កំពង់ធំៈ ប្រជាពលរដ្ឋ​ ២០០ ​គ្រួសារ​ ក្នុង​ឃុំ​សំព្រោច ស្រុក​ស្ទោង បារម្ភ​ខ្លាច​ខូច​ដំណាំ​ស្រូវ​បាននាំគ្នា​តវ៉ា​ទៅ​អាជ្ញាធរ​ខេត្តកំពង់ធំ​ស្នើសុំ​ជួយ​សម្រួល ដើម្បី​បាន​បូមទឹក​ចេញពី​ប្រឡាយ​ដាក់ចូល​ទៅក្នុង​ស្រែ ដែល​កំពុង​ខ្វះខាត​ទឹក ខណៈ​មាន​ពលរដ្ឋ​ ១០០ ​គ្រួសារ​ផ្សេងទៀត ​កំពុង​ដេក​យាម​ប្រឡាយ និង​ហាម​ពលរដ្ឋ​ដែល​តវ៉ា​នោះ​បូមទឹក​យក​។ ទោះយ៉ាងណា អាជ្ញាធរ​ស្រុក​អះអាងថា បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ​។

លោក​ ពេញ ពូល មេឃុំ​សំព្រោច ថ្លែង​ថា បន្ទាប់ពី​មាន​ភាពរាំងស្ងួត​ប្រជាពលរដ្ឋ​ក៏មាន​ការខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​។ ហេតុដូច្នេះ ទើប​ប្រជាពលរដ្ឋ​ទាំងនោះ​តវ៉ា​សុំឱ្យ​មាន​ការបូមទឹក​ចេញពី​ប្រឡាយ ក្រោយពី​មាន​ពលរដ្ឋ​ចំនួន​ ១០០ ​គ្រួសារ ​បាន​ឡើងទៅ​ស្នើសុំ​ឱ្យ​បើកទឹក​ចេញពី​សំណង់​ ៣០ ​កញ្ញា ដាក់​ទៅក្នុង​ប្រឡាយ​សម្រាប់​បូម​ដាក់​ចូល​ក្នុង​ស្រែ​ដែល​កំពុង​ខ្វះខាត​ទឹក​។

ទោះយ៉ាងណា លោក​ថា បន្ទាប់ពី​ពលរដ្ឋ​ ១០០ ​គ្រួសារ ​បាន​ទៅ​ស្នើសុំ​បើកទ្វារ​ទឹកបាន​ហើយ ពួកគេ​ក៏បាន​នាំគ្នា​ទៅ​បិទ​លូ​តាម​បណ្តោយ​ប្រឡាយ​កុំឱ្យ​ទឹក​ហូរ​បែកចេញ​មុន​ទៅដល់​ដីស្រែ​ពួកគាត់​ដែល​នៅ​ខាងក្រោម​។ ហេតុនេះ​ទើប​ពួកគាត់​ទៅ​ដេក​យាម និង​ហាមឃាត់​ពលរដ្ឋ​មួយ​ចំនួន​ផ្សេងទៀត​បូមទឹក​យក​។

លោក​បាន​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ខ្ញុំ​មួយ​ចំនួន គាត់​ចាំតែ​បើក​យក​ទឹក ឬក៏​បូម​យក​ទឹក ដោយ​មិនបាន​ទៅ​ចូលរួម​ស្នើសុំ​ទឹក​នោះទេ​។ ដោយឡែក ពលរដ្ឋ​ដែល​ទៅ​ដេក​យាម នោះ​ស្នើសុំ​មក​ខ្ញុំ សុំ​កុំ​ឱ្យមាន​ប្រជាពលរដ្ឋ​ណា​បូម​យក​ឱ្យសោះ ព្រោះ​ទឹក​ដែល​ពួកគាត់​ស្នើសុំ​នោះ ហូរ​មិនទាន់​ដល់​ដីស្រែ​របស់​ពួកគាត់​»​។

លោក​មេឃុំ​សំព្រោច បាន​បន្តថា អាជ្ញាធរ​ឃុំ​បានគិត​គូរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ឃុំ ប៉ុន្តែ​សុំឱ្យ​មាន​ការយោគយល់​អធ្យាស្រ័យ​គ្នា​។ ព្រោះ​បើ​មាន​អ្នក​ឡើងមក​យក​ទឹក​ផ្សេង ហើយ​មាន​អ្នក​ចាំ​យក​ទឹក​ផ្សេង ជាហេតុ​ធ្វើឱ្យ​មាន​ការប៉ះពាល់​គ្នា​នាំឱ្យ​អ្នក​ឡើង​ទៅយក​ទឹក​បែរជា​មិនបាន​ទឹក​។ រីឯ​អ្នក​ដែល​មិនបាន​ឡើង​ទៅយក​ទឹក បែរ​ជា​បូម​យក​អស់នោះ​មិនមែន​ជា​ការល្អ​ទេ ព្រោះ​ទឹក​មិនអាច​ហូរ​ទៅ​ដល់​បានឡើយ ប្រសិន​បើ​មិនមាន​អ្នក​ឡើងមក​នាំ​ទឹក​។

លោក​ថ្លែងថា​៖ «​បើសិនជា​ពួកគាត់​ឡើងមក​ដេកចាំ​នាំ​ទឹក​ទៅ​ដូចគ្នា​នោះ​វា​លែង​ជា​បញ្ហា​ទៀតហើយ ប៉ុន្តែ​ពលរដ្ឋ​មួយចំនួន​គាត់​មិន​ព្រម​ឡើង​មក​ទេ​។ អ៊ីចឹង​បើ​គាត់​បូម​នោះ ឯ​គ្នា​ដេកចាំ ចាំ​នៅឯ​ណេះ វា​អយុត្តិធម៌​សម្រាប់​ពួកគាត់​ជា​ពលរដ្ឋ​មួយក្រុម​ទៀត​ដែល​ខំប្រឹង​នាំ​ទឹក​ទៅ​»​។

លោក​ ប៊ី ឆុន អាយុ ៤០ ​ឆ្នាំ ជា​ពលរដ្ឋ​នៅ​ភូមិ​អំពៅព្រៃ ឃុំ​សំព្រោច ស្រុក​ស្ទោង ថ្លែងថា មាន​ពលរដ្ឋ​ចំនួន​ ២០០ ​គ្រួសារ ដែល​មាន​ដីស្រែ​នៅ​ឆ្ងាយ​ពី​ប្រឡាយ​បារម្ភ​ខ្លាច​ខូចខាត​ដំណាំ​ស្រូវ ខណៈ​មាន​ការហាមឃាត់​មិនឱ្យ​មាន​ការបូមទឹក​ដាក់​ស្រែ ទើប​នាំគ្នា​ធ្វើ​ការតវ៉ា​បន្តបន្ទាប់រ​ហូត​ដល់​ថ្ងៃទី​ ៧ ខែមិថុនា​។

លោក​បាន​និយាយ​ថា​៖ «​ស្រូវ​ពួកខ្ញុំ​នៅ​ឃុំ​សំព្រោច​នេះ មាន​ការស្វិត​ច្រើន ដោយសារ​អត់​មាន​ភ្លៀង ហើយ​ពេល​គេ​នាំ​ទឹក​ពី​សំណង់​ ៣០ ​កញ្ញា​មក គេ​មិនឱ្យ​គ្នា​យើង​ប្រើប្រាស់​ទេ​»​។

ពលរដ្ឋ​រូបនោះ​បន្តថា​៖ «​ពេល​ពួកខ្ញុំ​កំពុង​បូមទឹក គេ​មក​បញ្ឈប់ រុញ​ម៉ាស៊ីន រុញ​អី​ទម្លាក់​ទឹក​។ ពួកគាត់​ ១ ​ឆ្នាំ​ធ្វើស្រែ បាន​ ២ ​ទៅ​ ៣ ​ដង ហើយ​ទឹក​គាត់​យក​រហូត​ដល់​ពេល​ខ្វះ​ទឹក​ពលរដ្ឋ​គ្នា​បូមទឹក​តិចតួច​មក​ឃាត់​»​។

ប្រជាពលរដ្ឋ​ម្នាក់ទៀត​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ ក្នុង​លក្ខខណ្ឌ​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​កាលពី​ម្សិលមិញ ថា​បន្ទាប់ពី​រដ្ឋាភិបាល​បានធ្វើ​ប្រឡាយ​បេតុង​នាំ​ទឹក ប្រជាពលរដ្ឋ​មានទឹក​សម្រាប់​ស្រោចស្រព​ស្រែ​ស្រូវ​បាន​យ៉ាង​ស្រួល​។ ប៉ុន្តែ​បាន​រយៈ​ ១ ​ឆ្នាំ​ក្រោយមក ក៏​មាន​ការកាយ​ប្រឡាយ​បន្ត​ពី​ប្រឡាយ​ដែល​រដ្ឋាភិបាល​ធ្វើ​ហើយ​នោះ សម្រាប់​ស្រោចស្រព​ដីស្រែ​នៅ​ផ្នែក​ខាងក្រោម​ថែមទៀត​ដែល​មាន​ដី​រាប់រយ​ហិកតា ពី​សំណាក់​អ្នកមាន​លុយ​។

ពលរដ្ឋ​រូបនេះ​ថ្លែងថា​៖ «​នៅពេល​ពួកគាត់​ឡើង​ទៅយក​ទឹក ហើយ​ប្រជាពលរដ្ឋ​យើង​សុំ​បូម សុំ​បង្ហូរ​តាម​លូ​តិចតួច គាត់​អត់ឱ្យ​ទេ​។ គាត់​ថា យើង​អត់​ជួយ​ឡើង​ទៅយក​ទឹក​ជួយ​អី​ឯណា ឯ​ណី សុទ្ធតែ​ថា គាត់​ខំឡើង​ទៅយក​។ ឯ​យើង​នៅចាំ​តែ​បូម​យក​ឯណេះ ប៉ុន្តែ​ពេល​គាត់​ឡើង​ទៅយក​អត់​មាន​ហៅ​ពួកយើង​ទៅ​ទេ​»​។

អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ធំ​លោក យ៉ូវ សេងគុណ ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ជុំវិញ​បញ្ហា​នេះ​លោក​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​ពេញលេញ​នៅឡើយ​ទេ ព្រោះ​កំពុង​រង់ចាំ​របាយការណ៍​ពី​ខាង​អាជ្ញាធរ​ស្រុក​ស្ទោង​។ លោក​បាន​ថ្លែងថា​៖ «​ជុំវិញ​បញ្ហា​នេះ សូម​លោក​ទាក់ទង​ទៅខាង​អាជ្ញាធរ​ស្រុក​»​។

លោក​ ណែត សារី អភិបាលស្រុក​ស្ទោងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៨ ខែមិថុនា​ថា ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​ស្រុក​បាន​ចុះ​សម្របសម្រួល​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទឹក​ប្រើប្រាស់​ហើយ​។

លោក​បាន​ថ្លែងថា​៖ «​មិនមែន​មិនឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទេ ប៉ុន្តែ​ត្រូវ​ធ្វើការ​បែងចែក​គ្នា​បូម​ប្រើ​។ មានន័យថា អ្នកណា​ដែល​ទៅ​នាំ​ទឹក ឬ​បើក​​ទ្វារ​ទឹក​បង្ហូរ​ចេញមក​ហ្នឹង​ឱ្យ​គាត់​ប្រើប្រាស់​មុន​ទៅ​។ អ្នក​ដែល​មិនបាន​ជួយ​បង្ហូរទឹក នាំ​ទឹក​ហ្នឹង​មក​ប្រើប្រាស់​ក្រោយ​អ៊ីចឹងទៅ មាន​តែ​ចែកគ្នា​ប្រើ​អ៊ីចឹង គ្រាន់តែ​មុន និង​ក្រោយ​ទេ​។ ឥឡូវនេះ​យើង​បាន​សម្របសម្រួល​ហើយ​អស់ហើយ​»៕