កំពង់ស្ពឺ/កែបៈ ការរុះរើ​ដោយ​ស្ម័គ្រចិត្ត​នូវ​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ទូទាំង​ខេត្តកំពង់ស្ពឺ សម្រេច​បាន​ជិត​ ៩០ ​ភាគរយ និង​ទុកពេល​ឱ្យ​ក្រុមហ៊ុន​ស្រាបៀរ ដែល​មិនទាន់​ធ្វើការ​រុះរើ​ត្រឹម​ពាក់​កណ្តាលខែ​នេះ ស្របពេល​ខេត្ត​កែប​ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​រុះរើ​បដា ឬ​ផ្ទាំង​ប៉ាណូ​នានា ដោយ​ជំនួស​មកវិញ​នូវ​ខ្លឹមសារ​អប់រំ​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ ១៩​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ មិថុនា​ថា ការ រុះរើ​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ គឺ​បាន​ធ្វើឡើង​យ៉ាងសកម្ម និង​ស្ថិត​ក្នុង​ភាពល្អប្រសើរ​ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​។

ចំណែក​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅតាម​ទីសាធារណៈ​វិញ ក្រុមហ៊ុនស្រា​ក៏​បាន​ធ្វើការ​រុះរើ​ជា​បន្តបន្ទាប់​ផងដែរ ហើយ​ដោយសារ​តែ​ការរុះរើ​របស់​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ទាំងនោះ​មាន​កម្រិត ទើប​រដ្ឋបាលខេត្ត ទុក​ពេល​ឱ្យ​ធ្វើការ​រុះរើ​បន្ត​ត្រឹម​ថ្ងៃទី​ ១៥ មិថុនា​។

លោក​បញ្ជាក់ថា​៖ «​ភាគច្រើន​ពលរដ្ឋ​គាត់​រើ​បាន​ច្រើន នៅតាម​មុខផ្ទះ​របស់​ពួកគាត់​បាន​ ៨០ ​ទៅជិត ​៩០ % នៅ​ទូទាំង​ខេត្ត​។ បើ​ក្រុមហ៊ុន​រុះរើ​មិនទាន់​ត្រឹម​ថ្ងៃ​កំណត់​ទេ យើង​នឹង​ឱ្យ​ក្រុមការងារ​ចុះ​រុះរើ ដោយ​ថ្លៃ​រុះរើ និង​ថ្លៃ​ខូចខាត​ក្រុមហ៊ុន​ជា​អ្នករ៉ាប់រង​»​។

បើតាម​លោក វ៉ី សំណាង ការរុះរើ​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់ប្រភេទ គឺ​រដ្ឋបាលខេត្ត​នឹង​មិន​មាន​វិធានការ​ជំនួស​មកវិញ​នូវ​ស្លាក​ផ្សព្វផ្សាយ​នានា​នោះទេ ដោយ​លោក​យល់​ថា រក្សាទុក​ថវិកា​ទាំងនេះ ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ផ្សេងៗ ខណៈ​ប្រជាពលរដ្ឋ​ដែល​បាន​រុះរើ​ស្លាក​ស្រាបៀរ​នៅតាម​ផ្ទះ​របស់ខ្លួន គឺអាច​ជំនួស​ដោយ​ផ្ទាំង​រូបភាព​ផ្សេងៗ​ដែល​ខ្លួន​ពេញចិត្ត​ដោយ​ស្រប​តាម​គោលការណ៍​របស់​ខេត្ត​។

លោក​បន្តថា​៖ «​ប្រហែលជា​បងប្អូន​គាត់​គិតថា ផ្ទាំង​ប៉ាណូ​នៅតាម​ទីសាធារណៈ​នេះ​យើង​យកលុយ​រដ្ឋ​មក​ដាក់​ហើយ​។ ប៉ុន្តែ​អត់​ទេ គឺ​ក្រុមហ៊ុន​ទាំង​នោះគេ​អ្នក​ចំណាយលុយ​នោះទេ ដូច្នេះ​ពេល​គេ​ដក​ផ្ទាំង​ផ្សព្វផ្សាយ​របស់គេ​នោះ​គេ​ក៏​ដកចេញ​វិញ​ទាំងអស់​ដែរ​។ យើង​នឹងមិន​ចំណាយ​ទៅលើ​បញ្ហា​នេះ​ទេ​យើង​ទុក​លុយ​ទាំងនេះ​យក​ទៅ​ធ្វើ​ផ្លូវ​ធ្វើ​អ្វី​ផ្សេង​វិញ​គឺមាន​ប្រយោជន៍​ជាង​»​។

កាលពី​ថ្ងៃទី​ ២៤ ​ឧសភា ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឱ្យ​ម្ចាស់​អាជីវកម្ម​ដែល​បាន​លើក​តាំង​ស្លាក​ប៉ាណូ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​នៅ​ទូទាំង​ខេត្ត​ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់ ដើម្បី​ធានា​ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អជា​ពិសេស​លើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ​របស់​ខេត្ត​។

ជាមួយ​នឹង​ការរុះរើ​ផ្ទាំង​ប៉ាណូ​នេះ រដ្ឋបាលខេត្ត​កែប ក៏​បាន​ចេញ​លិខិត​ ១ ​ច្បាប់​ទៅ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ទូទាំង​ខេត្ត ឱ្យធ្វើ​ការរុះរើ​បដា ឬ​ផ្ទាំង​ប៉ាណូ​ដែលមាន​ខ្លឹមសារ​ផ្សព្វផ្សាយ​ផលិតផល​គ្រប់​ប្រភេទ ដោយ​ដាក់​ជំនួស​មកវិញ​នូវ​ខ្លឹមសារ​អប់រំ​នានា​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩​។

លិខិត​ចុះហត្ថលេខា​ដោយ​លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ចុះ​ថ្ងៃទី​ ៣ ​មិថុនា បន្តថា​៖ «​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​ ១៩ រដ្ឋបាលខេត្ត​កែប នឹង​ធ្វើការ​ផ្សព្វផ្សាយ​សារ​អប់រំ​ពាក់ព័ន្ធ​នឹង​វិធានការ​ការពារ​ជំងឺ​កូវីដ​ ១៩ ពិសេស​វិធានការ “៣ ការពារ ៣ កុំ​" របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ​នៅតាម​សួនច្បារ និង​ទីតាំង​សាធារណៈ​មួយចំនួន​ចាប់ពី​ថ្ងៃទី​ ១០ ខែមិថុនា តទៅ​»​។

លោក សោម ពិសិដ្ឋ បញ្ជាក់​ក្នុង​លិខិត​ថា ផ្អែកលើ​បញ្ហា​នេះ ស្នើ​លោក លោកស្រី ម្ចាស់​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធ្វើការ​រុះរើ​បដា ឬ​ផ្ទាំង​ប៉ាណូ​ដែលមាន​ខ្លឹមសារ​ផ្សព្វផ្សាយ​ផលិតផល ដើម្បី​រដ្ឋបាលខេត្ត​មានលទ្ធភាព​យក​បង្គោល​ដែល​ក្រុមហ៊ុន​បានដាក់​កន្លងមក​ដោយ​ដាក់ជំនួស​មកវិញ​នូវ​ខ្លឹមសារ​អប់រំ​នានា​ពាក់ព័ន្ធ​នឹង​វិធានការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ពិសិដ្ឋ បញ្ជាក់ថា​៖ «​ការបោះពុម្ព​ខ្លឹមសារ​អប់រំ​ជា​បន្ទុក​របស់​រដ្ឋ​បាល​ខេត្តហើយ​ការរុះរើ​ត្រូវ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់ ថ្ងៃទី​ ៩ មិថុនា ឆ្នាំ​ ២០២១ ​ជា​កំហិត​។ ករណី​មិន​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ​រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​តាម​នីតិវិធី​រដ្ឋបាល និង​ធ្វើការ​រុះរើ​ដោយ​រាល់​ការចំណាយ​ជា​បន្ទុក​របស់​ម្ចាស់​ក្រុមហ៊ុន ហើយ​រាល់​ការខូចខាត​រដ្ឋបាលខេត្ត​មិន​ទទួល​ខុសត្រូវ​ឡើយ​»​។

លោក​ មុំ គង់ ​នាយក​ប្រតិបត្តិ​អង្គការ​ចលនា ដើម្បី​សុខភាព​កម្ពុជា​បាន​សាទរ និង​បាន​ចាត់ទុក​វិធានការ​ទាំងនេះ​ថា គឺជា​ការចាប់ផ្តើម​ដ៏ល្អ​មួយ​។ ប៉ុន្តែ​លោក​នៅតែ​ចង់​ឱ្យ​មាន​ការបង្កើត​ច្បាប់ ដើម្បី​ធ្វើការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​ទាំងនេះ​នៅក្នុង​ប្រទេស​ឱ្យ​មាន​របៀបរៀបរយ​។

លោក​លើកឡើង​ថា ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង គឺជា​ការជំរុញ​លើក​ទឹកចិត្ត​មួយ ដែល​នាំឱ្យ​ពលរដ្ឋ​ឈាន​ទៅ​ដល់​ការប្រើប្រាស់ ហើយ​វា គឺជា​ដើមចម ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក និង​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​នៅតែ​និយាយ​ដដែលៗ​ថា វិធានការ​នេះ​គឺជា​ការចាប់ផ្តើម​ដ៏ល្អ​មួយ​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​យើង ក្រេប​គ្រឿង​ស្រវឹង​យ៉ាង​គគ្រឹក​គគ្រេង ដែល​ផ្ទុយ​នឹង​វិធានការ ៣កុំ ៣ការពារ របស់​រដ្ឋាភិបាល​យើង​ក្នុង​ពេលនេះ​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ បើ​មានច្បាប់​ដើម្បី​ធ្វើការ​គ្រប់គ្រង​បញ្ហា​នេះ កាន់តែ​ប្រសើរ ព្រោះ​វា​មិន​ត្រឹមតែ​ការពារ​បាន​ក្នុង​ការផ្សព្វផ្សាយ​នោះទេ​គឺ​គ្រប់គ្រង​បាន​លើ​អ្នកប្រើប្រាស់​ទៀត​»៕