សៀមរាបៈ ក្រសួង​បរិស្ថាន​ និង​រដ្ឋបាល​ខេត្ដ​សៀមរាប​បាន​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​កាត់បន្ថយ​សំណល់​ប្លាស្ទិក​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ត​សៀមរាប ដោយ​ទប់ស្កាត់​ និង​កាត់បន្ថយ​សំណល់​ប្លាស្ទិក​ទាំង​នៅលើ​ដី​ និង​ក្នុង​ទឹក​តាមរយៈ​ការអនុវត្ត​នូវ​គោលការណ៍ ៤Rs (​ការកាត់បន្ថយ​ការប្រើប្រាស់​ឡើងវិញ​ការកែច្នៃ និង​បដិសេធ​) ​សំណល់​ប្លាស្ទិក​។

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៧ ​ខែ​មិថុនា ក្រោម​អធិបតីភាព លោក​ គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប អ្នកជំនាញការ​បរិស្ថាន​នៃ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP) រួម​នឹង​មន្ដ្រី​ពាក់ព័ន្ធ​របស់​រដ្ឋបាល​ខេត្ដ​សៀមរាប​មួយចំនួន​ទៀត​។

លោក​ ង៉ាន់ ភិរុណ ​ថ្លែង​ក្នុងពេល​ចុះហត្ថលេខា​នេះ​ថា បច្ចុប្បន្ន​រដ្ឋបាលខេត្ត​សៀមរាប​បាន​និង​កំពុង​កៀរគរ​ធនធាន​ពី​ដៃគូ​អភិវឌ្ឍន៍​ និង​ជំរុញ​ដល់​រដ្ឋបាល​ក្រុង-ស្រុក​ក្នុង​ការអនុវត្ត​មុខងារ​គ្រប់គ្រង​សំរាម​សំណល់​រឹង​នៅ​ទីប្រជុំជន​តាម​អនុក្រឹត្យ​លេខ​ ១១៣ ​អនក្រ.បក ស្តីពី​ការគ្រប់គ្រង​សំរាម​សំណល់​រឹង​ទីប្រជុំជន ដើម្បី​ធានាបាន​នូវ​សោភណភាព​សុខុមាលភាព និង​គុណភាព​បរិស្ថាន​នៅក្នុង​ភូមិសាស្ដ្រ​ខេត្តសៀមរាប​។

លោក​ថ្លែងថា​៖ «​តាមរយៈ​កិច្ចព្រមព្រៀង​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការទប់ស្កាត់ និង​ការកាត់បន្ថយ​សំណល់​ប្លាស្ទិក​ទាំង​នៅលើ​ដី​ និង​ក្នុង​ទឹក ដោយ​ការអនុវត្ត​នូវ​គោលការណ៍ ៤Rs ការប្រើប្រាស់​ប្លាស្ទិក​»​។

លោក​ឱ្យដឹងថា កន្លងមក​ខេត្ត​សៀមរាប​ទទួលបាន​ឡ​ដុត​សំរាម​ចំនួន​ ៣ ​ទីតាំង រ៉ឺម៉ក​ម៉ូតូ​កង់បី​ចំនួន ៦ ​គ្រឿង និង​រថយន្ត​ដឹកជញ្ជូន​សំរាម​ធុន​ធំ​ចំនួន​ ២ ​គ្រឿង​ពី​ក្រសួងបរិស្ថាន​។ រដ្ឋបាល​ខេត្ដ​ក៏​ទទួល​រថយន្ត​បោសសម្អាត​ផ្លូវ​ចំនួន​ ៣ ​គ្រឿង​ជា​ជំនួយ​ពី​ខេត្ត​យូណាន ប្រទេស​ចិន សម្រាប់​សម្អាត​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។

លោក​ ភិរុណ ​ថ្លែងថា​៖ «​យើង​សង្ឃឹមថា តាមរយៈ​កិច្ចសហការ​អនុវត្ត​គម្រោង​នេះ​សំណល់​ប្លាស្ទិក​នឹង​ត្រូវបាន​កាត់បន្ថយ​ដោយ​ការអនុវត្ដ​ការបញ្ជ្រាប​ការយល់ដឹង​ និង​ផ្សព្វផ្សាយ​ចំណេះដឹង​ពី​បញ្ហា​សំណល់​ប្លាស្ទិក​ដល់​ប្រជាពលរដ្ឋ​ការប្រើប្រាស់​ផលិតផល​ជំនួស​ផលិតផល​ប្លាស្ទិក និង​ការគាំទ្រ​នូវ​មធ្យោបាយ​សម្ភារ​ផ្សេងៗ​»​។

បើតាម​រដ្ឋបាល​ខេត្ដ​សៀមរាប ផែនការ​ក្នុង​ការអនុវត្ត​សកម្មភាព​គម្រោង​នេះ​រួមមាន​ការសិក្សា​ពី​លទ្ធភាព​ និង​មធ្យោបាយ​បង្កើន​សេវា​គ្របដណ្តប់​ក្នុង​ការប្រមូល​សម្អាត​ និង​ដឹកជញ្ជូន​សំរាម និង​ដោះស្រាយ​ការកកស្ទះ​សំរាម​។ ក្រៅពីនេះ​ក៏មាន​គម្រោង​ផ្តល់នូវ​សម្ភារ​ធុងសំរាម និង​ការរៀបចំ​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​ទាក់ទង​ និង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក និង​បង្កើន​ចំណេះដឹង និង​យុទ្ធនាការ​ផ្សព្វផ្សាយ​គ្រប់​មធ្យោបាយ​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​ថា បច្ចុប្បន្ន​ក្រសួង​បរិស្ថាន​កំពុង​អនុវត្ដ​គម្រោង​ផ្ដល់​រថយន្ត និង​ម៉ូតូ​ដឹក​សំរាម​រួម​នឹង​សម្ភារ​ទុកដាក់​សំរាម​ដល់​រដ្ឋបាល​រាជធានី-ខេត្ដ ដើម្បី​គាំទ្រ​លើ​ការផ្ដល់​សេវា​ប្រមូល​សម្អាត និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង នៅតាម​មូលដ្ឋាន​ឱ្យ​ទាន់​ពេលវេលា ធានា​និរន្តរភាព និង​ភាពជា​ម្ចាស់​ក្នុង​ការគ្រប់គ្រង​សំណល់​សំរាម​។

លោក​ថ្លែងថា​៖ «​ការប្រគល់​រថយន្ត​ និង​ម៉ូតូ​ដឹក​សំរាម​ទៅដល់​អាជ្ញាធរ​ខេត្ដ​នេះ​ក៏​ជា​ការចូលរួម​ពង្រីក​សេវា​ប្រមូល​សំរាម​ដោយ​ខ្លួនឯង នៅតាម​បណ្ដា​រាជធានី​-​ខេត្ដ​ដើម្បី​ឱ្យមាន​បរិស្ថាន​ស្អាត​ប្រមូល​សំរាម​ឱ្យទាន់​ពេលវេលា​ និង​ធានា​និរន្តរភាព​ និង​ការធ្វើ​ភាព​ជា​ម្ចាស់​នៅក្នុង​ការគ្រប់គ្រង​សំណល់​សំរាម​នៅ​តាម​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​»​។

ទាក់ទង​នឹង​ការគ្រប់គ្រង​សំរាម​នេះដែរ​អភិបាលស្រុក​បន្ទាយស្រី​នៃ​ខេត្ដ​សៀមរាប លោក​ ឃឹម ហ្វីណង់ បាន​ប្រើប្រាស់​រូបមន្ត​ «​សហគមន៍​ស្វ័យគ្រប់គ្រង​» ​ដើម្បី​ឱ្យ​ពលរដ្ឋ​ម្ចាស់ការ អនុវត្ដ​ការគ្រប់គ្រង​សំរាម​ក្នុង​មូលដ្ឋាន​នៃ​ភូមិ​ព្រះដាក់​ដោយ​ជោគជ័យ​ចាប់តាំងពី​ដើម​ឆ្នាំ​រហូត​មកដល់​ត្រឹម​ខែឧសភា ឆ្នាំ​ ២០២១ នេះ​និង​កំពុង​បន្ត​រៀបចំ​គម្រោង​ពង្រីក​ការអនុវត្ត​គម្រោង​នេះ​ទៅតាម​បណ្ដា​ភូមិ​ស្រុក​ដទៃទៀត​។

លោក​ ហែម ឧត្តម អ្នកជំនាញ​ផ្នែក​បរិស្ថាន​បាន​លើកឡើង​ថា ដើម្បី​ឱ្យ​ការអនុវត្ដ​គម្រោង​កាត់បន្ថយ​ការប្រើប្រាស់​សំណល់​ប្លាស្ទិក ប្រកបដោយ​ប្រសិទ្ធភាព​គឺ​ត្រូវ​ធ្វើ​ពី​ថ្នាក់ក្រោម​ជាតិ ដល់​ប្រជាពលរដ្ឋ​នៅតាម​ភូមិ ឃុំ​។ រាជរដ្ឋាភិបាល​ត្រូវមាន​ផែនការ​ច្បាស់លាស់​ក្នុង​ការទម្លាក់​ថវិកា​ក្នុង​ការអនុវត្ដ​លើ​គម្រោង​នេះ​បន្ថែមទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​ពលរដ្ឋ​នៅតែ​ត្រូវឱ្យ​មាន​ការពន្យល់​ណែនាំ​ ឬ​ដាក់ចេញ​ជា​កម្មវិធី​អប់រំ​តាមរយៈ​ក្រសួង​អប់រំ ក្រសួង​បរិស្ថាន ឬ​មន្ដ្រី​មូលដ្ឋាន ពីព្រោះ​វា​គឺជា​ការចាំបាច់​។ យើង​មិនអាច​ទម្លាក់​កិច្ចការងារ​នេះ​ទៅ​ឱ្យតែ​ក្រុមហ៊ុន​ប្រមូល​សំរាម ឬ​អ្នកទទួល​បន្ទុក​លើ​កិច្ចការងារ​នេះ​តែមួយ​ផ្នែក​ទេ​។ ប៉ុន្ដែ​ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​រឿង​សំរាម​នេះ​»៕