ភ្នំពេញៈ រដ្ឋ​បាល​ខេត្ដ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​ថៃ ​កំពុង​បន្តពង្រីក​មណ្ឌល​ចត្តាឡីស័ក​បន្ថែម ​និង​ពង្រឹង​ការគ្រប់​គ្រង​ពលករ​ចំណាក​ស្រុក​ពី​ប្រទេស​ថៃ​ មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​តម្រូវឱ្យ​ពួកគេ​ធ្វើ​តេស្ដរក​មេរោគកូវីដ​ ១៩​ និង​ធ្វើ​ចត្ដា​ឡី​ស័ក​ដើម្បី​ទប់​ស្កាត់​ការឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ​ ១៩​ ចូល​ក្នុង​សហគមន៍​តាម​បញ្ជា​របស់​រាជ​រដ្ឋាភិបាល។

លោកស្រី​ រស់ សុផានី ​អភិបាល​រង​ខេត្ដ​បន្ទាយ​មាន​ជ័យប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ ពីម្សិលមិញ​ថា ​បច្ចុប្បន្ន​ រដ្ឋបាល​ខេត្ដ ​កំពុង​បន្ត​ពង្រឹង​លើ​កិច្ច​ការងារ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​មកពី​ប្រទេស​ថៃ ​ដោយ​រៀបចំ​ឱ្យធ្វើ​តេស្ត​រក​មេរោគ​កូវីដ​ ១៩ តាមរយៈ​ឧបករណ៍​តេស្ត​រហ័ស។

បើ​អវិជ្ជមាន​ជំងឺកូវីដ​ ១៩ ​គឺ​ តម្រូវឲ្យ​ធ្វើ​ចត្ដាឡីស័ក​រយៈ​ពេល​ ១៤ ថ្ងៃ ​នៅតាម​មណ្ឌល​ចត្ដា​ឡី​ស័ក​ដែល​រដ្ឋ​បាល​ខេត្ដ​បាន​រៀបចំ។

លោក​ស្រីថ្លែង​ថា​៖ «បច្ចុប្បន្ន​ខេត្ដ​យើង​មាន​មណ្ឌល​ចត្ដាឡីស័ក​សរុប​ចំនួន​ ១០ មណ្ឌល ​ក្នុង​នោះ​មាន​១មណ្ឌល​ស្ថិត​ក្នុង​ខេត្ដ ​និង ​៩ មណ្ឌល​ផ្សេង​ទៀត​ស្ថិត​នៅ​តាម​បណ្តាស្រុក​នៅជាប់​ព្រំដែន។ ឥឡូវ​នៅតែ​មាន​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិ​សាស្រ្ដ​ខេត្ដ​បន្ទាយ​មាន​ជ័យ ​ក្នុង​នោះ​ជាមធ្យម​ ក្នុង ​១ ថ្ងៃ​ មាន​ពលករ​ចំនួន​ ១០០ នាក់ ​ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ»។

លោក​ស្រី​បញ្ជាក់ថា​៖ «វិធានការ​គ្រប់​គ្រង​របស់​យើង​ចំពោះ​ពលករ​ដែ​ល​ត្រឡប់​មក​ពីប្រទេស​ថៃ ​គឺ​យើង​គ្រប់​គ្រង​បាន​ល្អ។ ​យើង​មិន​ឱ្យ​ពលរដ្ឋ​ចេញ​ទៅ​រាយ​ប៉ាយ​ទេ ​ពេល​ចូលមក​ដល់​ច្រក​ព្រំដែន ​គឺ​យើង​ពិនិត្យ​រក​មេរោគ។ បើ​មាន​វិជ្ជមាន​ គឺបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ព្យាបាល​ ប៉ុន្ដែ​បើ​អវិជ្ជមាន​ជំងឺ​កូវីដ​ ១៩ គឺបញ្ជូន​ទៅ​ធ្វើ​ចត្ដាឡីស័ក​ នៅ​មណ្ឌល​ចត្ដា​ឡីស័ក»។

បើតាម​លោកស្រី ​រស់ សុផានី ​ចាប់តាំង​ពី​មាន​ផ្ទុះ​ករណី ​២០ កុម្ភៈ ​រហូត​មកដល់​ត្រឹម​ថ្ងៃ​ទី​ ៦ ខែ​មិថុនា​នេះ​ រដ្ឋបាល​ខេត្ដ​បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ ចំនួន​ជិត ​៣ ពាន់​នាក់។ ក្នុង​នោះ​មាន​អ្នក​ដែល​ព្យាបាល​ជា​សះ​ស្បើយ​ជិត​ ២ ពាន់​នាក់ ​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជិត​ ១ ពាន់​នាក់​។

ចំណែក​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ពលរដ្ឋ​មក​ពី​ខេត្ដ​ផ្សេងៗ​ដែល​ជាប់​ពាក់ព័ន្ធ​អ្នកវិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ​ជិត ១ ពាន់​នាក់ ​កំពុង​ធ្វើ​ចត្ដាឡី​ស័ក។​

រដ្ឋ​បាល​ខេត្ដ​ប៉ៃលិន​កាលពី​ថ្ងៃទី​​ ៦ ខែ​មិថុនា ​កំពុង​ធ្វើការ​សម្អាត​អនាម័យ​និង​លាបថ្នាំ​អគារ ​ដើម្បី​រៀប​ចំ​ត្រៀម​មណ្ឌល​សម្រាប់​ធ្វើ​ចត្តាឡីស័ក​ថ្មី​បន្ថែម​ទៀត ​នៅ​អតីត​វិទ្យាល័យ​ ហ៊ុន សែន ​សាលា​ក្រៅ ​ស្ថិត​ក្នុង​ភូមិ​អូរ​អណ្តូង​ ឃុំ​អូរ​អណ្តូង​ស្រុក​សាលា​ក្រៅ ​ដើម្បី​ត្រៀម​ដាក់​ពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ ​និង​បណ្ដា​ខេត្ដ​នានា​ដែល​មាន​ការ​សង្ស័យ​នឹង​ជំងឺ​កូវីដ​ ១៩។

សកម្មភាព​រៀបចំ​ត្រៀម​មណ្ឌល​សម្រាប់​ធ្វើ​ចត្តាឡី​ស័ក​ថ្មី​បន្ថែម​នេះ ​ដឹក​នាំ​ដោយ​លោក​ស្រី​ បាន ស្រីមុំ ​អភិបាល​ខេត្ត​ប៉ៃ​លិន ​រួម​ជាមួយ​មន្រ្ដី​ពាក់ព័ន្ធ​ក្នុង​ខេត្ត ​ដើម្បី​ធ្វើការ​សម្អាត​អនាម័យ ​និង​លាប​ថ្នាំ​អគារ​រៀបចំ​ត្រៀម​មណ្ឌល​សម្រាប់​ធ្វើ​ចត្តា​ឡីស័ក​ថ្មី​បន្ថែម​ទៀត​នេះ។

លោក​ស្រី​អភិបាល​ថ្លែងថា​៖ «អនុវត្ត​តាម​ការណែនាំ ​និង​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ក្រសួង​សុខាភិបាល​ រដ្ឋបាល​ខេត្តបាន​រៀបចំ​មណ្ឌ​លចត្តា​ឡីស័ក​ជាច្រើន​កន្លែង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូវីដ ១៩​ និង​បង​ប្អូន​ដែល​ទើប​វិលត្រឡប់​មក​ពី​ប្រទេស​ថៃ ​និង​តំបន់​ប្រឈម​នានា​តាម​បណ្តា​រាជធានី​-ខេត្ត»។

បើ​តាម​លោក​ស្រី​អភិបាល​ខេត្ដ​ ករណី​សង្ស័យ ​បន្ទាប់ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ពិនិត្យ​សុខភាព ​ជាពិសេស​បងប្អូន ​ពលករ​ ដែលបាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ​គឺ​តម្រូវ​ឱ្យ​ធ្វើ​ចត្ដាឡីស័ក​រយៈពេល​ ១៤ ថ្ងៃ។ ការធ្វើ​ចត្ដា​ឡីស័ក ​រដ្ឋ​បាល​ខេត្ដ​បាន​ចម្អិន​ម្ហូប​អាហារ​សម្រាប់​ពលដ្ឋ​ដែលកំពុង​ធ្វើ​ចត្តាឡី​ស័ក​ចំនួន​៣​ពេល​ជាប្រចាំ​ថ្ងៃ។

លោក ​ទូ សាវុធ ​អភិបាល​រង​នៃ​គណៈអភិបាល​ខេត្ត​កោះកុង​ថ្លែង​ពីម្សិល​មិញដែរ​ថា ​បច្ចប្បន្ន​ រដ្ឋ​បាល​ខេត្ដ​កោះកុង ​បាន​រៀបចំ​មណ្ឌល​ចត្តាឡីស័ក​ចំនួន ​២ ​ស្ថិត​នៅ​ក្រុង​កោះកុង ​ដើម្បី​ត្រៀម​ដាក់​ពលរដ្ឋ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ និង​ពលរដ្ឋ​ដែល​មក​ពី​ខេត្ដ​នានា​ ចូល​មក​ក្នុង​ភូមិ​សាស្រ្ដ​ខេត្ដ​កោះកុង។

លោក​បន្តថា​៖ «ពលករ​ចំណាក​ស្រុក​ពី​ប្រទេស​ថៃ​ ចូល​មក​កម្ពុជា​តាម​ច្រក​ចាំ​យាម​ ព្រំដែន​ខេត្ដ​កោះកុង ​គឺ​មាន​ចំនួន​តិច​តួច​ទេ។ ថ្ងៃ​ខ្លះ​មាន​ពលរដ្ឋ​ចូលមក​ ៥ នាក់​ថ្ងៃខ្លះ​១០ ​ប៉ុន្ដែ​មិន​សូវ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ ទេ។ យូរៗ​ទើប​រក​ឃើញ​អ្នក​វិជ្ជមាន​ម្នាក់។ ខេត្ដ​យើង​អាច​គ្របគ្រង​ស្ថាន​ការណ៍បាន ​មិន​មាន​ហានិភ័យ​អ្វី​ទេ»។

បើតាម​លោក​ទូ សាវុធ ​ចំពោះ​ពលរដ្ឋ​ធ្វើ​ដំណើ​ពី​ខេត្ដ​ផ្សេង​ទៅកាន់​ភូមិ​សាស្រ្ដ​ខេត្ដ​កោះកុង ​គឺ​តម្រូវ​ឱ្យ​សាក​សួរ​ព័ត៌​មាន​ទាក់ទង​នឹង​ប្រវត្ដិ​នៃ​ការ​ធ្វើ​ដំណើរ ​និង​បញ្ហា​សុខភាព ​និង​ការ​វាស់​កម្ដៅ​ជាដើម​នៅ​ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​ដែល​ខេត្ដ​បាន​រៀបចំ។ បើ​គ្មាន​ការសង្ស័យ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ទើប​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​ខេត្ដ​បាន។​

លោក​ សឿម ប៊ុនរិទ្ធិ ​អភិបាល​រង​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ពីម្សិលមិញ​ដែរ​ថា ​រដ្ឋ​បាល​ខេត្ដ​បាត់​ដំបង​បាន​ធ្វើការរឹត​បន្តឹង​វិធានការ​ចេញ​ចូល​របស់​ពលករ ​តាម​ច្រក​ព្រំដែន​កម្ពុជា​-ថៃ​ តាំងពី​មានការ​ផ្ទុះការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩​ រហូត​មក​តាម​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​បាន​ដាក់ចេញ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ចូល​ក្នុង​សហគមន៍។

លោក​បាន​ថ្លែង​ថា​៖ «រដ្ឋ​បាល​ខេត្ដ​យើងបាន​រៀបចំ​កម្លាំង​ចម្រុះ​នៅ​តាម​ច្រក​ចេញ​ចូល​នានា​ ក្នុង​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-​ថៃ។​ កម្លាំង​ចម្រុះ​របស់​យើង​គឺ​ប្រចាំការ​ជាប់​ជា​ប្រចាំ​រហូត»។

លោក​ ប៊ុនរិទ្ធិ ​បញ្ជាក់ថា ​គ្រប់​ពលករ​ដែលចូល​មក​តាម​ច្រក​នានា​ពី​ប្រទេស​ថៃ​ មក​កាន់​ប្រទេស​កម្ពុជា ​ក្នុង​ភូមិសាស្រ្ដ​ខេត្ដ​បាត់ដំបង ​គឺ​ត្រូវ​តែ​យកមក​ធ្វើ​ចត្ដាឡីស័ក​ រយៈពេល​ ១៤ ថ្ងៃ​ជាមុន​សិន ​ទើប​ណែនាំ​ឱ្យ​ទៅ​បន្ត​តាម​ដាន​សុខភាព​នៅ​ផ្ទះ​របស់​ពលរដ្ឋ។

លោក​បន្ថែមថា ​ក្នុង​ខេត្ដ​បាត់ដំបង​បច្ចុប្បន្ន ​គឺមាន​ភាព​ធូរ​ស្បើយ​ចំពោះ​ចំនួន​ពលករ​ត្រឡប់​មក​តាម​ច្រក​ព្រំ​ដែន​ខេត្ដ។ ព្រោះ​ពលករ​បាន​ទៅចេញ​ចូល​តាម​ច្រក​ព្រំដែន​ខេត្ដ​បន្ទាយ​មាន​ជ័យ៕​