ភ្នំពេញៈ រដ្ឋមន្ត្រី​ចំនួន ៣ បាន​ចុះហត្ថលេខា​រួមគ្នា​ដាក់ឱ្យ​ប្រើប្រាស់​ប្រកាស​អន្តរក្រសួង​ស្ដីពី​នីតិវិធី​ពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ខណៈ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ «​ក.ប.ប» ​បាន​ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ជាង ២០០ ទីតាំង​។

ប្រកាស​អន្តរក្រសួង​ស្ដីពី​នីតិវិធី​ពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នក​ប្រើប្រាស់​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​ ៣ មិថុនា ឆ្នាំ​ ២០២១​។

ប្រកាស​អន្តរក្រសួង​នេះ​មាន​គោលដៅ​ក្នុង​ការកំណត់​វិសាលភាព​ និង​នីតិវិធី​របស់​ស្ថាប័ន​ដែលមាន​សិទ្ធិ​ក្នុង​ការពិន័យ​ជា​អន្តរការណ៍​ចំពោះ​អ្នក​ល្មើស ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ បន្ទាប់ពី​ច្បាប់​នេះ​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩​។

តាម​ប្រកាស​ដដែល​នេះ​ក៏​បាន​សម្រេច​ប្រគល់​សិទ្ធិ​ទៅឱ្យ​អគ្គនាយកដ្ឋាន ក.ប.ប ជា​អ្នក​អនុវត្ត​នីតិវិធី​ក្នុង​ការពិន័យ​ជា​អន្តរការណ៍​ដោយ​សហការ​ជាមួយ​មន្ត្រីនគរបាល​យុត្តិធម៌ ចំពោះ​បុគ្គល​ល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ បន្ទាប់ពី​បញ្ចប់​ការស៊ើបអង្កេត​។

ប្រកាស​នេះ​បាន​បញ្ជាក់​ដែរថា​៖ «​ក្នុងករណី​ដែល​បុគ្គល​ល្មើស បដិសេធ​មិន​ព្រម​ទទួល​លិខិត​ជូនដំណឹង និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការពិន័យ​អន្តរការណ៍ ឬ​មិនមាន​ម្ចាស់​ ឬ​មិនមាន​តំណាង​ទទួល​នោះ​មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក.ប.ប ត្រូវ​បិទ​សេចក្តី​ជូនដំណឹង​ពី​ការពិន័យ​នៅ​ទីតាំង​ទាំងនោះ និង​នៅ​សាលាឃុំ សង្កាត់​»​។

ប្រកាស​នេះ​បាន​ឱ្យ​ដឹង​បន្តថា​៖ «​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឱ្យបាន​ទូលំទូលាយ​នូវ​ខ្លឹមសារ​ប្រកាស​អន្តរក្រសួង​នេះ និង​ត្រូវ​រៀបចំ​ឱ្យ​មាន​កន្លែង​ទទួល​ពាក្យ​បណ្តឹងតវ៉ា ឬ​ការមិន​សុខចិត្ត​ណាមួយ ចំពោះ​ការពិន័យ​អន្តរការណ៍​របស់​មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន​ ក.ប.ប​»​។

យោងតាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ចុះ​ខែវិច្ឆិកា ឆ្នាំ ២០១៩ ​បានឱ្យដឹងថា ច្បាប់​នេះ​សំដៅ​ធានា​ឱ្យ​មាន​កិច្ចការពារ​ដល់​អ្នកប្រើប្រាស់ ដើម្បី​បង្កើត​បរិយាកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​ស្មោះត្រង់​ និង​ការប្រកួត​ប្រជែង​ដោយ​សុចរិត​។

លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៨ មិថុនា​ថា បន្ទាប់ពី​អន្តរក្រសួង​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ប្រកាស​រួម​នេះ អគ្គនាយកដ្ឋាន ក.ប.ប. បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី ៧ មិថុនា ដោយមាន​ការចូលរួម​ពី​ប្រធាន​សាខា ក.ប.ប រាជធានី ដើម្បី​ដាក់ចេញ​វិធានការ និង​ការផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​។

លោក​បញ្ជាក់ថា​៖ «​ឡូវ​ប្រកាស​នេះ​បានចេញ​ហើយ​យើង​ជជែក​គ្នា​ ដើម្បី​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ ជាពិសេស​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ដែលជា​ប្រធាន​គណៈកម្មការ​ការពារ​អ្នកប្រើប្រាស់ ដើម្បី​សុំ​ការផ្សព្វផ្សាយ និង​ការអនុវត្ត​នូវ​ខ្លឹមសារ​នៃ​ប្រកាស​រួម​នេះ​»​។

លោក​ ផាន អូន បញ្ជាក់ថា យោងតាម​ប្រកាស​រួម​នេះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប នឹង​មាន​តួនាទី​ក្នុង​ការចេញ​កំណត់ត្រា​ស្តីពី​បណ្ណ​ពិន័យ​អន្តរការណ៍ ចេញ​វិក្កយបត្រ ទទួល និង​ចេញ​បង្កាន់ដៃ​បង់ប្រាក់​ពិន័យ​អន្តរការណ៍​ឱ្យទៅ​បុគ្គល​ល្មើស រួមទាំង​កសាង​សំណុំរឿង​នៃ​បទល្មើស​នៃ​ច្បាប់​ស្តីពី​ការការពារ​អ្នក​ប្រើប្រាស់​ទៅ​តុលាការ​ផងដែរ​។

តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន ក.ប.ប ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន នៅ​ថ្ងៃទី ៨ មិថុនា បាន​ឱ្យ​ដឹងថា គិត​ចាប់ពី​ឆ្នាំ​ ២០២០ ដល់ ដើមខែ​មិថុនា ឆ្នាំ​ ២០២១ អគ្គនាយកដ្ឋាន ក.ប.ប បាន​ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ ដេប៉ូ​ចែកចាយ​ប្រេង ឥន្ធនៈ​ទូទាំង​ប្រទេស​ចំនួន ២១៨ កន្លែង​ក្នុង​នោះបាន​បញ្ជូន​ទៅ​តុលាការ​ចំនួន​ ១៧ ​ទីតាំង ខណៈ​បាន​ផាកពិន័យ​ជា​អន្តរការណ៍​ជិត ១០ ទីតាំង​។

របាយការណ៍​ដដែល​នេះ​បន្ត​ថា ក្នុងចំណោម​ជាង​ ២០០ ទីតាំង​នេះ​ គឺ​ទីតាំង​មិនមាន​ភាពអនុលោម​ផ្នែក​គុណភាព​ និង​បរិមាណ​សរុប​ជាង​ ១០០ ទីតាំង ត្រូវបាន​រកឃើញ ខណៈ​ទីតាំង​ដែល​បាន​គោរព​តាម​អនុលោម​ភាពល្អ​មាន​ជិត ៧០ ទីតាំង​៕

វីដេអូ៖