កោះកុងៈ រដ្ឋបាល​ខេត្ដ​កោះកុង​​កំពុង​រៀបចំ​សំណុំរឿង​បុគ្គល​ម្នាក់​ ដើម្បី​បញ្ជូនទៅ​តុលាការ​​ពាក់ព័ន្ធ​ករណី​រៀបចំ​ឯកសារ​ក្លែងបន្លំ​ធ្វើជា​តំណាង​ពលរដ្ឋ​​ជិត​ ១ ​ពាន់​គ្រួសារ ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល​ដី​ពី​តំបន់​អភិរក្ស និង​តំបន់​ការពារ​ធម្មជាតិ​ដែល​ស្ថិត​ក្នុងស្រុក​កោះកុង និង​ស្រុក​បទុមសាគរ ខេត្ត​កោះកុង កាលពី​ថ្ងៃទី ​៤ ខែមិថុនា​។

លោក សុខ សុទ្ធី អភិបាលរង​ខេត្ដ​កោះកុង​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៤ ខែមិថុនា ពាក់ព័ន្ធ​នឹង​សំណើ​របស់លោក ម៉ី ចិត្រ ដែល​បាន​អះអាងថា​ជា​តំណាង​ពលរដ្ឋ​ជិត​ ១ ​ពាន់​គ្រួសារ​​ហើយ​មក​ស្នើសុំ​ចុះបញ្ជី​ដី និង​សុំ​ចេញ​វិញ្ញាបនបត្រ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​នៃ​​ស្រុក​ទាំង​ ២ ​នេះ​ជាង​ ៣ ​ពាន់​ហិកតា​បាន​ថ្លែងថា អាជ្ញាធរ​ខេត្ដ​កោះកុង​ដែល​ពាក់ព័ន្ធ​បាន​បដិសេធ​សំណើ​នេះ និង​បាន​អះអាង​​ថា បុគ្គល​នេះ​មិនមែន​ជា​តំណាង​ប្រជាពលរដ្ឋ​ឡើយ​។

លោក​បាន​ថ្លែងថា​៖ «​បុគ្គល​នេះ​គ្រាន់តែ​ជា​អ្នកយក​ឈ្មោះ​ប្រជាពលរដ្ឋ​មក​បន្លំ ហើយ​អះអាង​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ ដើម្បី​ស្នើសុំ​កាត់​ឆ្វៀល​ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ ប៉ុន្ដែ​បុគ្គល​នេះ​គ្មាន​ឯកសារ​ប្រគល់​សិទ្ធិ ហើយ​ក៏​គ្មាន​ប្រជាពលរដ្ឋ​ណា​​ម្នាក់​ក្នុង​ខេត្ដ​កោះកុង ស្នើ​តាមរយៈ​បុគ្គល​នេះ​ដើម្បី​មក​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែរ​»​។

លោក សុខ សុទ្ធី បាន​បន្តថា ការចង់​ស្នើសុំ​ធ្វើ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ឬ​ស្នើសុំ​កាត់​ឆ្វៀល​ដីធ្លី​គឺ​ត្រូវ​ស្នើសុំ​មក​រដ្ឋបាល​ខេត្ដ​ ឬ​រដ្ឋបាល​ភូមិ​ឃុំ​ហើយ​អាជ្ញាធរ​ខេត្ដ​នឹងមាន​យន្ត​ការចុះពិនិត្យ​ដើម្បី​រៀបចំ​ចុះបញ្ជី​ដីធ្លី​ជូន​ពលដ្ឋ​ទៅ​តាម​​ផ្លូវច្បាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​សកម្មភាព​របស់​បុគ្គល ម៉ី ចិត្រ នេះ​គឺជា​សកម្មភាព​មួយ​ដើរ​បោកប្រាស់​តាមរយៈ​ការក្លែងបន្លំ​ឯកសារ​ស្នាម​ផ្ដិតមេដៃ​ប្រជាពលរដ្ឋ ដើម្បី​ស្នើ​ទៅ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ដ្រី ហើយ​ខុទ្ទកាល័យ​សម្ដេច​ឆ្លើយ​មកឱ្យ​រដ្ឋបាល​ខេត្ដ ដើម្បី​ដោះស្រាយ​ដូច្នេះ​ពេល​យើង​ពិនិត្យមើល​លើ​ឯកសារ​រួចរាល់​បុគ្គល​នេះ​គឺជា​អ្នកបោកប្រាស់​»​។

លោក សុទ្ធី បាន​បន្ថែមថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្ដ​កំពុង​រៀបចំ​ឯកសារ​ដែល​ទទួលបាន​ច្បាស់លាស់​ដើម្បី​ដាក់​ទៅ​តុលាការខេត្ត​​កោះកុង​ស៊ើបអង្កេត អនុវត្ដ​តាម​នីតិវិធី​ច្បាប់​លើ​ជន​ក្លែងបន្លំ​​រូបនេះ​។

បើតាម​លោក សុខ សុទ្ធី ឈ្មោះ ម៉ី ចិត្រ រូបនេះ​ជាក់ស្ដែង​មិនមែន​រស់នៅក្នុង​ខេត្ដ​កោះកុង​នោះទេ​​គឺជា​បុគ្គល​មាន​អត្តសញ្ញាណ​រស់នៅ​ខេត្ដ​បាត់ដំបង​។ ​ចំណែក​អត្ដសញ្ញាណប័ណ្ណ និង​ស្នាម​មេដៃ​ដែល​បុគ្គល​នេះ​ភ្ជាប់​មក​ជាមួយ​ដែល​ថា​ជា​ពលរដ្ឋ​ស្នើសុំ​កាត់​ឆ្វៀល​ដី​ជាង ៦០ ​នាក់​ទៀត​គឺជា​ប្រជាពលរដ្ឋ​មកពី​ខេត្ត​​ផ្សេងៗ​។

លោក​បានឱ្យដឹងថា កាលពី​កិច្ចប្រជុំ លោក ម៉ី ចិត្រ បាន​អះអាង​ថា គាត់​ពិតជា​តំណាង​​ប្រជាពលរដ្ឋ​ចំនួន ២៩៨ ​គ្រួសារ ស្នើសុំ​ចុះបញ្ជី​ដី និង​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​​សរុប​ដី​ជាង ២ ៨០០ ​ហិកតា ស្ថិតនៅ​ឃុំ ស្រុក​កោះកុង និង​ជា​តំណាង​ប្រជាពលរដ្ឋ​ចំនួន​ ៦៧៤ ​គ្រួសារ​មកពី​ស្រុក​បទុមសាគរ​ស្នើសុំ​ចុះបញ្ជី​ដី និង​ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ សរុប​ដី​ជាង ៦០០ ​ហិកតា​។

ក៏ប៉ុន្តែ​បន្ទាប់ពី​លោក​សួរ​បញ្ជាក់​ទៅ​មេឃុំ និង​អភិបាលរង​ស្រុក​ដែល​ចូលរួម​កិច្ចប្រជុំ​ថា តើ​ធ្លាប់​​ស្គាល់​ឈ្មោះ ម៉ី ចិត្រ និង​ដឹងថា​ឈ្មោះ​នេះ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ ស្រុក របស់​ខ្លួន​ឬទេ​? មេឃុំ និង​អភិបាលរង​ស្រុក​បាន​ឆ្លើយថា មិន​ដែល​បាន​ស្គាល់​ទេ ហើយក៏​មិនបាន​ដឹងថា​ឈ្មោះ​នេះ​​ជា​តំណាង​ប្រជាពលរដ្ឋ​ដែរ​។

ភ្នំពេញ​ ប៉ុស្ដិ៍ មិនទាន់​មាន​ប្រភព​ដើម្បី​ទាក់ទង​បុគ្គល​ឈ្មោះ ម៉ី ចិត្រ បានទេ​កាល​នៅ​ថ្ងៃទី​ ៦ មិថុនា​។

លោក ថោង ច័ន្ទតារា មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំខេត្ត​កោះកុង​ថ្លែងថា តំណាង​សហគមន៍​​ភាគច្រើន គឺ​លោក​ស្គាល់ ប៉ុន្ដែ​សម្រាប់​ឈ្មោះ ម៉ី ចិត្រ នេះ លោក​មិន​ធ្លាប់​ស្គាល់​ទេ​។ នេះ​គឺជា​សកម្មភាព​បោកប្រាស់ ដើម្បី​យក​ដី​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​។

លោក​បាន​បញ្ជាក់ថា​៖ «​បន្ទាប់ពី​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​​លេខ​ ៣០ អនក្រ.បក ដែល​បានប្រគល់​ដី​ទៅឱ្យ​រដ្ឋបាលខេត្ត​គ្រប់គ្រង​ចាត់ចែង​មក ត្រូវ​បាន​ជន​ឆ្លៀតឱកាស​និយម​បន្លំ​ធ្វើ​ជា​​តំណាង​ប្រជាពលរដ្ឋ​មក​ស្នើសុំ​ដី​រាប់ពាន់​ហិកតា​មក​ធ្វើជា​​កម្មសិទ្ធិ​។ ​តំណាង​ប្រជាពលរដ្ឋ​ពិតប្រាកដ​ខ្ញុំ​ស្គាល់​គ្រប់​ឃុំ​ទាំងអស់​។ យើង​បារម្ភ​ដី​ទាំងអស់​​នេះ​ធ្លាក់​ទៅលើ​កណ្តាប់ដៃ​ជនល្មើស ហើយ​ប្រជាពលរដ្ឋ​នៅតែ​ខ្វះខាត​ដី​ដដែល​»៕