ព្រះវិហារៈ រាជបណ្ឌិត្យ​សភា​កម្ពុជា ​កំពុង​ចងក្រង​សៀវភៅ ​«វត្តមាន​សត្វស្លាប​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ​តេជោ​សែន​ ឫស្សី​ត្រឹប» ​ដែល​រក​ឃើញ​មានសត្វ​ស្លាប​ជាង​ ១២០ ​ប្រភេទ ​និង​សត្វ​ស្លាប​មួយ​ចំនួន​ ជាប្រភេទ​សត្វស្លាប​កម្រ ​មិនទាន់​មាន​ឈ្មោះ​ក្នុង​បញ្ជី​សត្វស្លាប​នៅ​ឡើយ។

លោក​ស្រី សីហា ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ​នា​ថ្ងៃនេះ​ថា ​ក្រុម​ការងារ​ឧទ្យាន​បានសហការ​ជាមួយ​ក្រុម​ការងារ​ថតរូប​សត្វ​ស្លាប ​ចុះ​ថតរូប ​និង​ប្រមូល​ទិន្នន័យ ​ចង​ក្រង​ឯកសារ​ស្តីពី​វត្តមាន​សត្វស្លាប​ក្នុង​ឧទ្យាន ​ដើម្បី​ផ្សព្វផ្សាយ​ និង​លើក​កម្ពស់​ការចូលរួម​អភិរក្ស​សត្វព្រៃ​និង​ជម្រក​របស់​វា។

លោក​ថា ​បេសកកម្ម​ជំហាន​ដំបូង​ក្រុម​ការងារ​ប្រមូលបាន​សត្វស្លាប​មាន​ចំនួន​ជាង​ ១២០ ​ប្រភេទ​ ដែល​ពេល​នេះ​ក្រុម​ការងារ​ថតរូប​កំពុង​ស្រង់​ទិន្នន័យ​សត្វ ​និង​កំណត់​ចំណាត់​ថា្នក់​ទៅតាម​ប្រភេទ​របស់​វា។

លោក​ថ្លែងថា​៖ «យើង​កំពុងតែ​ចងក្រង​ទិន្នន័យ​គោល ​មានន័យ​ថា ​ប្រភព​សត្វស្លាប ​ ប្រភេទ​សត្វ ​ភូមិសាស្ត្រ​របស់​សត្វ ​និង​ជីវ​សាស្ត្រ​របស់​វា​ ដើម្បី​ចងក្រង​ជាឯកសារ​មួយ​សម្រាប់​ធ្វើការ​បោះពុម្ព​ជាការស្វែង​យល់ ​ហើយ​និង​ការផ្សព្វផ្សាយ ​ជំរុញ​ឲ្យ​មាន​ការអភិរក្ស​នៅ​តំបន់​នោះ»។

លោក ​សីហា ​បញ្ជាក់ថា ​សៀភៅ​សត្វស្លាប​ថ្មី​នេះ ​មាន​ប្រមាណ​ជិត ​៣០០ ទំព័រ ​ដែលមាន​ជាលក្ខណៈ​រូបភាព​ អត្ថបទ ​និង​ឈ្មោះ​របស់​សត្វ ​ទម្រង់​ជីវសាស្ត្រ​របស់​សត្វ ​ការបំផ្លាស់​ទី ​និង​លក្ខខណ្ឌ​ផ្សេងទៀត​ទាក់ទង​នឹង​សត្វ​ស្លាប៕