
ទិដ្ឋភាពនៅទីតាំង (គជប) ក្នុងខណ្ឌចំការមនកាលពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ គិតត្រឹមថ្ងៃម្សិលមិញរដ្ឋសភាបានទទួលបេក្ខជនឈរឈ្មោះជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មី (គជប) ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានលាលែងពីប្រធាន (គជប) ខណៈអគ្គស្នងការនគរបាលជាតិណែនាំឱ្យមន្ត្រីរៀបចំកម្លាំង ដើម្បីការពារដំណើរការបោះឆ្នោតឃុំសង្កាត់ សាកល្បងដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំនេះ។
លោក ឡេង ប៉េង ឡុង អគ្គលេខាធិការរដ្ឋសភាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា រដ្ឋសភាបានទទួលពាក្យបេក្ខជនឈរឈ្មាះជាប្រធាន (គជប) ថ្មីចំនួន ២ រូប គិតត្រឹមថ្ងៃទី ៨ ខែមិថុនា ខណៈការទទួលពាក្យនឹងផុតកំណត់នៅថ្ងៃទី ១១ ខែមិថុនា ខាងមុខ។
លោកបានឱ្យដឹងថា ក្រោយថ្ងៃផុតកំណត់នេះ រដ្ឋសភានឹងបើកកិច្ចប្រជុំអចិន្រៃ្តយ៍ ដើម្បីកំណត់បេក្ខជនរូបណាមួយដោយគោរពទៅតាមច្បាប់។
បើពិនិត្យឃើញបេក្ខជនរូបណា មានលក្ខណៈគ្រប់គ្រាន់ គណៈកម្មការអចិន្រៃ្តយ៍នឹងសម្រេចជ្រើសរើសយកបេក្ខជនរូបនោះធ្វើប្រធាន (គជប) ថ្មីជំនួសលោក ស៊ិក ប៊ុនហុក ដែលមានបញ្ហាសុខភាព។
យ៉ាងណាក្ដី លោក ឡេង ប៉េងឡុង មិនទាន់បង្ហាញអត្តសញ្ញាណបេក្ខជន ២ រូបដែលបានដាក់ពាក្យនោះទេ ដោយរង់ចាំការសម្រេចពីកិច្ចប្រជុំគណៈកម្មការអចិន្រៃ្តយ៍នៃរដ្ឋសភាជាមុនសិន ហើយក៏មិនទាន់ហ៊ានរំពឹងថានឹងមានបេក្ខជនដាក់ពាក្យស្នើសុំបន្ថែមទៀតឬយ៉ាងណានោះទេ។
បើតាមច្បាប់សាធារណជនអាចដាក់ពាក្យស្នើសុំធ្វើជាប្រធាន (គជប) ថ្មីបាន ឱ្យតែខ្លួនគិតថា មានគុណសម្បត្តិគ្រប់គ្រាន់ តាមច្បាប់កំណត់។
លោកបានបញ្ជាក់ថា៖ «ដំបូងយើងជ្រើសរើសសាធារណជន ក្រោយពីជ្រើសរើសជាសាធារណៈមានបេក្ខជនប៉ុន្មានរួចហើយ ដំណាក់កាលទី២ យើងយកបេក្ខជននោះទៅពិភាក្សាជាមួយគណបក្សដែលជ្រើសរើសលោក ស៊ិក ប៊ុនហុក មុនមកដោយជ្រើសរើសយកម្នាក់ក្នុងចំណោមបេក្ខជនដែលដាក់ពាក្យយកមកបោះឆ្នោត ដើម្បីបានការទុកចិត្តពីរដ្ឋសភា»។
លោក ស៊ិក ប៊ុនហុក ត្រូវបានគណៈអចិន្រៃ្តយ៍នៃរដ្ឋសភាសម្រេចឱ្យលាលែងពីប្រធាន (គជប) នៅថ្ងៃទី ៤ ខែមិថុនា ក្រោយពីលោកបានដាក់ពាក្យលាលែងកាលពីថ្ងៃទី ១ ខែមិថុនា ដោយមូលហេតុសុខភាព។
លោក សោម សូរីដា អគ្គលេខាធិការរង (គជប) ឱ្យដឹងដែរថា ការលាលែងរបស់លោក ស៊ិក ប៊ុនហុក ពីប្រធាន (គជប) នេះពាក់ព័ន្ធនឹងបញ្ហាសុខភាពទ្រុឌទ្រោម ដើម្បីកុំឱ្យមានបញ្ហាអវត្តមានរបស់លោកក្នុងពេលមានការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់សាកល្បងនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខ។
ពាក់ព័ន្ធនឹងការបោះឆ្នោតសាកល្បងនេះដែរ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី ៧ មិថុនា បានណែនាំឱ្យស្នងការរាជធានីខេត្តទាំង ២៥ រៀបចំកម្លាំងនគរបាល ដើម្បីការពារដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសនេះ។
បើតាមលោក នេត សាវឿន ក្នុងអំឡុងពេលបោះឆ្នោតសាកល្បងនេះនឹងដាក់កម្លាំងនគរបាលពង្រាយប្រចាំការនៅរាជធានី ខេត្តទាំង ២៥ សរុបចំនួន ៧០០ នាក់នៅតាមបណ្តាគោលដៅ និងមុខសញ្ញាសំខាន់ៗ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងថា រាល់ការបោះឆ្នោតដែលរៀបចំដោយ (គជប) តែងតែមានការចូលរួមការពារពីនគរបាលក៏ដូចជា ការការពារប្រជាធិបតេយ្យដែលកំពុងអនុវត្តនៅកម្ពុជា។ ចំពោះកម្លាំងនគរបាលត្រូវបានរៀបចំទៅតាមគោលការណ៍ណែនាំរបស់ (គជប)។ ប្រសិនបើ (គជប) មានការិយាល័យ ១០ កម្លាំងនគរបាលនឹងត្រូវការពារទាំង ១០ ការិយាល័យ។
លោកបានថ្លែងថា៖ «បើ (គជប) កំណត់ឱ្យការពារប៉ុន្មានម៉ែត្រពីការិយាល័យយើងខ្ញុំធ្វើទៅតាមហ្នឹង។
កម្លាំងរបស់យើងខ្ញុំមានបទពិសោធចំពោះការការពារនេះ ព្រោះកម្ពុជាបានរៀបចំការបោះឆ្នោត មិនមែនតែ ១ ដងទេ ហើយការបោះឆ្នោតលើកនេះជាការបោះឆ្នោតសាកល្បង ក៏មិនមែនទូទៅឯណា គឺជ្រើសរើសតែឃុំ-សង្កាត់ នៅក្នុងខេត្ត ១ ទេ»។
ទោះយ៉ាងណា លោកថា អគ្គស្នងការដ្ឋានក៏បានត្រៀមកម្លាំងនគរបាលអន្តរាគមន៍ និងបង្ការផ្សេងទៀតផងដែរ ក្រែងលោមានហេតុការណ៍មិនប្រក្រតី ឬចៃដន្យកើតឡើង។ ក្នុងនោះមានដើរល្បាតជុំវិញការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ដោយការពារពីចម្ងាយក្រែងមានអ្នកទៅអុកឡុកជាដើម។
បើតាម (គជប) ការបោះឆ្នោតសាកល្បងនេះនឹងត្រូវរៀបចំនៅរាជធានី-ខេត្តទាំង ២៥ ដោយរាជធានី-ខេត្តនីមួយៗត្រូវជ្រើសរើសយកឃុំ-សង្កាត់ចំនួន ១ ប៉ុណ្ណោះ ធ្វើជាគំរូសំណាក និងមានការិយាល័យបោះឆ្នោតចំនួន ២ សម្រាប់ឃុំ ឬសង្កាត់នីមួយៗ។ រីឯការិយាល័យមួយត្រូវមានទីតាំងនៅទីប្រជុំជន និង ១ ទៀតនៅឆ្ងាយពីទីប្រជុំជនហើយត្រូវមានអ្នកបោះឆ្នោតយ៉ាងច្រើនចំនួន ៥០០ នាក់។
ការរៀបចំការបោះឆ្នោតសាកល្បងរបស់ (គជប) នេះក្នុងគោលបំណងសាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដកបទពិសោធលើការអនុវត្តវិធានការទប់ស្កាត់ និងការពារការឆ្លងរោគរាតត្បាត (កូវីដ ១៩) ក្នុងការិយាល័យបោះឆ្នោតសាកល្បងការប្រើគំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត និងសាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ៕