ព្រះសីហនុៈ លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវជាតិ​លេខ ១៤៦B និង​ផ្លូវជាតិ​លេខ​ ១៤៨ ខេត្ត​ព្រះសីហនុ ដោយ​លោក​ណែនាំ​ដល់​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ​ទាំងអស់​ឱ្យ​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​គុណភាព​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃទី ៧ មិថុនា បាន​ឱ្យ​ដឹងថា ការដឹកនាំ​មន្ត្រី​ក្រសួង​ចុះ​ត្រួតពិនិត្យ​នេះ​បាន​ធ្វើ​ឡើង ដើម្បី​តាមដាន​ការងារ​បច្ចេកទេស​សាងសង់​របស់​ក្រុមហ៊ុន​សំដៅ​ឱ្យ​ការសាងសង់​ប្រព្រឹត្ត​ទៅ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​កិច្ចសន្យា​សាងសង់ ដោយ​ធានា​ឱ្យ​ផ្លូវ​នេះ​មាន​គុណភាព​រឹងមាំ​អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ចុះ​ពិនិត្យ​ម៉ាស៊ីន​លាយ​បេតុង​ស៊ីម៉ងត៍​ស្វ័យប្រវត្តិ​ដែល​អាច​សាងសង់​បាន​ប្រវែង ៥០០ ​ម៉ែត្រ​ ក្នុង ១ ​ថ្ងៃ និង​កម្រាស់ ២៦ ​សង់ទីម៉ែត្រ និង​ពិនិត្យ​ម៉ាស៊ីន​តេស្ត​គុណភាព​ទ្រនាប់​ផ្លូវ​ផ្នែក​ខាងក្រោម​ ( Bases Course)​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ​ត្រង់ចំណុច​ប្រសព្វ​ផ្លូវ ១៤៦B»​។

ក្នុង​ឱកាស​នោះដែរ​លោក ស៊ុន ចាន់ថុល ក៏បាន​ធ្វើការ​ណែនាំ​ទៅដល់​ក្រុមហ៊ុន​សាងសង់ និង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យ​ធ្វើ​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​គុណភាព​នៃ​ការស្ថាបនា​ផ្លូវ ខណៈ​លោក​ក៏បាន​រំឭក​ដល់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើកបរ​លើស​ល្បឿន ឬ​ដឹក​លើស​ទម្ងន់ ដែល​ជា​កត្តា​បង្ក​ឱ្យមាន​ការខូចខាត​ផ្លូវ​មុន​អាយុកាល ការគ្រោះថ្នាក់​ចរាចរណ៍​នាំ​ឱ្យ​បាត់បង់​អាយុជីវិត និង​បាត់បង់​ថវិកាជាតិ​ផងដែរ​។

ផ្លូវជាតិ​លេខ​ ១៤៦B ចាប់ផ្តើម​ពី​ចំណុចប្រសព្វ​លើផ្លូវ​ជាតិ​លេខ​ ៤ (​ត្រង់​គីឡូម៉ែត្រ ១៧៨ +១៦៥) រួច​ឆ្លងកាត់​លើផ្លូវ​ខេត្ត​លេខ​ ១៤៨ បញ្ចប់​ក្នុង​ចំណុច​ប្រសព្វ​លើផ្លូវ​ជាតិ​លេខ​ ៤ (​ត្រង់​គីឡូម៉ែត្រ ២២៥+៥៥០) គឺមាន​ប្រវែង​សរុប​ ៤៣,០២៥ ​គីឡូម៉ែត្រ ហើយ​បាន​ចុះកិច្ចសន្យា​សាងសង់​កាលពី​ថ្ងៃទី​ ១០ ខែ មីនា ឆ្នាំ​ ២០២០ ដែល​ចាប់ផ្តើម​សាងសង់​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​ ២០២០ និង​គ្រោង​បញ្ចប់​នៅក្នុង​ខែសីហា ឆ្នាំ​ ២០២២​។

គម្រោង​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពានថ្នល់​ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោម​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​ក្របខ័ណ្ឌ​ប្រើប្រាស់​កញ្ចប់​ថវិកា​សន្សំ​របស់​ជាតិ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

កាលពី​ចុង​សប្តាហ៍​មុន​លោក ស៊ុន ចាន់ថុល បាន​សម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដេញថ្លៃ​ធ្វើ​ផ្លូវជាតិ​លេខ​ ៣ ពី​កំពត ទៅ​វាលរេញ (​ប្រវែង​ប្រហែល​ ៥៤ ​គីឡូម៉ែត្រ​) ​បន្ទាប់ពី​លោក​បាន​ចុះ​ត្រួតពិនិត្យ​គម្រោង​នេះ ដោយ​រកឃើញថា ក្រុមហ៊ុន​ខ្វះ​បច្ចេកទេស​ក្នុង​ការស្តារ​ផ្លូវ​ឱ្យ​រឹងមាំ​។

លោក​ គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​បាន​លើកឡើងថា ការចុះ​ពិនិត្យ​ផ្លូវ​ដែល​កំពុង​សាងសង់​តាមរយៈ​ផែនការ​ជាក់លាក់​ក្នុងការ​ចុះ​ដោយ​មិនចាំបាច់​ប្រាប់​ក្រុម​ម៉ៅការ​សាងសង់​ផ្លូវ​ទុក​ជាមុន​ (Spot-check) ​គឺជា​ជំហាន​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​ផ្លូវថ្នល់​។

បន្ថែម​ពីនេះ លោក​បញ្ជាក់ថា ​ការចុះ​ត្រួតពិនិត្យ​នេះ​ក៏​ផ្អែកលើ​ដំណាក់កាល​សាងសង់​យ៉ាង​ហ្មត់ចត់ ឧទាហរណ៍​ពេល​កំពុង​រៀបចំ​ស្រទាប់ដី​សម្រាំង​ (Sub-Grade) ស្រទាប់​គ្រឹះ (Base Course) ​ឬ​ស្រទាប់​គ្រឹះរង​ (Sub Base Course) ពេល​ក្រាល​ថ្ម​មិច និង​ក្រាល​កៅស៊ូ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ជា​ការពិត បើ​មាន​ផ្លូវ​ដែល​បាន​សាងសង់​ត្រឹមត្រូវ​តាម​ស្តង់ដា​កំណត់​ហើយ ប៉ុន្តែ​មិនមាន​ការដាក់បញ្ចូល និង​ពង្រីក​កញ្ចប់​ថវិកា​សម្រាប់​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក ដើម្បី​អនុវត្ត​ឱ្យបាន​ទូលំទូលាយ​មុនពេល​ចាប់ផ្តើម​សាងសង់ អំឡុងពេល​សាងសង់ និង​ក្រោយពេល​សាងសង់​យ៉ាងហោច​ ២ ​ឆ្នាំ​រាល់​គ្រប់​គម្រោង​សាងសង់ ឬ​ជួសជុល​ផ្លូវថ្នល់​នោះទេ ការទប់ស្កាត់​ចំនួន​អ្នកស្លាប់ និង​របួស​ធ្ងន់ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​នៅតែ​មាន​ច្រើន​»៕

វីដេអូ៖