សៀមរាបៈ អ្នកជំនាញ​បុរាណវិទ្យា​កម្ពុជា និង​ម៉ិកស៊ិក​ចែករំលែក​បទពិសោធ​ក្នុង​កិច្ចការ​ស្រាវជ្រាវ​បុរាណវិទ្យា​ដល់​អ្នកជំនាញ​បន្តវេន​ជំនាន់​ក្រោយ​ឱ្យ​បាន​យល់ដឹង​ពី​កិច្ចការ​បេតិកភណ្ឌ​របស់​អ្នក​ជំនាន់​មុន​តាមរយៈ​សិក្ខាសាលា​លើក​ទី​ ១ ​មាន​រយៈពេល​ ២ ​សប្តាហ៍​។

សិក្ខាសាលា​នេះ រៀបចំ​ឡើង​តាមរយៈ​ប្រព័ន្ធ Zoom ចាប់​ថ្ងៃទី​ ៧ ដល់ទី​ ២១ ខែមិថុនា​។

អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ៦ ខែ​មិថុនា​ថា​៖ «(​សិក្ខា​សាលា​នេះ​) រៀបចំ​ឡើង​ក្នុង​គោលបំណង ចែករំលែក​បទពិសោធ និង​ចំណេះដឹង​ក្នុង​កិច្ចការស្រាវជ្រាវ​បុរាណវិទ្យា ការងារ​អភិរក្ស​បុរាណ​ស្ថាន និង​បេតិកភណ្ឌ និង​បង្កើន​ការយល់ដឹង​ផ្តល់​បទពិសោធ​ដល់​អ្នក​ជំនាញ​បន្តវេន​ជំនាន់​ក្រោយ ព្រមទាំង​សាធារណជន​ឱ្យបាន​យល់ច្បាស់​អំពី​សារៈសំខាន់​នៃ​កិច្ចការ​បេតិកភណ្ឌ​ដែល​ជា​មរតក​វប្បធម៌​របស់​អ្នក​ជំនាន់មុន​»​។

ប្រធានបទ​សំខាន់ៗ​សម្រាប់​សិក្ខាសាលា​ចែករំលែក​នេះ រួមមាន​ការស្រាវជ្រាវ​របកគំហើញ​ថ្មីៗ ការជួសជុល និង​អភិរក្ស និង​ទស្សនៈ​ផ្សេងៗ​នាពេល​អនាគត​ក្នុងការ​បំពេញភារកិច្ច​ទាំងនេះ​។

ហ្វេសបុក​ដដែល​បញ្ជាក់ថា​៖ «​អ្នកជំនាញ​នៃ​ប្រទេស​ទាំង​ ២ ​ប្រមាណ​ជាង​ ១០០ ​នាក់ ​នឹង​ធ្វើការ​ប្រជុំ​តាម​កម្មវិធី ZOOM នឹង​ប្រព្រឹត្ត​ទៅដោយ​មាន​ការផ្លាស់ប្តូរ​ម៉ោង​ពេល​នៃ​ភូមិសាស្ត្រ​របស់​ប្រទេស​ទាំង​ ២»​។

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ ខែមិថុនា ថា ប្រទេស​ម៉ិកស៊ិក ​ក៏មាន​ប្រាសាទ​ថ្ម​ដូច​កម្ពុជា​ដែរ​ និង​មាន​បញ្ហា​ប្រឈម​ស្រដៀង​នឹង​កម្ពុជា​។ ការជួបប្រជុំគ្នា​នេះ​ គឺ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ និង​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​។

លោក​ថ្លែងថា​៖ «​ការរៀបចំ​សិក្ខាសាលា​ខាង​ផ្នែក​បុរាណវិទ្យា​រួមគ្នា​រវាង​កម្ពុជា និង​ម៉ិកស៊ិក​នេះ​ គឺ​ដើម្បី​ឱ្យ​សាធារណជន​បាន​ជ្រាប​អំពី​ប្រធានបទ​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​ជាមួយ​នឹង​កិច្ចការងារ​អភិរក្ស​កិច្ចការងារ​ថែរក្សា​ហ្នឹង ​គឺ​វា​ច្រើន​។ វា​មិនមែន​សំដៅ​តែ​ទៅលើ​ការជួសជុល​តែមួយ​ទេ​។ វា​មាន​ទាំង​ផ្នែក​បរិស្ថាន​មាន​ទាំង​ខាង​ផ្នែក​អី​ផ្សេង​ពាក់ព័ន្ធ​ច្រើន​ទៀត​»​។

លោក កុសល បន្ត​ថា​នេះ​ជាការ​ផ្លាស់ប្តូរ​បទពិសោធ​គឺជា​ការទទួល​បាន​នូវ​មេរៀន ឬក៏​ហៅថា បទពិសោធ​ល្អៗ​រវាង​គ្នា​នឹង​គ្នា​។ គេ​ក៏​ទទួលបាន​ចំណេះដឹង​ពី​យើង​។ យើង​ក៏​ទទួល​បាន​ចំណេះដឹង​ពី​គេ​។

បើតាម​លោក​ ឡុង កុសល កម្ពុជា និង​ម៉ិកស៊ិក​មាន​ទំនាក់ទំនង​ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ​រវាង​គ្នា​ខាង​ការងារ​អភិរក្ស​ប្រាសាទបុរាណ ហើយ​ទៅ​ថ្ងៃ​អនាគត​នឹង​អាចមាន​សិក្ខាសាលា​ចែករំលែក​បទពិសោធ​បន្តទៀត​។

កាលពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ប្រធាន​ក្រុមប្រឹក្សាភិបាល អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួប​ជាមួយ​លោក Dinesh Patnait អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​ទំនាក់ទំនង​វប្បធម៌​ឥណ្ឌា តាមរយៈ​ប្រព័ន្ធ​អ៊ីនធើណិត​។ ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​វប្បធម៌​រវាង​កម្ពុជា និង​ឥណ្ឌា​ដែល​ក្នុងនោះ​ក៏មាន​រួមបញ្ចូល​ពី​ការធ្វើ​ឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​មេគង្គ-គង្គា (​កម្ពុជា ឥណ្ឌា ភូមា ថៃ ឡាវ វៀតណាម​) ជាពិសេស​ពិនិត្យ​លទ្ធភាព​បន្ថែម​សមុច្ច័យ​ថ្មីៗ​ដើម្បី​តាំង​បង្ហាញ​។

កាលពី​ខែធ្នូ​ឆ្នាំ​ ២០២០ មូលនិធិ​បេតិកភណ្ឌ​វប្បធម៌​កូរ៉េ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ (KOICA) បានផ្តល់​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ព្យាបាល និង​ជួសជុល​វត្ថុបុរាណ​តាមបែប​វិទ្យាសាស្ត្រ​រយៈពេល​ ៥ ​ថ្ងៃ ពីថ្ងៃ​ទី​ ២១ ​ដល់ទី​ ២៥ ខែធ្នូ ឆ្នាំ​ ២០២០ ​ដល់​មន្ត្រី​ និង​បុគ្គលិក​ជំនាញ​ជួសជុល​ និង​អភិរក្ស​ប្រាសាទ​នៃ​អាជ្ញាធរ​ជាតិអប្សរា​ចំនួន​ ១៥ ​នាក់​៕