ភ្នំពេញៈ ម៉ាហ្កាវ៉ា (Magawa) កណ្តុ​រហិត​មីន​កម្ពុជា​ដំបូងបង្អស់ ដែល​ទទួល​បាន​មេដាយមាស​ពី​អង់គ្លេស​ត្រូវបាន​ដាក់ឱ្យ​ចូលនិវត្តន៍​ ដោយសារ​វ័យ​កាន់តែ​ចាស់ ក្រោយ​បំពេញ​ការងារ​អស់​រយៈពេល ៥ ​ឆ្នាំ​នៅ​កម្ពុជា ខណៈ​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​បាន​តៀម​កណ្តុរ​ចំនួន ២០ ​ក្បាល​ថ្មី​ទៀត​ឱ្យ​បន្តសកម្មភាព​នេះ​។

ម៉ាហ្កាវ៉ា​ដែលមាន​អាយុ​ជាង ៧ ​ឆ្នាំ​ត្រូវ​បាន​ហ្វឹកហាត់​ដោយ​ក្រុម​អ្នកជំនាញ​ស្ម័គ្រចិត្ត​បែលហ្ស៊ិក​របស់​អង្គការ APOPO ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​តង់ហ្សានី​។ វា​ត្រូវបាន​បញ្ជូនមក​កម្ពុជា​តាំងពី​អាយុ ៩ ​ខែ ដើម្បី​បន្ត​ការហ្វឹកហ្វឺន និង​បំពេញ​បេសកកម្ម​ដ៏គ្រោះថ្នាក់​ក្នុង​ការដោះមីន​នៅក្នុង​ប្រទេស​កម្ពុជា​។

ម៉ាហ្កាវ៉ា ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ជា​វីរបុរស​កណ្តុរ (HeroRATs) ដោយបាន​ចូលរួមចំណែក​រុករក​គ្រាប់មីន​លើដី ៧១ ​ហិកតា និង​រំដោះ​បាន​គ្រាប់​មិនទាន់​ផ្ទុះ​រាប់ពាន់​គ្រាប់​នៅក្នុង​ប្រទេស ហើយ​កាលពី​ខែកញ្ញា ឆ្នាំ​ ២០២០ ម៉ាហ្កាវ៉ា​ក៏បាន​ទទួល​មេដាយមាស​ការងារ​ពី​អង្គការ​សប្បុរសធម៌​សត្វព្រៃ​នៃ​ប្រទេស​អង់គ្លេស (PDSA)​។

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៦ ​មិថុនា​ថា ក្រោយពេល​ដាក់ឱ្យ​ចូល​និវត្តន៍ ម៉ាហ្កាវ៉ា នឹង​ត្រូវ​រក្សាទុក​នៅក្នុង​មណ្ឌល​ដោះមីន នា​ខេត្ត​សៀមរាប​ជាមួយ​នឹង​កណ្តុរ​ដទៃ ដែល​អាច​ចូលរួម​ជួយ​ហ្វឹកហ្វឺន​អ្នក​កាន់​កណ្តុរ​ដទៃទៀត​ព្រោះ​ម៉ាហ្កាវ៉ា​មាន​បទពិសោធ​ច្រើន​។

លោក​បញ្ជាក់ថា​៖ «​ម៉ាហ្កាវ៉ា នឹង​លែង​ក្លាយជា​កណ្តុរ​ប្រតិបត្តិការ​ហើយ តែ​គាត់​នឹង​ក្លាយ​ទៅ​ជា​កណ្តុរ​ហ្វឹកហ្វឺន​វិញ​ម្តង ព្រោះ​គាត់​មាន​បទពិសោធ​ច្រើន ដូច្នេះ​នឹង​ឱ្យ​មន្ត្រី​យើង​ដែលជា​អ្នក​កាន់​កណ្តុរ​ថ្មី ងាយស្រួល​ហ្វឹកហ្វឺន​ជាង​កណ្តុរ​ទើប​បង្ហាត់​ថ្មី​»​។

ជាមួយ​នឹង​ការចូលនិវត្តន៍​របស់​ម៉ាហ្កាវ៉ា ស៊ីម៉ាក់ ក៏​នឹង​បង្កើត​ក្រុម​ដោះមីន​ថ្មី ដែល​មាន​កណ្តុរ​ចំនួន ២០ ​ក្បាល​ដែល​ទើប​ប្រឡង​ជាប់ ដើម្បី​ចូលរួម​ចុះ​ប្រតិបត្តិការ​ក្នុង​ការដោះមីន​បន្ថែម​ពី​កណ្តុរ​ដែល​មាន​ស្រាប់​ចំនួន ២០ ​ក្បាល​ផងដែរ​។

លោក ហេង រតនា រៀបរាប់ថា​៖ «​កណ្តុរ បាន​ចូលរួម​ក្នុង​ការពន្លឿន​ល្បឿន​នៃ​ការបោសសម្អាត​មីន បង្កើន​ប្រសិទ្ធភាព​នៃ​កិច្ចប្រតិបត្តិការ​កាន់តែ​ប្រសើរ ព្រោះ​កណ្តុរ គឺ​ពួកគាត់ រុករក​តែ​សារធាតុ​ផ្ទុះ​ទេ ដោយសារ​តែ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ឬ​គ្រាប់មីន គឺមាន​ជាតិ​ផ្ទុះ ដែល​ធ្វើឱ្យ​ឧបករណ៍​អេឡិចត្រូនិក​រុករក​ជាតិ​ដែក គឺ​រក​មិនឃើញ​»​។

បើតាម​លោក ហេង រតនា បច្ចុប្បន្ន​កម្ពុជា​មាន​កណ្តុរ​ដោះមីន​កំពុង​បំពេញ​ប្រតិបត្តិការ និង​កំពុង​ហ្វឹកហ្វឺន​ចំនួន​ ៤០ ​ក្បាល ហើយ​កណ្តុរ​ដែល​បាន​ស្លាប់ និង​ចូលនិវត្តន៍​ជា​បន្តបន្ទាប់​មាន​ចំនួន ១៦ ​ក្បាល ខណៈ​ផ្ទៃដី​ដែល​នៅ​សេសសល់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មាន​ជាង​ ៨០០ ​គីឡូម៉ែត្រ​ក្រឡា​។

ផ្ទៃដី​នេះ បាន​ថយចុះ​ប្រមាណ ១០០ គីឡូម៉ែត្រ​ក្រឡា​ជា​រៀងរាល់​ឆ្នាំ តាមរយៈ​យុទ្ធនាការ​របស់​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា ដែល​តាម​ផែនការ​ជាតិ​របស់​កម្ពុជា​នឹង​ធ្វើឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​គ្មាន​គ្រាប់មីន នៅ​ឆ្នាំ​ ២០២៥៕

វីដេអូ៖