កំពង់ស្ពឺៈ លោក​ វ៉ី​ សំណាង​ អភិបាល​ខេត្ត​កំពង់​ស្ពឺ ​បាន​ឲ្យ​ដឹង​ថា ​សកម្មភាព​នៃ​ការរុះរើ​ដោយ​ស្ម័គ្រចិត្ត​នូវ​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិត​ផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ សម្រេច​បាន​ជិត​ ៩០ ភាគ​រយ​ ​ខណៈ​ទុកពេល​ឲ្យ​ក្រុម​ហ៊ុនស្រា​បៀ ដែល​មិនទាន់​ធ្វើការ​រុះរើ​ ត្រឹម​ពាក់​កណ្តាល​ខែ​នេះ។​

លោក​ វ៉ី ​សំណាង​ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ង​ស​ទី ​៨​ មិថុនា​ថា ការរុះរើ​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅតាម​ផ្ទុះ របស់​ប្រជាពលរដ្ឋ​គឺ​បាន​ធ្វើឡើង​យ៉ាង​សកម្ម​ ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​។

ចំណែក ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅតាម​ទីសាធារណៈ​វិញ ក្រុមហ៊ុនស្រា​ទាំងនោះ ក៏បាន​ធ្វើជា​បន្តបន្ទាប់​ផងដែរ​ ដោយ​សារតែ​ក្រុម​ការងារ​នៃ​ក្រុមហ៊ុន​ទាំងនោះ​ មាន​កម្រិត​ ទើប​រដ្ឋបាល​ខេត្ត ​ទុកពេល​ឲ្យ​ធ្វើការ​រុះរើ ត្រឹម​ថ្ងៃទី ១៥ មិថុនា​។​

លោក​បញ្ចា​ក់ថា​៖ «​ភាគច្រើន​ពលរដ្ឋ​គាត់​រើ បាន​ច្រើន​ហើយ ៨០ ទៅ ​៩០ ភាគរយ នៅ​ទូទាំង​ខេត្ត​។ នៅសល់តែ​ស្លាក​របស់​ក្រុមហ៊ុន ស្រា​បៀ នៅ​កន្លែង​សាធារណៈ ដែល​មិនទាន់​រុះរើ​បាន​ច្រើន ដែល​យើង​ទុកពេល​ឱ្យ​ត្រឹម​ថ្ងៃទី ១៥ មិថុនា​។ បើ​ក្រុមហ៊ុន​រុះរើ​មិនទាន់​ត្រឹម​ថ្ងៃ​កំណត់​ទេ យើង​នឹង​ឲ្យ​ក្រុមការងារ​ចុះជួយ​រុះរើ ដោយ​ថ្លៃ​រុះរើ និង​ថ្លៃ​ខូចខាត​ក្រុមហ៊ុន​ជា​អ្នករ៉ាប់រង​»​។

កាលពី​ថ្ងៃទី ២៤ ​ឧសភា ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ​បានចេញ​សេចក្តី​ជូន​ដំណឹង​ឱ្យ​ម្ចាស់​អាជីវកម្ម ដែល​បាន​លើក​តាំង​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅតាម​ទីសាធារណៈ​ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់​ ជា​មួយនឹ​ង​ការព្រមាន​ថា បើ​ពុំ​ព្រម​រុះរើ​ចេញ​ទេ​ អាជ្ញា​ធរខេត្ត​នឹង​ចាត់វិធានការ​រដ្ឋបាល ​ហើយ​រាល់​ការចំណាយ និង​ការខូចខាត​គឺជា​បន្ទុក​របស់​ម្ចាស់​អាជីវកម្ម​៕