កណ្ដាលៈ យុវជន​ម្នាក់​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​ក្មេងប្រុស​ម្នាក់ទៀត​របួស​ស្រាល​ក្នុង​ទំនាស់​ដេញ​វាយ​គ្នា​ រីឯ​ក្រុម​ក្មេង​បង្ក​ល្មើស​ចំនួន​ ៤ ​នាក់ ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ក្រោយ​កើតហេតុ​ប៉ុន្មាន​ម៉ោង​ស្ថិត​នៅ​ភូមិ​ចុងបង្គោល ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។

លោក ថាច ផល្លា អធិការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ប្រាប់​នៅ​ថ្ងៃទី​ ៨​ មិថុនា​ថា ក្មេងរងគ្រោះ​ស្លាប់​ឈ្មោះ មុត ឧត្តម ភេទ ប្រុស​អាយុ​ ១៨ ​ឆ្នាំ និង​ក្មេងប្រុស​ម្នាក់ទៀត ឈ្មោះ ឌី សម្បត្តិ របួសស្រាល​។ ចំណែក​ភាគី​ខាង​ក្រុម​ក្មេង​បង្កហេតុ​មាន​គ្នា​ចំនួន​ ១០ ​នាក់​ ហើយ​ភ្លាមៗ​ក្រោយ​កើតហេតុការណ៍​ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ស្រាវជ្រាវ​ចាប់បាន​ ៣ ​នាក់ និង​ក្រោយមក​សមត្ថកិច្ច​ចាប់បាន​ម្នាក់ទៀត​។

លោក​ប្រាប់ថា​៖ «​ខាង​ភាគី​បង្ក​យើង​ចាប់បាន​ ៤ ​នាក់ ឥឡូវ​យើង​កំពុង​ស្រាវជ្រាវ​ឈាន​ទៅ​ចាប់​បក្ខ​ពួកគេ​ ៦ ​នាក់​ទៀត​។ ​រឿងនេះ​យើង​មិនទាន់​ដឹង​ច្បាស់​ថា ជា​រឿង​គំនុំ​ ឬអ្វី​ទេ​ព្រោះ​ចាំ​សាកសួរ​ពី​ភាគី​ទាំងសងខាង​សិន​»​។

លោក ផល្លា រៀបរាប់​ប្រាប់​តាម​ចម្លើយ​របស់​ជនរងគ្រោះ​ថា នៅវេលា​ម៉ោង​ប្រហែល​ ៧ ​យប់​ថ្ងៃទី​ ៧ ​មិថុនា មាន​ក្មេងប្រុស​ ២ ​នាក់​បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក​ស្កូ​ពី​ឌុប​គ្នា​ក្នុង​គោលដៅ​ទៅ​ផ្សារ​បែកចាន​។ ​ប៉ុន្តែ​ពេល​ក្មេង​ទាំង​ ២ ​នាក់ ​កំពុងតែ​ជិះ​ម៉ូតូ​ស្រាប់​មាន​ក្រុម​ក្មេង​សង្ស័យ​ ១ ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​ ៥ ​ទៅ​ ៦ ​នាក់​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ម៉ូតូ​របស់​ជនរងគ្រោះ​។

ពេល​ក្រុម​ក្មេងរងគ្រោះ​ឃើញ​គេ​ដេញ​តាម​ដូច្នេះ​ក៏​បត់​ម៉ូតូ​បំណង​បកក្រោយ​វិញ ប៉ុន្តែ​ត្រូវបាន​ក្រុម​ជនបង្ក​ដេញតាម​ទាន់​ហើយក៏​គប់​នឹង​ដំ​ថ្ម ទៅលើ​ជនរងគ្រោះ​ទាំង​ ២ ​នាក់​តែ​មិនត្រូវ​។ ​ដោយសារ​តែ​ភ័យខ្លាច​គេ​ដេញ​វាយ​ផង​នោះ ជនរងគ្រោះ​ទាំង​ ២ ​នាក់ ​បាន​បើក​ម៉ូតូ​ធ្លាក់​ប្រឡាយ​នៅ​ក្បែរ​ចិញ្ចើមផ្លូវ​របួស​ទាំង​ ២ ​នាក់​។ ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ ប៉ុន្តែ​ម្នាក់​បាន​ដាច់ខ្យល់​ស្លាប់​ ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​។

លោក ផល្លា ថ្លែងថា ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បែក​ចាន​ធ្វើការ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​បាន​ជា​បន្តបន្ទាប់​ចំនួន​ ៤ ​នាក់ និង​បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ចំនួន​ ៦ ​នាក់​ទៀត​។

លោក ផុន រតនា នាយនគរបាល​ប៉ុស្តិ៍​បែកចាន​បាន​​បញ្ជាក់ថា ករណី​នេះ​ជន​រងគ្រោះ​មានតែ​ ២ ​នាក់​ហើយ​ស្លាប់​ដោយសារ​ដួល​ម៉ូតូ​៕