បាត់ដំបងៈ នគរបាល​ស្រុក​ថ្មគោល​បាន​បញ្ជូន​យុវជន​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​ ៧ មិថុនា ១ ​ថ្ងៃ បន្ទាប់ពី​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការល្បួង​ក្មេងស្រី​អាយុ​ ១៣ ​ឆ្នាំ​រួមភេទ នៅ​ភូមិ​ត្រស់ ឃុំ​អូរតាគី ស្រុក​ថ្មគោល ហើយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អាច​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការខេត្ត​នា​ថ្ងៃនេះ​។

លោក​ ហេង ប៊ុនថា អធិការរង​ទទួល​ផែនការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​ឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ​មិថុនា ថា ជនសង្ស័យ​ឈ្មោះ​ ធី សុខឿត ហៅ ផៃ ភេទ​ប្រុស អាយុ​ ២០ ​ឆ្នាំ​រស់នៅ​ភូមិ​ត្រស់ ឃុំ​អូរតាគី ស្រុក​ថ្មគោល​។ ​ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ញ.ស. អាយុ​ ១៣ ​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​អូរតាគី ស្រុក​ថ្មគោល​។

លោក​ប្រាប់ថា​សមត្ថកិច្ច​ជំនាញ​បាន​បញ្ចប់​ការសួរចម្លើយ​លើ​ជនសង្ស័យ​ម្នាក់នេះ នៅ​ថ្ងៃទី​ ៧ មិថុនា ហើយ​លោក​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បន្តទៀត ដើម្បី​ប្រគល់​ឱ្យ​ការិយាល័យ​ជំនាញ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ចាត់ការ​បន្តទៅ​សាលាដំបូង​ខេត្តបាត់ដំបង​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​យើង​ថា គេ​បាន​រួមភេទ​ជាមួយ​នាង​បានតែម្តង​ទេ ប៉ុន្តែ​ជា​ការព្រមព្រៀង​គ្នា​ប៉ុណ្ណោះ ព្រោះ​ថា​ពួកគេ​ទាំង ២ ​នាក់​ស្រឡាញ់​គ្នា​»​។

បើតាម​លោក​អធិការរង ការចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ ធ្វើឡើង​កាលពី​ថ្ងៃទី​ ៦ មិថុនា ហើយ​ការចាប់ខ្លួន​នេះដែរ​ ដោយសារ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ទៅប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​អូរតាគី​។ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​ភ្លាម នគរបាល​ប៉ុស្តិ៍​អូរតាគី​បាន​រាយការណ៍​មក​សមត្ថកិច្ច​របស់​លោក​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

លោក​ ប៊ន់ វណ្ណារ៉ា នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​​ និង​ការពារ​អនីតិជន​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ ដោយ​ប្រាប់ថា សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​សួរចម្លើយ ហើយ​ថា​ជនសង្ស័យ​អាច​បញ្ជូន​ទៅ​តុលាការ​នា​ថ្ងៃនេះ​។

លោក​ ឈុំ ឆុំ ជា​សមាជិក​ភូមិ ដែល​ក្មេងស្រី​រស់នៅ​បាន​ប្រាប់​នៅ​ថ្ងៃទី​ ៧ មិថុនា​ដែរ ថា ក្មេងស្រី​រងគ្រោះ​មាន​បងប្អូន​ចំនួន​ ៣ ​នាក់​ (​ស្រី​ ២ ​ប្រុស ១)​។ នាង​ជា​កូនច្បង​មាន​អាយុ​ ១៣ ​ឆ្នាំ​រស់នៅ​ជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​មាន​ជីវភាព​ក្រលំបាក​។ ក្មេងស្រី​រងគ្រោះ​តែងតែ​ទៅ​ស៊ីឈ្នួល​បោចស្មៅ​ចម្ការ​ឱ្យគេ​ទាំង​ម្តាយ​ទាំង​កូន ប៉ុន្តែ​ក្មេងរងគ្រោះ​ច្រើន​ទៅ​ដេក​នៅ​ចម្ការ រយៈពេល​ ១ ​ទៅ​ ២ ​សប្តាហ៍​ទើប​មក​ផ្ទះ​ម្តង​។

លោក​បន្តថា​៖ «​ម្តាយ​ក្មេងស្រី​រងគ្រោះ​ក្រ​ណាស់ រក​ព្រឹក​ខ្វះ​ល្ងាច​។ តាំងពី​ប្តី​គាត់​ចុះចោល​ទៅ គាត់​ដើរ​ស៊ីឈ្នួល​គេ រកលុយ​ចិញ្ចឹម​កូនៗ ហើយ​ឥឡូវ​គេ​ធ្វើបាប​កូន​គាត់​ទៀត​។ សព្វថ្ងៃ​សូម្បីតែ​ផ្ទះ​ក៏​គាត់​គ្មាន​នៅ​ផង​»​។

លោក​និយាយ​តាម​សម្តី​ម្តាយ​ក្មេងរងគ្រោះ​ថា កាលពី​ថ្ងៃទី​ ៥ មិថុនា កូនស្រី​របស់គាត់​បាន​មក​ផ្ទះ បន្ទាប់ពី​ទៅ​ស្នាក់នៅ​ស៊ីឈ្នួល​គេ​អស់​ប៉ុន្មាន​សប្តាហ៍​។ ប៉ុន្តែ​ដល់ពេល​យប់​ស្រាប់តែ​បាត់​កូនស្រី​គាត់​មិនឃើញ​ចូល​ផ្ទះ​ដេក​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​ ៦ មិថុនា ទើប​ឃើញ កូនស្រី​គាត់​ចូល​ផ្ទះ ហើយ​ស្ត្រី​ជា​ម្តាយ​បាន​សាកសួរ ទើប​ក្មេងរងគ្រោះ​ប្រាប់ថា ឈ្មោះ​ ធី សុខឿត បានមក​បបួល​នាង​ទៅ​ដេក​នៅផ្ទះ​គេ​ក្នុងភូមិ​ត្រស់​ហើយ​បាន​រួមភេទ​ជាមួយ​នាង​បាន​ម្តង​ផង​។

លោក​បន្ថែមថា ក្រោយពី​ម្តាយ​ក្មេង​ដឹងថា ជនសង្ស័យ​ឈ្មោះ​ ធី សុខឿត រួមភេទ​ជាមួយ​កូនស្រី​ខ្លួន​ទើប​ម្តាយ​ក្មេងស្រី​បាន​នាំ​កូន​មកប្តឹង​គាត់​ដែលជា​អាជ្ញាធរ​ភូមិ​។ បន្ទាប់ពី​ស្តាប់​តាម​ការរៀបរាប់​របស់​ក្មេងរងគ្រោះ​ចប់​រួចរាល់ លោក​ក៏​ធ្វើ​កំណត់ហេតុ ហើយ​រាយការណ៍​បន្តទៅ​នគរបាល​ប៉ុស្តិ៍ អូរតាគី ចុះ​ចាប់​ជនសង្ស័យ​តែម្តង​។

ពាក់ព័ន្ធ​អំពើ​រំលោភ​សេពសន្ថវៈ​នេះដែរ នៅ​ថ្ងៃទី​ ៧ មិថុនា ភ្នំពេញ ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោកស្រី​ ម៉ៅ ម៉ាប់ មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​ (ADHOC) ​ដែល​ធ្វើការងារ​ផ្នែក​កុមារ​បានទេ​។ ប៉ុន្តែ​លោកស្រី​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មុន ថា​ខេត្ត​បាត់ដំបង ខេត្តកំពត និង​ខេត្តកំពង់ធំ កើតមាន​អំពើ​រំលោភ​សេពសន្ថវៈ​ច្រើនជាង​បណ្តា​ខេត្ត​ផ្សេងៗ​។ កត្តា​សំខាន់​ដែល​នាំឱ្យ​កើតមាន​បទល្មើស​នេះ​គឺ​មកពី​ស្ថានភាព​សេដ្ឋកិច្ច​ក្រីក្រ​ក្នុង​គ្រួសារ​របស់​ក្មេង​តែម្តង​។

លោកស្រី​ថ្លែងថា​៖ «​សមាគម​អាដហុក ភាគច្រើន​ធ្វើការ​ផ្តោតលើ​កុមារី​ដែល​មាន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ ហើយ​បាន​រកឃើញថា​ពួកគេ​ត្រូវ​រង​នូវ​អំពើ​រំលោភសេពសន្ថវៈ​ពី​សំណាក់​ជនល្មើស​ក្នុង​នោះ​មាន​សាច់ញាតិ​ផ្ទាល់​ក្នុង​គ្រួសារ​ក្មេងស្រី​រងគ្រោះ ឬ​បុគ្គល​នៅក្រៅ​រង្វង់​គ្រួសារ​ពួកគេ​ (​អ្នកដទៃ​)»៕