​ភ្នំពេញៈ ​អង្គការសហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ សហការ​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប និងរដ្ឋបាល​ជលផល​បានរៀបចំ​កិច្ចពិភាក្សា​តាម​អន​ឡាញ​លើ​ប្រធានបទ «​ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​អាហារ​តាមរយៈ​ភាពជា​ដៃគូ​» ដើម្បី​ធ្វើការ​រួមគ្នា​លើកកម្ពស់​សុវត្ថិភាព​អាហារ​នៅក្នុង​ប្រទេស​កម្ពុជា​។​

កិច្ចពិភាក្សា​នេះ​បានរៀបចំ​ឡើង​តាមរយៈ​គម្រោង​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជន​ផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន​ ​នៃ​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម លើ​ប្រធានបទ «​ការចូលរួម​លើកកម្ពស់​សុវត្ថិភាព​អាហារ​តាមរយៈ​ភាពជា​ដៃគូ​» រយៈពេល​៣ ស​ប្ដា​ហ៍​ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ៧ ខែ មិថុនា ២០២១​ នេះ​។

បើតាមអង្គការសហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ កិច្ចពិភាក្សា​នេះ បាន​ពិភាក្សា​លើ​តួនាទី​របស់​វិស័យ​ឯកជន និង​ស្ថាប័ន​សិក្សា​ស្រាវជ្រាវ​នៅតាម​បណ្តា​សកល​វិទ្យាល័យ​នានា​ក្នុងប្រទេស​កម្ពុជា ក្នុងការ​ចូលរួម​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ ដើម្បី​ធ្វើការ​រួមគ្នា​លើកកម្ពស់​សុវត្ថិភាព​អាហារ​នៅក្នុង​ប្រទេស​កម្ពុជា​ ផងដែរ​។​

លោក​ សេទ្ធីស៊ីថារ៉ាម៉ា ថូបាធូ ​ប្រធាន​ទីប្រឹក្សាបច្ចេកទេស​នៃ ​អង្គការសហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ បាន​ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ច​ពិ​ភក្សា​នេះ​ថា អង្គការនេះកំពុង​បង្កើត​វេទិកា​បច្ចេកវិទ្យា​ស្រាវជ្រាវ និងន​វា​នុ​វត្ដ ដោយ​សហការ​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​គ្រឹះស្ថានឧត្ដមសិក្សា និង​វិស័យ​ឯកជន​ដើម្បី​គាំទ្រ​ដល់​ការស្រាវជ្រាវ​ការបង្កើត​ថ្មី​សំដៅ​បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល និង​ការពង្រឹង​ធនធានមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​នៃ​វិស័យ កសិឧស្សាហកម្ម​ក្រោយ​ប្រមូល​ផល​។​

លោក​ថ្លែងថា​៖ «​តាមរយៈ​ការប្តេជ្ញាចិត្ត​ខ្ពស់​និង​ផែនការ​និរន្តរភាព​វេទិកា​នេះ ក៏​ជា​យន្តការ​រួមមួយ​ដ៏​ល្អ​សម្រាប់​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ប្រទេស​ដែរ​។​ការយល់ដឹង​អំពី​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​និង​គុណភាព​នៅតែមាន​កម្រិត​ទាប​នៅឡើយ​ក្នុងចំណោម​អ្នក​ផលិត​និង​អ្នកប្រើប្រាស់​ម្ហូបអាហារ​»​។​

លោកស្រី​ កាមីឡា ឡូបាត អនុប្រធានកិច្ចសហប្រតិបត្ដិការនៃ​សហ​ភាណ​ព​អ៊ឺរ៉ុប​ប្រចាំ​កម្ពុជា បានលើកឡើង​ក្នុង​កិច្ច​ពិ​ភក្សា​នេះដែរ​ថា​សហភាព​អឺរ៉ុប​ប្តេជ្ញា​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​កម្ពុជា​ ក្នុងការ​កែលម្អរ​សុវត្ថិភាព​ស្បៀងអាហារ​តាមរយៈ​បណ្តាញ​ផ្គត់ផ្គង់​ទាំងមូល​។​

លោកស្រី​ថ្លែងថា​៖ «​ការគាំទ្រ​បន្ថែមទៀត​ដល់​សុវត្ថិភាព​ចំណីអាហារ​ជាពិសេស​ប្រព័ន្ធ​ស្បៀងអាហារ​ប្រកបដោយ​ចីរភាព​ទាំងមូល ត្រូវបាន​រំពឹងថា​នឹង​ស្ថិតនៅក្រោម​កម្មវិធី​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​បន្ទាប់ ​រវាង​សហភាព​អឺរ៉ុប​និង​ប្រទេស​កម្ពុជា​សម្រាប់​រយៈពេល​ចាប់ពី​ឆ្នាំ ២០២១-២០២៧»​។​

លោក ថា​វរិ​ទ្ធ​ឈុន​ហៀ​ង អគ្គនាយករង​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ថ្លែង​ក្នុង​កិច្ច​ពិ​ភក្សា​នេះដែរ​ថា​៖ «​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា​បាន​ត្រៀមខ្លួន​និង​យកចិត្តទុកដាក់​ក្នុងការ​សហការគ្នា​ដោយ​ការនាំមក​នូវ​ជំនាញ​និង​ចំណេះដឹង​ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម ជាពិសេស​គឺ បញ្ហា​សុវត្ថិភាព​អាហារ និង​បញ្ហា​ផ្សេងទៀត​»​។

អង្គការសហប្រជាជាតិ ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​បានឱ្យដឹងថា កិច្ច​ពិ​ភក្សា​នេះ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​រយៈពេល ​៣​ សប្តាហ៍ ដែល​ត្រូវបាន​រៀបចំឡើង ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នៅក្នុង​ប្រទេស​កម្ពុជា​ និង​កំណត់​សម្រាប់​អន្តរាគមន៍​នាពេលអនាគត​។​

កិច្ចពិភាក្សា​ក្រុម​នេះ​ត្រូវបាន​បង្កើតឡើង​ក្រោម​ទិដ្ឋភាព​សុវត្ថិភាព​ម្ហូបអាហារ​ដែលជា​ការទទួល​ខុសត្រូវ​រួមគ្នា​របស់​គ្រប់ភាគី​។​ ការកសាង​ភាពជា​ដៃគូ​រឹងមាំ រួម​ជាមួយនឹង​យន្តការ​ដ៏​រឹងមាំ​នៅ​ទូទាំង​វិស័យ​អប់រំ​វិស័យ​សាធារណៈ​និង​ឯកជន​គឺ​ចាំបាច់​ណាស់​។​ភាពជា​ដៃគូ​នេះ​នឹង​បង្កើត​ភាព​យូរ​ក្នុង​ការធានា​សុខភាព​និង​សុខុមាលភាព​របស់​ប្រជាជន​គ្រប់គ្នា​។

ដូច្នេះ​តាមរយៈ​កិច្ច​ពិ​ភក្សា​នេះ​បាន​ឯកភាព​ថា​នឹង​ចែករំលែក​បទពិសោធន៍​ការស្វែងយល់​ពី​បញ្ហា​និង​ការកំណត់​ដំណោះស្រាយ​និង​ការកសាង​ភាពជា​ដៃគូ​គឺជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការជំរុញ​ការច្នៃប្រឌិត​នៅក្នុង​វិស័យ​ម្ហូបអាហារ​ដែល​គាំទ្រ​ដល់​វិស័យ​ឯកជន​។ កិច្ច​ពិ​ភក្សា​បាន​ឯកភាព​កៀរគរ​ធនធាន​ចាំបាច់​ដើម្បី​ទ្រទ្រង់​ភាពជា​ដៃគូ​បែបនេះ​សម្រាប់​ជា​គន្លឹះ​ក្នុង​ការរក​ដំណោះស្រាយ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ​រយៈពេល​វែង​៕