
សត្វស្លាបកម្រដែលមាននៅឧទ្យានតេជោសែនឫស្សីត្រឹប។ រូបថត ឧទ្យានឫស្សីត្រឹប
ព្រះវិហារៈ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាកំពុងចងក្រងសៀវភៅ «វត្តមានសត្វស្លាបក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប» បន្ទាប់ពីបានរកឃើញមានសត្វស្លាបជាង ១២០ ប្រភេទ ដែលក្នុងនោះមានសត្វស្លាបមួយចំនួនជាប្រភេទកម្រ និងមិនទាន់មានឈ្មោះក្នុងបញ្ជីសត្វស្លាបកម្ពុជា និងពិភពលោកនៅឡើយ។
លោក ស្រី សីហា មន្ត្រីគ្រប់គ្រងរដ្ឋបាលនៃរាជបណ្ឌិត្យសភាកម្ពុជាឱ្យដឹងកាលពីម្សិលមិញថា ក្រុមការងារឧទ្យានបានសហការជាមួយក្រុមការងារថតរូបសត្វស្លាបចុះថតរូប និងប្រមូលទិន្នន័យសម្រាប់ចងក្រងឯកសារស្តីពីវត្តមានសត្វស្លាបក្នុងឧទ្យាន ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការចូលរួមអភិរក្សសត្វព្រៃ និងជម្រករបស់វា។
លោកថា បេសកកម្មជំហានដំបូង ក្រុមការងារប្រមូលបានសត្វស្លាបមានចំនួនជាង ១២០ ប្រភេទ ដែលពេលនេះក្រុមការងារថតរូប និងអ្នកជំនាញសត្វស្លាបកំពុងស្រង់ទិន្នន័យសត្វ និងកំណត់ចំណាត់ថា្នក់ទៅតាមប្រភេទរបស់វា។
លោកថ្លែងថា៖ «យើងកំពុងតែចងក្រងទិន្នន័យគោលមានន័យថា ស្រង់ប្រភពសត្វស្លាបប្រភេទសត្វ ភូមិសាស្ត្ររបស់សត្វ និងជីវសាស្ត្ររបស់វា ដើម្បីចងក្រងជាឯកសារមួយសម្រាប់បោះពុម្ពជាការស្វែងយល់ និងការផ្សព្វផ្សាយជំរុញឱ្យមានការអភិរក្សនៅតំបន់នោះ»។
បើតាមលោក សីហា ការចុះទៅថតរូបសត្វស្លាបក្នុងតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន។
ក្នុងចំណោមសត្វស្លាបដែលថតបាន មានសត្វស្លាបប្រមាណ ១០ ទៅ ២០ ប្រភេទដែលមិនទាន់ស្គាល់ឈ្មោះ និងមិនមានឈ្មោះក្នុងបញ្ជីសត្វស្លាបកម្ពុជា និងពិភពលោក។ ចំពោះការផ្សព្វផ្សាយ ក្រុមការងារនឹងពិភាក្សាគ្នាបន្តទៀត ដោយក្នុងនោះអាចនឹងមានការផ្សព្វផ្សាយតាមរយៈទូរទស្សន៍ ឬសារព័ត៌មានផ្សេងៗ។
លោកថ្លែងថា៖ «ជំហានដំបូងបំផុត ខ្ញុំគិតថាអាចនឹងផ្សព្វផ្សាយទៅដល់សហគមន៍ដើម្បីឱ្យពលរដ្ឋបានយល់ពីគុណតម្លៃនៃសត្វស្លាបទាំងអស់ហ្នឹង ដើម្បីឱ្យគាត់ចូលរួមថែរក្សា និងអភិរក្ស»។
លោក សីហា បានបញ្ជាក់ថា សៀវភៅសត្វស្លាបថ្មីនេះ មានកម្រាស់ប្រមាណជិត ៣០០ ទំព័រ ដែលមានជាលក្ខណៈរូបភាព អត្ថបទ និងឈ្មោះរបស់សត្វ ទម្រង់ជីវសាស្ត្ររបស់សត្វ ការបំផ្លាស់ទី និងលក្ខខណ្ឌផ្សេងទៀតទាក់ទងនឹងសត្វស្លាប។
លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការ BirdLife International ប្រចាំកម្ពុជា ថ្លែងថា ដើម្បីឱ្យការអភិរក្ស និងរៀបចំផែនការគ្រប់គ្រងមានប្រសិទ្ធភាពទាមទារការចូលរួមពីអ្នកជំនាញឱ្យបានច្រើន ព្រោះផ្នែកសត្វស្លាប និងរុក្ខជាតិមានអ្នកជំនាញផ្សេងៗគ្នា។
ការចងក្រងស្រាវជ្រាវអំពីវត្តមាននៃសត្វស្លាបនៅទីតាំងនោះគឺត្រូវការអ្នកជំនាញដែលអាចដឹងពីស្ថានភាពរបស់ប្រភេទសត្វនីមួយៗ ដែលជិតផុតពូជ ងាយរងគ្រោះ ឬប្រភេទកំពុងរងគ្រោះជាដើម។
លោកថ្លែងថា៖ «ការធ្វើរបស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការចងក្រងឯកសារសត្វស្លាបជារឿងត្រឹមត្រូវ និងគួរតែធ្វើ ប៉ុន្តែធ្វើយ៉ាងម៉េចត្រូវមានការចូលរួមឱ្យបានច្រើនពីអ្នកជំនាញ។ បើនិយាយពីរុក្ខជាតិ និងសត្វស្លាប វាមានអ្នកជំនាញផ្សេងៗគ្នា មិនមែនឱ្យតែអ្នកចេះខាងរុក្ខជាតិ ចេះសត្វស្លាបដែរទេ។ អ៊ីចឹង បើថាគាត់កំពុងចងក្រងពីសត្វស្លាបហ្នឹង គួរតែមានអ្នកជំនាញសត្វស្លាបចូលរួមក្នុងការស្រាវជ្រាវហ្នឹង»។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស្រី សីហា បានអះអាងថា រាជបណ្ឌិត្យសភាកម្ពុជាមានអ្នកជំនាញគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ និងបែងចែកប្រភេទសត្វដែលមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប៕
វីដេអូ៖