
សកម្មភាពអាជ្ញាធរចុះផ្អាកចំណតរថយន្តក្នុងក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី ៩ មិថុនា ។ រូបថត សហការី
កំពង់ឆ្នាំងៈ ក្រុមគ្រូពេទ្យកំពុងចុះយកសំណាកអ្នករត់តាក់ស៊ីនៅបេនឡានផ្សារលើក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២០១ នេះ បន្ទាប់ពីរដ្ឋបាលក្រុងប្រកាសផ្អាកជាបណ្តោអាសន្ននូវដំណើរការចំណតរថយន្តតាក់ស៊ីទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង ដែលធ្វើដំណើរពីកំពង់ឆ្នាំងទៅកាន់រាជធានីភ្នំពេញ និងទៅកាន់កន្លែងផ្សេងៗទៀត។
លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅព្រឹកនេះថា ក្រុមគ្រូពេទ្យកំពុងយកសំណាកលើបងប្អូនជាអ្នករត់តាក់ស៊ី និងអ្នកពាក់ព័ន្ធផ្សេងៗទៀតបានចំនួនជាង ១០០ នាក់ ហើយគិតត្រឹម ម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី ១០ ខែមិថុនានេះ។
លោកថ្លែងថា៖ «អ្នករត់តាក់ស៊ីនៅក្រុងកំពង់ឆ្នាំងទាំងអស់មាន ៥១ នាក់ ប៉ុន្តែមានប្រជាពលរដ្ឋផ្សេងទៀតបានមកចូលរួមពិនិត្យតាមការប្រកាសអំពាវនាវរបស់អាជ្ញាធរ។អ៊ីចឹងព្រឹកនេះមានអ្នកយកសំណាកជាង ១០០ នាក់ ហើយដែលទទួលបានលទ្ធផលសុទ្ធតែអវិជ្ជមាន ប៉ុន្តែយ៉ាងណាយើងនៅតែយកសំណាកបន្តទៀត» ។
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពង់ឆ្នាំងកាលពីម្សិលមិញបានឱ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញវិជ្ជមានកូវីដ ១៩ ចំនួន ២ នាក់ ទៅលើអ្នករត់តាក់ស៊ីក្នុងក្រុងកំពង់ឆ្នាំង។
ចំណែកចំណតរថយន្តនៅក្នុងក្រុងកំពង់ឆ្នាំងទាំងមូល ត្រូវបានអាជ្ញាធរក្រុងចេញសេចក្តីប្រកាសបិទទាំងស្រុង មិនអនុញ្ញាតឲ្យធ្វើដំណើរដឹកភ្ញៀវចេញពីក្រុងកំពង់ឆ្នាំង ទៅភ្នំពេញ ឬទៅតំបន់ដទៃទៀតទេ។
បើតាមលោកអភិបាលក្រុងកំពង់ឆ្នាំង ការបិទសកម្មភាពរត់តាក់ស៊ីនេះ មិនទាន់កំណត់ពេលវេលាច្បាស់លាស់ក្នុងការកបើកឲ្យដំណើរការឡើងវិញនៅឡើយទេ។លោកថាការបិទនេះទៀតសោតគោលបំណងដើម្បីយកសំណាករកជំងឺកូវីដ១៩ពីអ្នកបើកបរ និងអ្នកពាក់ព័ន្ធផ្សេងៗ ការពារកុំឲ្យមានការរីករាលដាលការឆ្លងធ្ងន់ធ្ងរ។
លោកថ្លែងថា៖ «ការបិទនេះ គឺបិទតែរត់យន្តតាក់ស៊ីក្រុងកំពង់ឆ្នាំងតែប៉ុណ្នោះ មិនមែនបិទការឆ្លងកាត់ខេត្តទេ។ អ៊ីចឹង សូមកុំយល់ច្រឡំ រថយន្តតាក់ស៊ីផ្សេងៗទៀត ដែលរត់ឆ្លងកាត់ខេត្តកំពង់ឆ្នាំងអាចធ្វើដំណើរបានធម្មតាមិនបានការហាមឃាត់ឡើយ» ។