ភ្នំពេញៈ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​​នៃ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​អះអាងថា កម្ពុជា​នៅតែ​អាច​គ្រប់គ្រង​បាន​នូវ​ជំងឺ​ដុំពក គោក្របី ដោយ​មិន​បណ្តាល​ឱ្យ​មាន​ការឆ្លង​រីករាលដាល​ចូលក្នុង​ប្រទេស​នោះ​​ទេ ប៉ុន្តែ​បន្ត​ជំរុញ​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​បន្ថែមទៀត​។

លោក តាន់ ផាន់ណារ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​អះអាង​កាលពី​ម្សិលមិញ​ថា កម្ពុជា​នៅ​អាច​បន្ត​គ្រប់គ្រង​ការឆ្លង​រីករាលដាល​ជំងឺ​នេះ​មិនឱ្យ​ចូលក្នុង​​ប្រទេស​។ ​ការការពារ​បាន​នេះ​ក៏​ព្រោះតែ​កម្ពុជា​បានដាក់​ចេញ​​វិធានការ​តាម​ព្រំដែន​ជា​បន្តបន្ទាប់​ដោយ​តម្រូវឱ្យ​អាជ្ញាធរ ទប់ស្កាត់ និង​ហាមឃាត់​ការនាំ​សត្វ គោ ក្របី ចូល​ប្រទេស​ដោយ​គ្មាន​ការអនុញ្ញាត​។

លោក​បន្តថា បន្ថែម​ពីនេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏បាន​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ និង​ជាប្រចាំ​លើ​សុខភាព​សត្វ​គោ ក្របី​នៅ​ទូទាំង​ប្រទេស និង​តម្រូវឱ្យ​អនុវត្ត​វិធានការ​សុវត្ថិភាព អនាម័យ គ្រប់កន្លែង​ចិញ្ចឹមសត្វ​កន្លែង​​ប្រមូលផ្តុំ និង​ទីផ្សារ​ផងដែរ​។

លោក តាន់ ផាន់ណារ៉ា បាន​បញ្ជាក់ថា​៖ «​ចំពោះ​ជំងឺ​ដុំ​ពក គឺ​យើង​គ្រប់គ្រង​បាន មិនទាន់​មាន​ការរាតត្បាត​នៅក្នុង​ប្រទេស​អី​ទេ​។ ចំពោះ​ការនាំ​ចូល​វ៉ាក់សាំង​ (​ការពារ​ជំងឺ​ដុំពក​នេះ​) ក៏​មិនទាន់​នាំចូល​អី​ដែរ ព្រោះ​យើង​កំពុង​ស្ថិត​ក្នុង​ការពិចារណា​ដដែល ដោយសារ​តែ​យើង​មិនមាន​អ្វី​ត្រូវ​ប្រញាប់ នាំចូល​យក​មក​ចាក់​នោះដែរ​»​។

បើទោះជា​បែបនេះ​ក្ដី លោក តាន់ ផាន់ណារ៉ា នៅតែ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ពលរដ្ឋ​បន្ត​ការទប់ស្កាត់ និង​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​ដុំ​ពក​ស្បែក​គោក្របី​នេះ ព្រោះ​បើ​ក្នុង​ករណី​ដែល​អាច​ផ្ទុះឡើង​នៅក្នុង​ប្រទេស និង​បង្កឱ្យ​មាន​ការខាតបង់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ​។

បើតាម​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ជំងឺ​ដុំពក​ស្បែក​គោក្របី គឺ​មាន​លេចចេញ​នូវ​រោគសញ្ញា​មាន​លក្ខណៈ​ដុំ​ពក​តូចៗ ឬ​ធំ​ទៅ​​តាម​ស្ថានភាព​នៃ​ជំងឺ​ដែល​គេ​រកឃើញ​នៅលើ​ស្បែក​នៃ​ដងខ្លួន​​សត្វ កញ្ចឹងក ច្រមុះ ក្រអូម​មាត់ ប្រដាប់ភេទ កន្សោមដោះ និង​កម្ដៅ​ខ្លួន​អាច​ឡើងដល់​ ៤១ ​អង្សាសេ​។

ដុំពក​នេះ​អាច​បង្ក​ទៅជា​ក្រមរ ហើយ​អាច​បង្ក​ទៅជា​ដំបៅ​ចំពោះ​សត្វឈ្មោល​អាច​បាត់បង់​សមត្ថភាព​បង្ក​កំណើត និង​មេ​ផើម​អាច​រលូត​កូន ខណៈ​មេរោគ​នេះ​អាច​ឆ្លង​ពី​សត្វ​ ១ ​ទៅ​សត្វ​ ១ ​តាម​ការប៉ះពាល់​ផ្ទាល់ ឬ​ពី​សត្វ​ទៅ​សត្វ ដោយ​ប្រយោល​តាម​ភ្នាក់ងារ​ចម្លង​ផ្សេង​។ នេះ​បើតាម​សេចក្តី​​ណែនាំ​របស់​ក្រសួង​កសិកម្ម​។

ជំងឺ​ដុំពក​គោក្របី​បង្កឡើង​ដោយ​វីរុស​ក្នុង​ក្រុម Poxviridae នៃ​ប្រភេទ Capripoxvirus ដែល​បាន​ផ្ទុះ​ឡើង​ជា​លើកដំបូង​នៅ​ប្រទេស​ហ្សំប៊ី​កាលពី​​ឆ្នាំ​ ១៩២៩ ហើយ​បាន​ឆ្លង​ពាសពេញ​ពិភពលោក​ក្នុង​នោះ​​មាន​ទ្វីប​អាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុប​ប៉ែក​អាគ្នេយ៍ អាស៊ី​កណ្ដាល អាស៊ី​ខាងត្បូង និង​ប្រទេស​ចិន ដែល​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គ្រួសារ​កសិករ​ចិញ្ចឹមសត្វ និង​សេដ្ឋកិច្ច​ជាតិ​។ នេះ​បើយោង​តាម​របាយការណ៍​របស់​​ក្រសួង​កសិកម្ម រុក្ខប្រមាញ់​​ និង​នេសាទ​។

ចាប់តាំងពី​ខែសីហា ឆ្នាំ​ ២០១៩ ​ដល់​ខែមិថុនា ឆ្នាំ​ ២០២០ ជំងឺ​នេះ​ត្រូវបាន​រកឃើញថា បាន​ឆ្លង​រីករាលដាល​នៅ​ប្រទេស​ចិន និង​ឆ្លង​ចូល​ប្រទេស​វៀតណាម ​ចាប់ពី​តាំងពី​ថ្ងៃទី​ ៥ ខែ តុលា ឆ្នាំ​ ២០២០ ដល់​ថ្ងៃ​​ទី​ ៦ ធ្នូ ឆ្នាំ​ ២០២០ នៅ​ទីតាំង​ចំនួន​ ២០ ​កន្លែង នៅ​ភាគខាងជើង និង​ភាគ​កណ្ដាល​។

ចំណែក​ថ្មីៗ​នេះ តាម​របាយការណ៍​ក្រសួងកសិកម្ម​កាលពី​​ដើមខែ​មុន​ជំងឺ​នេះ ក៏​ត្រូវបាន​រាយការណ៍​ថា បាន​ផ្ទុះ​នៅ​ប្រទេស​ថៃ​ ក្នុង​ខេត្ត-ក្រុង​ចំនួន​ ១៧ ក្នុងនោះ មាន​ខេត្ត​ចំនួន​ ៤ ​ជាប់​ព្រំប្រទល់​នឹង​កម្ពុជា​ដូចជា​ខេត្ត​សុរិន្ទ និង​ខេត្ត​ប៊ូរីរ៉ាំ​ជាដើម​៕