ភ្នំពេញៈ លោក ស ខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជួបពិភាក្សា​ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ៧ មិថុនា ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​ដោយបាន​ពិភាក្សា​ទាក់ទង​នឹង​កិច្ចសហប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​ ២ និង​ការងារ​លើ​វិស័យ​បញ្ហា​បរិស្ថាន ការប្រយុទ្ធ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស កិច្ច​គាំពារ​កុមារ​និង​ការអនុវត្តតាម​សេចក្ដី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​។

តាម​របាយការណ៍​នៃ​កិច្ចប្រជុំ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​លោក ស ខេង នៅ​ថ្ងៃទី​ ៧ ​ខែ​មិថុនា​ឱ្យដឹងថា តាមរយៈ​ជំនួប​នេះ​ភាគី​ទាំង ២ បានកត់សម្គាល់​ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ដែល​បានមក​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ​។

លោក ស ខេង ថ្លែងថា​៖ «​តាមរយៈ​ទស្សនកិច្ច​ដ៏មាន​សារៈសំខាន់​នេះ​នឹង​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ និង​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ​កាន់តែ​ខ្លាំង​ថែមទៀត​»​។ លោក​បាន​ថ្លែងអំណរគុណ​តាមរយៈ​លោក​ឯកអគ្គរដ្ឋទូត​ដល់​រដ្ឋាភិបាល​អាមេរិក​ដែល​បានផ្ដល់​ការគាំទ្រ​ជួយ​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា​។

លោក ស ខេង ​និង​លោក​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​អំពើ​ជួញដូរ​មនុស្ស ជាពិសេស​កិច្ច​គាំពារ​កុមារ​ និង​ការអនុវត្ត​តាម​សេចក្ដី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​។

លោក ស ខេង បាន​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា​តែងតែ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់ខ្លួន​ក្នុង​ការអនុវត្ត​នូវ​សេចក្ដី​សម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ទៅលើ​កិច្ចការ​នានា​ជាពិសេស​ពាក់ព័ន្ធ​នឹង​​ក្រុមប្រឹក្សាសន្តិសុខ​»​។

ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​បាន​ជម្រាបជូន​លោក ស ខេង ថា​បច្ចុប្បន្ន​មាន​គម្រោង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​បរិស្ថាន​កំពុង​ដំណើរការ​នៅ​កម្ពុជា​ក្រោម​ការជួយ​គាំទ្រ​របស់​សហរដ្ឋអាមេរិក​ហើយ​លោក​ឯកអគ្គរដ្ឋទូត​ចង់ឃើញ​វឌ្ឍនភាព​បន្ត​រីកចម្រើន​លើ​ការងារ​ទាំងនោះ​។

លោក ស ខេង បញ្ជាក់ថា​៖ «​ក្រៅពី​ការងារ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​ភាគី​ទាំង​ ២ ​ក៏​អាច​កំណត់​នូវ​វិស័យ​ផ្សេងៗ​ទៀត​សម្រាប់​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។ ចំណែក​នៅក្នុង​វិស័យ​បរិស្ថាន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​គិតគូរ​ និង​ផ្ដោត​ការយកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការថ្លឹងថ្លែង​អំពី​ការអភិវឌ្ឍ​ និង​ផលប៉ះពាល់​ទៅលើ​បញ្ហា​បរិស្ថាន​»​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា លោក​តែងតែ​ផ្ដល់​ការលើកទឹកចិត្ត​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ជាពិសេស​អាជ្ញាធរ​នៅ​មូលដ្ឋាន​ឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ និង​រួមគ្នា​បម្រើ​ផលប្រយោជន៍​រួម​។

ប៉ុន្តែ​លោក ស ខេង សង្កត់ធ្ងន់​ថា​៖ «​កន្លងមក​ក៏មាន​សកម្មភាព​មួយចំនួន​ដែល​បាន​ធ្វើឡើង​ក្រោម​ហេតុផល​នៃ​សកម្មភាព​ការពារ​បរិស្ថាន​ ប៉ុន្តែ​មាន​ចេតនា​បង្កបញ្ហា​អសន្តិសុខ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ដែល​សកម្មភាព​ទាំងនោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវតែមាន​វិធានការ​សមស្រប​ទៅតាម​ច្បាប់​»​។

បើតាម​ស្ថានទូត​សហរដ្ឋ​អាមេរិក​ជំនួប​រវាង លោក W. Patrick Murphy ជាមួយ លោក ស ខេង ក៏បាន​ពិភាក្សា​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចសហប្រតិបត្តិការ​ដែល​រក្សា​ឱ្យ​កម្ពុជា​ និង​សហរដ្ឋអាមេរិក​មាន​សុវត្ថិភាព រួមបញ្ចូល​ទាំង​ការអនុវត្ត​នូវ​ទណ្ឌកម្ម​នានា​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង​ និង​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៃ​បទឧក្រិដ្ឋ​ផងដែរ​។

លោក​ឯកអគ្គរដ្ឋទូត​បានលើកឡើង​ពី​ការពង្រឹង​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​។ ការជួញដូរ​មនុស្ស​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​នៅ​គ្រប់​ប្រទេស​លើ​ផែនដី​នេះ ហើយ​សហរដ្ឋអាមេរិក ជំរុញ​នូវ​កិច្ចខិតខំ​យ៉ាងខ្លាំង​ថែមទៀត នៅ​ប្រទេស​កម្ពុជា​ក្នុង​ការកាត់ទោស​អ្នកជួញដូរ​មនុស្ស និង​ការពារ​ជនរងគ្រោះ​ និង​បង្ការ​កុំឱ្យ​មាន​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស​កើតឡើង​។

ស្ថានទូត​បានឱ្យដឹង​ទៀតថា តាមរយៈ​កិច្ចប្រជុំ​នេះ​លោក​ឯកអគ្គរដ្ឋទូត បង្ហាញ​នូវ​កង្វល់​ជាខ្លាំង​ជូន​ចំពោះ​លោក ស ខេង អំពី​ការកាត់ទោស​ដាក់​ពន្ធនាគារ​នូវ​សកម្មជន​បរិស្ថាន​មួយចំនួន​។

ស្ថានទូត​បញ្ជាក់ថា​៖ «​យើង​អំពាវនាវ​ឱ្យ​មាន​ការដោះលែង​។ សេរីភាព​បញ្ចេញមតិ​គឺជា​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ការ​ហ៊ាន​និយាយ​ដើម្បី​ការពារ​បរិស្ថាន​ដែល​ប្រឈម​នឹង​ការគំរាមកំហែង ដោយសារ​ការកាប់​ឈើ​ខុសច្បាប់ និង​កេង​យក​ប្រយោជន៍​ពាណិជ្ជកម្ម​គឺជា​រឿង​គួរឱ្យ​សរសើរ​ទៅវិញ​ទេ​»​។

លោក អំ សំអាត នាយករង​អង្គការ លីកាដូ យល់ឃើញ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​មក​កាន់​កម្ពុជា​នាពេល​ថ្មីៗ​នេះ​គឺជា​ការបង្ហាញ​នូវ​កិច្ចសហប្រតិបត្តិការ​ និង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង​ ២ ក្នុងនោះ​ក៏​សហរដ្ឋ​អាមេរិក​ចង់ឃើញ​កម្ពុជា​អនុវត្ត​​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ និង​ការគោរព​សិទ្ធិមនុស្ស​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​គាំទ្រ​សំណើ​របស់លោក​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ទៅកាន់​សម្តេច​ក្រឡាហោម​ ស ខេង ​ដែល​សុំឱ្យ​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន​។ សកម្មជន​ការពារ​បរិស្ថាន​គួរ​ទទួល​បាន​ការលើក​ទឹកចិត្ត​»​។

លោក​ សំអាត បន្តថា សកម្មភាព​របស់​សកម្មជន​ការពារ​បរិស្ថាន​កន្លងមក ជា​ការចូលរួម​ចំណែក​មួយ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការការពារ​ធនធាន​ធម្មជាតិ​បរិស្ថាន​ និង​ព្រៃឈើ​។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក ប៉ា ចន្ទរឿន សង្កេតឃើញថា​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​អាមេរិក នៅក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​មក​កាន់​កម្ពុជា​ក៏​ជា​កាយវិការ​មួយ​លើ​កិច្ចសហប្រតិបត្ដិការ​រវាង​ប្រទេស​ទាំង​ ២ នៅក្នុង​កម្រិត​កាន់តែ​សកម្ម និង​ជិតស្និទ្ធ​ជាង​មុន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា ពេល​ដែលមាន​កិច្ចសន្ទនា ការជួប​ពិភាក្សា​ឈ្វេងយល់​ពីគ្នា​ទៅវិញទៅមក​តិច​ ឬ​ច្រើន​នឹង​អាចមាន​ផ្លែផ្កា​ជា​វិជ្ជមាន ក្នុង​ការស្ដារ និង​ពង្រឹង​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា​ទៅមួយ​កម្រិត​ទៀត ហើយ​ឈាន​ទៅ​ដល់​ការដោះស្រាយ​បញ្ហា​ដែល​សហរដ្ឋ​អាមេរិក​បាន​លើកឡើង លើ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​»៕