ភ្នំពេញៈ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​) បាន​ឲ្យ​ដឹងថា អង្គការ APOPO ប្រចាំ​តំបន់​បាន​ស្នើសុំ​ជាវ​សុនខ​មួយចំនួន​បន្ថែមទៀត​ពី​ស៊ីម៉ាក់ ដើម្បី​យក​ទៅ​បម្រើ​ប្រតិបតិ្តការ​ដោះមីន​នៅក្នុង​ប្រទេស​មួយចំនួន​។

ការស្នើ​ឡើង​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៧ ​មិថុនា ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក Michael Heiman ប្រធាន​អង្គការ APOPO ប្រចាំ​តំបន់​ និង​នៅ​កម្ពុជា ជាមួយ​ស៊ីម៉ាក់​លើ​កិច្ចសហប្រតិបតិ្តការ​របស់​ស្ថាប័ន​ទាំង​ ២ ក្នុង​ការអនុវត្ត​បច្ចេកទេស បោសសម្អាត​មីន​ដោយ​សត្វ​កណ្តុរ និង​ការស្រាវជ្រាវ​បច្ចេកទេស​ដោយ​សុនខ​។

លោក ហេង រតនា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ថា​៖ «​សុនខ​ដែល​បាន​បញ្ជូន​ពី​អង្គភាព​ស៊ីម៉ាក់​ទៅ​បម្រើការ​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង ប្រទេស​អង់ហ្គោឡា និង​ប្រទេស​តួកគី​នោះ គឺ​បាន​បំពេញ​ប្រតិបតិ្តការ​យ៉ាង​ល្អ​ប្រសើរ ហើយ​ខាង​អង្គការ APOPO បាន​ស្នើសុំ​ជាវ​សុនខ​មួយចំនួន​បន្ថែម​ទៀត​ពី​ស៊ីម៉ាក់ ដើម្បី​យក​ទៅ​ប្រតិបតិ្តការ​នៅ​ប្រទេស​មួយចំនួន​ផ្សេងទៀត​»​។

បន្ថែម​ពីនេះ​អង្គការ APOPO ក៏​បាន​បញ្ជាក់​ពី​លទ្ធភាព​ក្នុង​ការទទួល​ជំនួយ​ពី​ប្រទេស​បែលហ្ស៊ិក ដើម្បី​គាំទ្រ​កិច្ចប្រតិបតិ្តការ​របស់​អង្គភាព​ស៊ីម៉ាក់​ក្នុង​រយ:ពេល​ ៥ ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ២០២២ ដល់ ឆ្នាំ​ ២០២៦ ដោយ​ផ្តោត​គោលដៅ​សំខាន់​លើ​គម្រោង​បន្ត​អនុវត្ត​កម្ចាត់​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​ខេត្ត​ព្រះវិហារ​ជាពិសេស​តំបន់​ប្រាសាទព្រះវិហារ​។

បច្ចុប្បន្ននេះ អង្គភាព​ស៊ីម៉ាក់ និង APOPO បាន​សហការ​ប្រើប្រាស់​កណ្តុរ​ចំនួន​ ៥៧ ​ក្បាល​ សម្រាប់​បម្រើ​ឲ្យ​ប្រតិ្តបត្តិការ​បោសសម្អាត​មីន ដែល​ក្នុងនោះ​កំពុង​ប្រតិបតិ្តការ​ចំនួន​ ៣៤ ​ក្បាល​ ដាក់ចូល​និវត្តន៍​ ៥ ​ក្បាល​ និង​កំពុង​ហ្វឹកហ្វឺន​ចំនួន​ ១៨ ​ក្បាល​។

លោក ហេង រតនា បញ្ជាក់​ថា ទាំង​កណ្តុរ និង​សុនខ គឺ​សុទ្ធតែ​បាន​ចូលរួម​ក្នុងការ​ពន្លឿន​នៃ​ការរុករក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ក្រោម​ដី មិន​ថា​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​កម្ពុជា ឬ​ពិភពលោក​នោះទេ​ស្រប​ពេល​ដែល​ឧបករណ៍​អេឡិចត្រូនិក​ទំនើប​មិន​អាច​រុករក​ឃើញ​នូវ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មួយចំនួន ដែល​ស្ថិតនៅក្រោម​ដី​។

គម្រោង​អង្គការ APOPO នៅ​កម្ពុជា​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០១៦ ហើយ​បច្ចុប្បន្ន​គម្រោង​នេះ​បាន​បោសសម្អាត​ផ្ទៃដី​មាន​មីន​បាន​ច្រើន​ទៅៗ​ជា​រៀងរាល់​ឆ្នាំ​ធំ​ជាង​គម្រោង​នៅ​ប្រទេស​មួយចំនួន​។ នេះ​បើតាម​អង្គការ APOPO៕