ភ្នំពេញៈ ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​ ២០២១ ក្រុម​បង្ក្រាប​បទល្មើស​សត្វព្រៃ​បន្ទាន់​ (WRRT) ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​ (Wildlife Alliance Cambodia) ​បាន​រឹបអូស​សត្វ​អណ្តើក និង​កន្ធាយ​ចំនួន​ ៧៩ ​ក្បាល​ពី​ការជួញដូរ​ខុសច្បាប់ ក្នុង​នោះ​មាន​សត្វ​អណ្តើក​រស់​ចំនួន​ ៣៤ ​ក្បាល​។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​បាន​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃទី​ ៥ ខែមិថុនា​ថា​៖ «​ភាគច្រើន​នៃ​​សត្វ​អណ្តើក​ទាំងនោះ​ត្រូវបាន​​ធ្វើការ​ដោះលែង​ចូល​ទៅក្នុង​ទីជម្រក​សមស្រប ឬ​ត្រូវបាន​បន្ថែម​ទៅក្នុង​កម្មវិធី​បង្កាត់​ពូជ​ ដើម្បី​ជួយ​ដល់​ការស្តារ​ចំនួន​សត្វ​ឡើងវិញ ដោយ​មន្ត្រី​រដ្ឋបាល​ជលផល​របស់​ WRRT»​។

ជាមួយ​គ្នា​នេះ​អង្គការ​នេះ​បាន​អំពាវនាវ​ដល់​សាធារណជន​ ប្រសិន​បើ​ប្រទះឃើញ​សត្វព្រៃ​ត្រូវ​បាន​គេ​ដាក់លក់ ឬ​រក្សា​ទុកជា​សត្វចិញ្ចឹម​ដោយ​រួមទាំង​សត្វ​អណ្តើក​​សូម​ហៅ​ទូរស័ព្ទ​ទៅ​ក្រុម​បង្ក្រាប​បទល្មើស​សត្វព្រៃ​បន្ទាន់ តាមរយៈ​លេខ​ទូរស័ព្ទ​ប្រចាំការ​ ០១២ ៥០០ ០៩៤​។

លោក​ DarianThackwell ​ទីប្រឹក្សាបច្ចេកទេស​នៃ​ក្រុម​ WRRT ​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ថា ​សត្វ​អណ្តើក​ទាំងនោះ​ត្រូវ​បាន​ក្រុម WRRT ជួយសង្គ្រោះ ដោយ​សហការ​រវាង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ កងរាជ​អាវុធហត្ថ រដ្ឋបាល​ព្រៃឈើ និង​រដ្ឋបាល​ជលផល​។ ក្រុម​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០១ ហើយ​ចាប់តាំងពី​ពេលនោះ​មក​បាន​ជួយសង្គ្រោះ​សត្វព្រៃ​រស់​បាន​ជិត ៨០ ០០០ ​ក្បាល​មកហើយ​។

លោក​បាន​បន្តថា​៖ «​សត្វ​អណ្តើក​ និង​កន្ធាយ​ចំនួន​ ៧៩ ​ក្បាល ​ដែល​រឹបអូស​បាន​ដោយ​ WRRT ដែល​ក្នុងនោះ​មាន​ ៣៤ ​ក្បាល​ នៅ​មាន​ជីវិត​នោះ​គឺ​ចាប់ពី​ខែមករា ដល់​ខែឧសភា​ឆ្នាំ​ ២០២១»​។ «​សត្វ​អណ្តើក​ទាំងនោះ​ត្រូវបាន​ជួយសង្គ្រោះ​ជា​ចម្បង​ក្នុង​អំឡុងពេល​ឆ្មក់​ចូល​ភោជនីយដ្ឋាន ផ្សារ និង​ឈ្មួញ​។ ​វា​ត្រូវបាន​ឈ្មួញ​ជួញដូរ​សត្វព្រៃ​យកទៅ​ធ្វើជា​ចំណីអាហារ​ ឬ​ប្រើប្រាស់​ជា​ឱសថ​បុរាណ​នៅតាម​ភោជនីយដ្ឋាន និង​ផ្សារ​»​។

លោក​ Darian បាន​ថ្លែងថា ក្នុង​ការទប់ស្កាត់​សត្វ​អណ្តើក​​ពី​ការប្រមាញ់ និង​ជួញដូរ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​អនុវត្ត​គម្រោង​អប់រំ​មួយ​ដែលមាន​ឈ្មោះថា «​គោព្រៃ​ (Kouprey Express)» ​ដែល​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​សាលារៀន និង​សហគមន៍​ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ច្បាប់​ស្តីពី​ប្រភេទ​សត្វ​ដែល​ត្រូវ​បាន​ការពារ និង​ហានិភ័យ​ខ្ពស់​នៃ​ការផុត​ពូជ​នៃ​សត្វ​ទាំងនោះ​។

លោក​បន្តទៀតថា ដើម្បី​ការពារ​សត្វ​អណ្តើក​ដោយផ្ទាល់ ក្រុម WRRT បាន​វាយឆ្មក់​ទីផ្សារ​ភោជនីយដ្ឋាន និង​ឈ្មួញ​ និង​អនុវត្ត​ការដាក់​ទណ្ឌកម្ម​តាមផ្លូវ​ច្បាប់​យ៉ាង​ខ្លាំងក្លា​ចំពោះ​អ្នកប្រមាញ់ និង​ឈ្មួញ​។

មន្ត្រី​ឧទ្យានុរក្ស​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​បាន​ការពារ​​តំបន់​ជួរ​ភ្នំក្រវាញ​ដែលជា​ជម្រក​របស់​សត្វ​អណ្តើក​ជាច្រើន​ប្រភេទ រួមទាំង​អណ្តើក​ហ្លួង​ផងដែរ ដែលជា​សត្វ​ជាតិ​របស់​ប្រទេស​កម្ពុជា​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៦ ខែមិថុនា​ថា ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​បង្ក្រាប​បទល្មើស​ជួញដូរ​សត្វព្រៃ​ទាំង​ក្នុងប្រទេស និង​ឆ្លងដែន​។

ក្នុង​សមត្ថកិច្ច​ជា​អ្នកគ្រប់គ្រង និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវចម្រុះ​លើ​ផ្ទៃដី​ ៧,៣ ​លាន​ហិកតា មន្ត្រី​​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន​ដែល​ជា​មន្ត្រីនគរបាល​យុត្តិធម៌​បាន​អនុវត្ត​ច្បាប់​ចំពោះ​បទល្មើស​ជួញដូរ​សត្វព្រៃ ដោយ​ក្នុង​នោះ​មាន​ការបង្កើត​ក្រុមការងារ​អនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​សត្វព្រៃ​ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​។

លោក​ថ្លែងថា​៖ «​សត្វព្រៃ​ជាច្រើន​ពាន់​ក្បាល​ត្រូវ​បាន​ជួយសង្គ្រោះ​ជីវិត និង​ត្រូវបាន​ថែទាំ​សុខភាព​សម្រាប់​ប្រភេទ​សត្វ​ដែល​មាន​បញ្ហា​សុខភាព​ទន់ខ្សោយ និង​ចំពោះ​សត្វ​មួយចំនួន​ត្រូវបាន​យកទៅ​លែង​​ក្នុង​ព្រៃ​ធម្មជាតិ​។ នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ការពារ និង​អភិរក្ស​ជីវចម្រុះ​សត្វព្រៃ​»​។

លោក ភក្ត្រា បន្តថា ក្នុង​កិច្ចខិតខំ​សង្គ្រោះ​សត្វព្រៃ​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​ប្រជាសហគមន៍ តំបន់​ការពារ​ធម្មជាតិ និង​អង្គការ​ដៃគូ​ដោះ​អន្ទាក់​ចេញពី​តំបន់​ការពារ​ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​​ និង​លើកឡើងថា គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវធ្វើ​ការងារ​រួមគ្នា​ ដើម្បី​លុបបំបាត់​ការជួញដូរ​ខុសច្បាប់​នេះ​។ កម្ពុជា​បាន​​រៀបចំ​យន្តការ​ក៏ដូចជា មាន​​ច្បាប់ និង​អនុវត្ត​ជាប្រចាំ​ ដើម្បី​បង្ការ​ទប់ស្កាត់ និង​ប្រឆាំង​​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ ហើយ​បាន​បង្ក្រាប​លើ​បទល្មើស​ជាច្រើន ហើយ​រំដោះ​សត្វព្រៃ​ជាច្រើន​ពី​ក្រញាំដៃ​​នៃ​ក្រុម​ជនល្មើស​ព្រមទាំង​បាន​ចាប់ខ្លួន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ក៏ដូចជា ការផាកពិន័យ​ជា​ប្រាក់​ជាដើម​»​។

លោក ភក្ត្រា ថ្លែងថា នៅក្នុង​រយៈពេល​ ១៥ ​ខែ​មកនេះ ពី​ខែមករា​ឆ្នាំ​ ២០២០ ​ដល់​ខែមីនា ឆ្នាំ​ ២០២១ អន្ទាក់​ប្រមាណ ៧០ ០០០ ត្រូវបាន​ដោះចេញ​ពី​តំបន់​អភិរក្ស​ជួយសង្គ្រោះ​សត្វព្រៃ​ជាច្រើន​ពី​ការជាប់​អន្ទាក់​ងាប់​។ លោក​ថា អន្ទាក់​គឺជា​ឃាតករ​លាក់​មុខ​ដែល​បន្ត​សម្លាប់​សត្វព្រៃ​កម្ពុជា ហើយ​អន្ទាក់​ដែល​គ្រោះថ្នាក់​ជាងគេ​ផលិត​ចុងក្រោយ​គឺ​អន្ទាក់​ឆក់​ចរន្តអគ្គិសនី​។

លោក សួន សុវណ្ណ អ្នកនាំពាក្យ​រដ្ឋបាល​ព្រៃឈើ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បាន​ទេ​កាលពី​ថ្ងៃទី​ ៧ ខែមិថុនា​៕