កំពង់ចាមៈ រដ្ឋបាលខេត្ត​កំពង់ចាម​គ្រោង​ដាក់ពាក្យ​ស្នើសុំ​កាត់​ឆ្វៀល​ដី​ ៥០ ​ហិកតា ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ស្ដើងជ័យ ស្រុក​ជើងព្រៃ ដើម្បី​ធ្វើជា​ទីលាន​ចាក់សំរាម​ថ្មី​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

នាយក​រដ្ឋបាល​ខេត្ត​កំពង់ចាម​លោក ឃន ប្រុស ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែមិថុនា​ថា រដ្ឋបាលខេត្ត​កំពង់ចាម​កំពុង​រៀបចំ​ធ្វើ​ពាក្យស្នើសុំ​កាត់​ឆ្វៀល​ដី​ចំនួន​ ៥០ ​ហិកតា ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ស្ដើងជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ដើម្បី​យក​មក​ប្រើប្រាស់​ជា​កន្លែង​ចាក់សំរាម​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​រៀបចំ​ធ្វើ​ពាក្យ​ដើម្បី​ដាក់​ស្នើសុំ​ទៅកាន់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ អ៊ីចឹង​ក្រោយពេល​ក្រសួង កសិកម្ម​យល់ព្រម​ហើយ យើង​នឹង​ស្នើ​រាជរដ្ឋាភិបាល ដើម្បី​កាត់​ឆ្វៀល ជា​ដី​សាធារណៈ​របស់​ខេត្ត​»​។

លោក​ នួន គង់សល្យ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ចាម​ថ្លែង​ថា បច្ចុប្បន្ន​ខេត្តកំពង់ចាម​នៅ​មិនទាន់​មាន​ទីលាន​ចាក់សំរាម​ផ្ទាល់ខ្លួន​នៅឡើយ​ទេ​។ ចំណែក​ទីតាំង​ចាក់សំរាម​បច្ចុប្បន្ន ដែល​ស្ថិត​នៅ​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ មាន​ទំហំ​ ១០ ​ហិកតា​នោះ ​ជា​ទីលាន​របស់​ក្រុមហ៊ុន​ស៊ីនទ្រី​។

លោក​បន្តថា បាន​ជា​រដ្ឋបាលខេត្ត​ស្វែងរក​ទីតាំង​ថ្មី​សម្រាប់​ចាក់សំរាម ព្រោះ​ក្រុង​កំពង់ចាម​បាន​ជាប់​នៅក្នុង​គម្រោង​មួយ​របស់ ADB ដែល​គ្រោង​ជួយ​រៀបចំ​ទីលាន​ចោល​សំរាម​ដែល​មាន​ស្តង់ដា មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

លោក​ថ្លែងថា​៖ «​យើង​មាន​គម្រោង​របស់ ADB មួយ ដែល​គាត់​ជួយ​ទៅលើ​គម្រោង​ក្រុង​របៀង​របស់​ខេត្ត​ចំនួន​ ៤ ​ក្នុង​តំបន់​បឹង​ទន្លេមេគង្គ​ហ្នឹង​។ ក្នុង​ហ្នឹង​មាន​ក្រុង​កំពង់ចាម​មួយ​ដែរ ដែល​ផែនការ​ហ្នឹង​គាត់​ជួយ​ឲ្យ​ទីលាន​ចាក់សំរាម​មួយ​ដែល​មាន​ស្តង់ដា​។ ប៉ុន្តែ​ទីលាន​ដែល​យើង​បម្រុង​ទុក​វា​មិន​មាន​លក្ខណៈ អំណោយផល​ល្អ​ដល់​គម្រោង​។ អ៊ីចឹង ខេត្ត​ក៏​មាន​ផែនការ​រើស​យក​ដី​កន្លែង​ណា ដែល​អាច​មាន​ទីតាំង​ល្អ​ជាង​ទីតាំង ដែល​ត្រៀម​ហ្នឹង​»​។

លោក​ អូត ឈាងលី អភិបាល​ស្រុក​ជើងព្រៃ​ថ្លែងថា ដី​នោះ​ពិតជា​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ប្រាកដ​មែន ប៉ុន្តែ​ពាក់ព័ន្ធ​ក្នុង​ការចោល​សំរាម បើសិន​ជា​ធ្វើ​មិនបាន​ល្អ​នឹង​អាច​បណ្តាល​ឱ្យ​មាន​ជម្រាប​ទឹក​កខ្វក់​ដែល​ប៉ះពាល់​ដល់​ការធ្វើ​ស្រែចម្ការ​របស់​ពលរដ្ឋ​នៅក្បែរនោះ​។

លោក​ថ្លែងថា​៖ «​បើសិន​ជា​ទុកដាក់​មិន​បានល្អ អាច​បណ្តាល​ឱ្យ​មាន​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ២ ​ភូមិ​នៅ​ទីនោះ គឺ​ភូមិ​ខ្នារ និង​ភូមិ​ក្តុយ ឃុំ​ស្តើងជ័យ ដែល​ពួកគាត់​ធ្វើស្រែ​ចម្ការ​នៅក្បែរ​កន្លែង​ទីតាំង​ដី​ដែល​រដ្ឋបាល​ខេត្ត​គ្រោង​រៀបចំ ជា​ទីលាន​ចាក់សំរាម​នោះ​។ ប៉ុន្តែ​ខ្ញុំ​មិន​ចាំ​ថា ២ ​ភូមិ​នោះ​មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​ទេ ព្រោះ​ពេល​នេះ​ខ្ញុំ​នៅតាម​ផ្លូវ​»​។

លោក​ ហែម ឧត្តម អ្នកជំនាញ​ផ្នែក​បរិស្ថាន​ថ្លែង​ថា ការបង្កើត​ទីលាន​ចាក់សំរាម​មិន​ថា នៅ​ទីជនបទ​ ឬ​ទីប្រជុំជន​នោះទេ​សំខាន់​គឺ​បច្ចេកវិទ្យា​ក្នុង​ការរៀបចំ​ឱ្យមាន​ស្តង់ដា​ត្រឹមត្រូវ​។ បើសិន​គ្រាន់តែ​ជា​ទី​ដាក់​សំរាម ដោយ​មិន​មាន​អ្វី​ក្រាល​គ្រប ឬ​ខ្ចប់​ត្រឹមត្រូវ នោះ​ប្រាកដ​ជាមាន​ផលប៉ះពាល់​នៅពេល​មាន​ភ្លៀង​។

លោក​ថា សំរាម​ចម្រុះ ដែលមាន​ដូចជា ដប​ប្លាស្ទិក ឬ​ថង់​ប្លាស្ទិក ដែលមាន​សារធាតុគីមី វា​នឹង​ប៉ះពាល់​ខ្លាំង​ទៅលើ​គុណភាព​ដី និង​ទឹក​នៅក្រោម​ដី​ផងដែរ​។

លោក​និយាយ​ថា​៖ «​ជួនកាល​គាត់​គរ​សំរាម​ហើយ​ដុត អ៊ីចឹង​នៅពេល​ដុត ទី​១ ​អាច​បំភាយ​ផ្សែង​ដល់​អ្នក​ដុត ហើយ​និង​អ្នក​នៅ​ជុំវិញ​ហ្នឹង​ធំក្លិន​មិនល្អ ទី​២ ​វា​អាច​ជ្រាប​ទៅតាម​ប្រភពទឹក​ក្រោម​ដី​។ អ៊ីចឹង​បើសិន​ជាមាន​អណ្តូង​ទឹក ឬ​ក៏​ស្ទឹង បឹងបួរ​អី នៅ​ក្បែរ​នោះ​ក៏​ពិបាក​ក្នុង​ការយក​ទៅ​ប្រើប្រាស់​ដែរ​»​។

យ៉ាងណា​ក៏ដោយ​លោក​ នួន គង់សល្យ បញ្ជាក់​ថា ទីតាំង​ដែល​រដ្ឋបាលខេត្ត​គ្រោង​ចង់បាន​នោះ​ជា​ទីតាំង​ដែល​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​។ ហេតុនេះ​ប្រសិនបើ​មាន​ការរៀបចំ​ប្រកប​ទៅ​ដោយ​ស្តង់ដា​ទៀត​នោះ មិន​មាន​ផលប៉ះពាល់​អ្វី​ដល់​ប្រជាពលរដ្ឋ​ឡើយ​៕