ្នកកាសែត​ទាំងនោះ​មាន​អ្នកខ្លះ​កាន់​បណ្ណ​ព័ត៌មាន​ចេញ​ដោយ​អង្គភាព និង​ខ្លះទៀត​កាន់​បណ្ណសារ​ព័ត៌មាន​ចេញ​ដោយ​ក្រសួង​​ព័ត៌មាន​។

លោក​បាន​បន្តថា ករណី​អ្នក​សារព័ត៌មាន​ដែល​ប្រព្រឹត្ត​ផ្ទុយ​វិជ្ជាជីវៈ​បែបនេះ ក្រសួង​បាន​សិក្សា ហើយ​ត្រៀម​បញ្ចូល​ចំណុច​មួយចំនួន​ទៅក្នុង​អត្ថបទ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​។ មាន​កត្តា​ច្រើន​ដែល​យើង​គួរ​លើក​មក​សិក្សា គឺ​ការអប់រំ​របស់​អ្នកសារព័ត៌មាន ទំនាក់ទំនង​រវាង​ភាគី​ទាំងសងខាង​កន្លងមក ជាដើម​។

បើតាម លោក ផុស សុវណ្ណ ករណី​នេះ​បណ្តាល​មកពី​កត្តា​ ២ ទី​ ១ ​គឺ​ក្រសួង​ព័ត៌មាន​បាន​ផ្ទេរ​សេវា​ទៅ​ថ្នាក់ក្រោម​ជាតិ ដើម្បីឱ្យ​បន្ត​អាជ្ញាប័ណ្ណ​មួយចំនួន​នៅត្រឹម​មន្ទីរ​ព័ត៌មាន​រាជធានី ខេត្ត​។ ចំណុច​មួយទៀត គឺ​បណ្តាល​មកពី​បញ្ហា​កូវីដ​ ១៩ គឺ​ក្រសួង​ព័ត៌មាន​មិនអាច​ជួបជុំ មិនអាច​ហៅ​ចាងហ្វាង ឬ​បុគ្គល​អ្នកកាសែត​មួយចំនួន​មក​ណែនាំ​អប់រំ​។ ​ហេតុដូច្នេះ​ហើយ​ទើប​បុគ្គល​អ្នកសារព័ត៌មាន​ខ្លះ​ចេះតែ​ភ្លេចខ្លួន​ភ្លេច​ពី​ការណែនាំ​របស់​ក្រសួង​ព័ត៌មាន​។

លោក​បញ្ជាក់ថា​៖ «​ភាពថ្លោះធ្លោយ​ច្រើនជាងគេ​បំផុត​ពី​ឆ្នាំ​ ២០២០ និង​ឆ្នាំ​ ២០២១ ​នេះ គឺ​យើង​នៅ​ឆ្ងាយ​ពីគ្នា​ក្នុង​ការអញ្ជើញ​ចាងហ្វាង​ ឬក៏​បុគ្គល​នោះមក​ណែនាំ​ប្រាប់​ជាប្រចាំ​។ ពី​ដើម​យើង​ចេះតែ​ក្រើនរំឭក ដូច​ចន្លុះ​អ៊ីចឹង​ចេះតែ​ឆ្កឹះ​រាល់ថ្ងៃ​ទៅ​វា​នៅ​ឆេះ​ល្អ​ដល់​យើង​ខាន​ណែនាំ​ទៅ​បុគ្គល​មួយចំនួន​ភ្លេចខ្លួន​» ​សម្រាប់​អ្នក​ខុសច្បាប់​វិធានការ​ច្បាប់​នឹងត្រូវ​យក​មក​អនុវត្ត​។ ដោយឡែក​ក្រម​សីលធម៌​បើ​ខុស​វា​អស់​តម្លៃ​​របស់​បុគ្គល​នោះ យើង​កំពុង​ពិនិត្យ​ក្រមសីលធម៌​ដាក់​បញ្ហា​នេះ​ចូល​សិក្ខាសាលា​មួយ​ឆាប់ៗ​នេះ​»៕