ភ្នំពេញៈ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​ម្សិលមិញ​ពាក់ព័ន្ធ​ការជះ​ទឹក​អាស៊ីត​លើ​អតីត​ប្រពន្ធ​របស់ខ្លួន​កាលពី​ឆ្នាំមុន​នៅ​រាជធានី​ភ្នំពេញ ក្រោយពី​គេចខ្លួន​បាន​ ១ ​ឆ្នាំ ហើយ​ដែល​ទើប​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃទី​ ៥ មិថុនា នៅ​ភូមិ​ ២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។

លោក ជា សុវណ្ណ អធិការរង​ទទួល​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ មិថុនា ថា ជនសង្ស័យ​ឈ្មោះ ហេង ចាន់ឌី អាយុ​ ៤៣ ​ឆ្នាំ​មាន​របរ​រត់​ម៉ូតូឌុប និង​រស់នៅ​ក្នុងភូមិ​ ២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។ រីឯ ស្ត្រី​រងគ្រោះ​ជា​អតីត​ប្រពន្ធ ឈ្មោះ​ លី រ៉ានី អាយុ​ ៥០ ​ឆ្នាំ​។ កាលពី​ឆ្នាំ​កើតហេតុ​មាន​មុខរបរ​ជា​សន្តិសុខ និង​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ត្រពាំងថ្លឹង​ ១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក​ប្រាប់ថា​៖ «​ករណី​សំណុំរឿង​របស់​ជនសង្ស័យ​ម្នាក់​នេះ​សមត្ថកិច្ច​ខ្ញុំ​បាន​បញ្ជូន​របាយការណ៍​ទៅ​តុលាការ​តាំងពី​ថ្ងៃទី​ ៧ ​មិថុនា​ម្ល៉េះ​។ ប៉ុន្តែ​ជនសង្ស័យ ខ្ញុំ​ទើបតែ​បញ្ជូន​ទៅ​តុលាការ​នៅថ្ងៃនេះ​ទេ​ (​ថ្ងៃទី​ ៨ មិថុនា​)»​។

លោក​ឱ្យដឹងថា ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ស្រាវជ្រាវ​រក​ជាយូរ​ខែ​មកហើយ ដោយ​បាន​ផ្តល់​ជា​រូបថត និង​សាវតារ​របស់​ជនសង្ស័យ​ទៅ​នគរបាល​មូលដ្ឋាន​ដែលជា​ស្រុកកំណើត​របស់​ជនសង្ស័យ​រស់នៅ​ផងដែរ​។ លុះ​នៅ​ថ្ងៃទី​ ២ មិថុនា ឆ្នាំ​ ២០២១ ស្រាប់តែ​សមត្ថកិច្ច​នគរបាល​ឃុំ​កំពង់ត្រាច បាន​រាយការណ៍​មក​ថា បានឃើញ​ជនសង្ស័យ​ឈ្មោះ​ ហេង ចាន់ឌី កំពុង​ធ្វើ​ចត្តាឡីស័ក​នៅក្នុង​មណ្ឌល​ចត្តាឡីស័ក ស្ថិត​ក្នុងភូមិ​ ២ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មា ខេត្ត​ត្បូងឃ្មុំ​។

លោក​បញ្ជាក់ថា បន្ទាប់ពី​បាន​ទទួល​សេចក្តី​រាយការណ៍ និង​ដោយ​ទទួលបញ្ជា​ពី​លោក​ ម៉ន វុធី អធិការនគរបាល​ ខណ្ឌ​ពោធិ៍សែនជ័យ សមត្ថកិច្ច​របស់លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃទី​ ៥ មិថុនា តែម្តង​។

បើតាម​លោក​ សុវណ្ណ រវាង​ស្ត្រី​រងគ្រោះ​ឈ្មោះ​ លី រ៉ានី និង​ជនសង្ស័យ​ឈ្មោះ​ ហេង ចាន់ឌី បាន​រួមរស់​ជា​ប្តី​ប្រពន្ធ​ជាមួយគ្នា​តែ​មិនបាន​រៀបការ​ទេ​។ ក្រោយមក​ជនសង្ស័យ​បាន​ចុះចោល​ស្ត្រី​រងគ្រោះ និង​បាន​ទៅ​រស់នៅ​ជាមួយ​ស្រី​ថ្មី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​។

បន្ទាប់មកទៀត ជនសង្ស័យ​សុំ​ស្ត្រី​រងគ្រោះ​ជានា​ជាមួយ​គ្នា​វិញ តែ​នាង​មិន​ព្រម​។ ហេតុនេះហើយ​ទើប​ធ្វើឱ្យ​ជនសង្ស័យ​ខឹង និង​ធ្វើ​សកម្មភាព​ជះ​ទឹក​អាស៊ីត​ដាក់​ស្ត្រី​រងគ្រោះ​នៅ​យប់​ថ្ងៃទី​ ២៨ ខែមីនា ឆ្នាំ​ ២០២០ ខណៈ​ជនរងគ្រោះ​ចេញពី​ធ្វើការ​ដើរ​ទៅ​បន្ទប់​ជួល​ភូមិ​ត្រពាំងថ្លឹង ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ បណ្ដាល​ឱ្យ​រងរបួស​ផ្ទៃមុខ​ធ្ងន់ធ្ងរ​។

ពាក់ព័ន្ធ​អំពើហិង្សា និង​ជនរងគ្រោះ​ដោយ​ទឹក​អាស៊ីត​នេះ លោកស្រី ឈុន ចិន្តាសោភា ជា​ប្រធាន​អង្គការ​ទប់ស្កាត់​ជនពិការ​ភាព​ហៅ ថា (IMPACT) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៨ មិថុនា ថា ករណី​អំពើហិង្សា​ជះ​ទឹក​អាស៊ីត​នេះ​បាន​ថយចុះ​ច្រើន បន្ទាប់ពី​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាស៊ីត ចេញ​នៅ​ឆ្នាំ​ ២០១២ ​។

បើ​ធៀប​ប្រហែល​ ៣-៤ ​ឆ្នាំមុន មុន​ច្បាប់​អាស៊ីត​ចេញ​មាន​ជនរងគ្រោះ​ជាង​ ៧០ ​នាក់ ហើយ​មកដល់​ឆ្នាំនេះ​មាន​តែ​ម្នាក់​ទៅ​ ២ ​នាក់​ប៉ុណ្ណោះ​។ ការថយចុះ​នៃ​ចំនួន​ជនរងគ្រោះ ឬ​ការថយចុះ​នៃ​អំពើហិង្សា​ដោយ​ការជះ​ទឹក​អាស៊ីត​នេះ​គឺ​ដោយសារ​ប្រទេស​កម្ពុជា​មានច្បាប់​ស្តីពី​ការគ្រប់គ្រង​អាស៊ីតខ្លាំង​។

លោកស្រី​ថ្លែងថា​៖ «​ច្បាប់​នេះ​មាន​ឥទ្ធិពល​មែន ព្រោះ​អី​គេ​ដាក់​បន្ទុក​ទៅលើ​អ្នកលក់​អ្នកទិញ​ដែរ​។ បើសិនជា​ទិញ​ ឬ​ក៏​លក់​អត់​ច្បាប់ គឺ​គេ​ពិន័យ​ហើយ គេ​ចាប់​ដាក់គុក​ទៀត​។ អ៊ីចឹង​ទៅ​ធ្វើឱ្យ​មនុស្ស​ខ្លាច​អត់​ហ៊ាន​យកទៅ​ធ្វើ​អ្វី​ផ្តេសផ្តាស​ទេ​។ មាន​ដាក់​ទណ្ឌកម្ម​ជា​ទោស​ព្រហ្មទណ្ឌ​ទៀត​ដែល​អាច​ជាប់គុក​ពី​ ២០ ​ទៅ​ ២៥ ​ឆ្នាំ​ឯណោះ​»៕