កំពង់ស្ពឺៈ បុរស​ជា​កម្មករ​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ម្នាក់​ត្រូវ​រ៉ូឡូ​កិន​នៅ​លើដងផ្លូវពេល​ដែលកំ​ពុង​ធ្វើ​ការងារ​​ កាលពី​ថ្ងៃទី ៧ ​មិថុនា​ ដែល​កើត​ហេតុ​នៅ​ភូមិ​ទួល​ព្រិច ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ​ខេត្ត​កំពង់ស្ពឺ និងបានស្លាប់ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ។​

លោក​ ​ជុន ​ចាន់​ដេ​ត ​អធិការ​ង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​រសៀល​ថ្ងៃទី៧​មិថុនា​ថា ​ជនរងគ្រោះ​ឈ្មោះ ​មួង ​សាមឿន​ ភេទ​ប្រុស ​អាយុ ៥៧ ​ឆ្នាំ ​រស់នៅ​ភូមិ​ជី​ម្រាក់ ឃុំ​កំពែង​ ស្រុក​គីរីវង់​ ខេត្ត​តាកែវ​ ជា​កម្មករ​ធ្វើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ខេត្ត​ព្រះសីហនុ។​

លោក​បន្តថា៖​ «ហេតុកា​រណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​ជនរងគ្រោះ​គាត់​ស្លាប់​នៅ​មន្ទីរពេទ្យ។​ ខាង​នគរបាល​ស្រុក​សំរោង​ទង​ខ្ញុំ​កំពុ​ង​ធ្វើការ​ងារ​នេះ​បន្តទៀត​ទាក់ទង​ផ្លូវ​ច្បាប់»។​

លោក​រៀបរាប់​ដោយ​យោង​សម្តី​សាក្សី​ដែលជា​កម្មករ​នៅ​កន្លែង​កើត​ហេតុ​ថា​នៅវេលា​ម៉ោង​​ ជាង​១០ព្រឹក​ថ្ងៃទី៧​មិថុនា​ ក្រុម​កម្មករ​បាន​កំពុង​ធ្វើ​ផ្លូវ​នៅលើ​កំណាត់​ផ្លូវ​ល្បឿន​លឿន​ដែល​ស្ថិតក្នុង​ភូមិ​ទួល​ព្រិច ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ​ខេត្ត​កំពង់ស្ពឺ។ ​

ខណៈ​នោះ​ជន​រងគ្រោះ​បាន​បំពេញ​ការងារ​ដូច​សព្វដង​ហើយ​ជន​រងគ្រោះ​បាន​អង្គុយ​នៅលើ​ថ្នល់​ដែល​កំពុង​ស្ថាបនា​ដែល​គេឃើញ​រ៉ូឡូ​នៅ​ចម្ងាយ​ពីក្រោយ​ជនរង​គ្រោះ​ប្រហែល​៣ទៅ​ ៤ ម៉ែត្រ​ប៉ុណ្ណោះ ​ដែល​គេ​បានឃើញ​បុរស​ម្នាក់​កំពុង​បញ្ជា​គ្រឿងចក្រ​នោះ (​រ៉ូឡូ)។ ​ប៉ុន្តែ​មិនដឹង​ជាយ៉ាង​ម៉េច​ស្រាប់តែ​រ៉ូឡូ ១​ គ្រឿង​នោះ​ទៅ​កិន​ជនរ​ង​គ្រោះ​ពី​ក្រោយ​បណ្តាល​ឱ្យ​បែក​ឈាម​របួស​ធ្ងន់​។​

លោក​បន្ថែមថា​ ភ្លាមៗ​នោះ​កម្មករ​ធ្វើ​ផ្លូវ​ក៏​ផ្អើល​ឆោឡោ​ទៅ​ជួយ​ជន​រងគ្រោះ​រីឯ​បុរស​អ្នក​បើក​រ៉ូឡូ​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ភ្លាមៗ​នៅ​ពេល​នោះដែរ។​ចំណែក​ជនរង​គ្រោះ​ត្រូវ​បាន​ក្រុម​កម្មករ​ និង​ខាង​អ្នក​ម៉ៅ​ការ​នៃ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​បាន​ចាត់ចែង​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ​តែ​ដោយ​សារ​របួសធ្ងន់​ពេក​ជន​រងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​ពេល​ដល់​មន្ទីរ​ពេទ្យ។​

លោក​ថ្លែង​ថា៖ ​«​តាម​ព័ត៌មាន​បឋម​ពី​មូលហេតុ​គ្រោះថ្នាក់​នេះ​ឃើញ​ថា ​រ៉ូ​ឡូ​នោះ​គឺ​ដាច់​ហ្វ្រាំង​រអិល​ទៅបុក​កិន​ជនរ​ង​គ្រោះ​»។​

លោក​បន្ត​ទៀត​ថា​ ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​នេះ គឺ​សមត្ថ​កិច្ច​រប​ស់​លោក​កំពុង​ទាក់ទង​ទៅខាង​មេការ​ធ្វើ​ផ្លូវ​ជា​ជនជាតិ​ចិន​​តាម​រយៈ​អ្នក​បក​ប្រែភាសា​ហើយ។​ ប៉ុន្តែ​លោក​មិនទាន់​បាន​ទទួល​ព័ត៌មាន​ពី​ខាង​មេការ​ធ្វើ​ផ្លូវ​នៅ​ឡើយ​ទេ​ ព្រោះ​អ្នក​បក​ប្រែ​ភាសា​ថា ​កំពុង​ទាក់​ទង​ជា​មួយ​មេការ​ធ្វើ​ផ្លូវ​ ដើម្បី​សម្រប​សម្រួល​ណា​មួយ​ពាក់ព័ន្ធ​បញ្ហា​គ្រោះ​ថ្នាក់​នេះ​។​

ចំណែក​លោក​ យ័ន ​សន ​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ ឃុំ​ត្រពាំង​គង ​បាន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ៧ ​មិថុនា​ដែរ​ថា ករណីនេះ​លោក​មិនបាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ​ទេ​ដោយ​លោក​ជាប់​យាម​ប្រចាំការ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ ប៉ុន្តែ​លោក​បាន​ចាត់​កម្លាំង​ឱ្យ​មន្ត្រី​របស់លោក​ចុះទៅ​ទីនោះ។ ​បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​ពី​មន្ត្រី​របស់​លោក​ប្រាប់​ថា​មូល​ហេតុ​គឺ​រ៉ូឡូ​នោះ​ដាច់​ហ្វ្រាំង​។​

លោក​ថា​៖​ «​សភាព​គ្រោះថ្នាក់​នេះ​ខ្ញុំ​មិនដឹង​ច្បាស់​ដែរ​តែ​តាមរយៈ​សាកសួរ​កម្មករ​នៅ​កន្លែង​កើតហេតុ​គេ​ប្រាប់​ថា​រ៉ូឡូ​ដាច់​ហ្វ្រាំង។​ចំពោះ​ពាក់ព័ន្ធ​ផ្លូវច្បាប់​យ៉ាងនោះ​ខ្ញុំ​មិន​ដឹង​ទេ​»​៕​