ភ្នំពេញៈ អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ប្រកាស​ហាមឃាត់​ការដាក់​តាំង​លក់​រថយន្ត​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ​ក្នុង​ខណ្ឌដូនពេញ​ទាំងមូល ដោយ​ប្រាប់​ឱ្យ​ម្ចាស់​រថយន្ត ត្រូវតែ​យក​រថយន្ត​ចេញពី​ចិញ្ចើមផ្លូវ​ចាប់ពី​ថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១២ មិថុនា ជា​កំហិត ហើយ​បើ​ក្នុងករណី​មិន​សហការ​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត ឬ​បាត់បង់​ឡើយ​។

សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​ ៨ មិថុនា ​របស់​លោក សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ​អះអាង​ថា កន្លងមក​រដ្ឋបាល​ខណ្ឌ​ដូនពេញ​បាន​ចុះ​អនុវត្ត​ការរៀបចំ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ​បាន​ស្អាត​ជាប្រចាំ​។

ប៉ុន្តែ​ក្រោយពី​បញ្ចប់​ការបិទខ្ទប់​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ សង្កេតឃើញ​ថា មាន​ពលរដ្ឋ​មួយចំនួន​តូច​បាន​យក​រថយន្ត​មក​ដាក់តាំង​លក់​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើឱ្យ​បាត់បង់​សោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​បណ្តាល​ឱ្យ​មាន​ការកកស្ទះ​ចរាចរណ៍​តាម​ដងផ្លូវ​យ៉ាងខ្លាំង​។

រដ្ឋបាល​ខណ្ឌដូនពេញ​បញ្ជាក់ថា​៖ «​ដើម្បី​រក្សាបាន​នូវ​សណ្ដាប់ធ្នាប់ របៀបរៀបរយ សោភណភាព​ និង​ជា​ប្រយោជន៍​សាធារណៈ រដ្ឋបាល​ខណ្ឌដូនពេញ​សម្រេច​ដាក់ចេញ​ជាគោលការណ៍​មួយចំនួន​ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​ការដាក់​តាំង​លក់ និង​ចត​រថយន្ត​គ្រប់​ប្រភេទ​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ​ជា​ដាច់ខាត​ចាប់ពី​ពេល​នេះ​តទៅ​»​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខណ្ឌ​ក៏​បាន​ទុក​រយៈពេល​គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​ថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១២ ខែ មិថុនា ឆ្នាំ​ ២០២១ ដើម្បីឱ្យ​លោក លោកស្រី​ដែល​ជា​ម្ចាស់​យក​រថយន្ត​ចេញពី​ទីតាំង​ខាងលើ​នេះ​ជា​កំហិត​។ ក្នុងករណី នៅតែ​មិន​អនុវត្តតាម​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ទេ រដ្ឋបាល​ខណ្ឌដូនពេញ​នឹង​ចុះអនុវត្ត​វិធានការ​រដ្ឋបាល ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការខូចខាត បាត់បង់​ទ្រព្យសម្បត្តិ​ឡើយ​។

លោក​ គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ​ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​លើកឡើង​ថា ជា​ការពិត ការដាក់​តាំង​លក់​រថយន្ត​លើ​ចិញ្ចើម ឬ​ទ្រូងផ្លូវ​សាធារណៈ គឺ​ពិតជា​បង្ក​ឱ្យ​ផ្លូវ​រួម​តូចចង្អៀត និង​ឈាន​ទៅ​ដល់​ភាពកកស្ទះ​ចរាចរណ៍​។

ការកកស្ទះ​ចរាចរណ៍​នេះ​លោក ថា​មិន​ត្រឹមតែ​ធ្វើឱ្យ​ខាតបង់​ពេលវេលា ផលិតភាព​ការងារ ថវិកា ដោយ​យានយន្ត​ត្រូវ​ប្រើប្រាស់​ប្រេងឥន្ធនៈ​អស់​ច្រើន​នោះទេ ក្រៅពីនេះ គឺ​មាន​ការបំពុល​បរិស្ថាន​ដោយ​ឧស្ម័ន CO2 ដែល​បញ្ចេញ​ពី​យានយន្ត​ផងដែរ​។ រីឯ​អ្នកប្រើប្រាស់​ផ្លូវ​វិញ ក៏​អាច​កើត​នូវ​ជំងឺស្ត្រេស ថប់​អារម្មណ៍ កាត់បន្ថយ ភាពអត់ធ្មត់ និង​ធ្វើឱ្យ​ប៉ះពាល់​សុខភាព​ផ្នែក​ផ្សេងទៀត នៅពេល​ពួកគេ​ជួបប្រទះ​នូវ​រំហូរ​ដែល​បង្កឱ្យ​មាន​ការកកស្ទះ​លើ​ដងផ្លូវ​នេះ​។

លោក​ សុវណ្ណ ចង់ឱ្យ​រដ្ឋបាល​ខណ្ឌ គួរ​ដាក់ចេញ​វិធានការ និង​កំណត់​ពេលវេលា​ឱ្យបាន​ជាក់លាក់ ដើម្បី​រៀបចំ​ឱ្យ​ប្រសើរ​ឡើង​នូវ​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ បើ​ក្នុងករណី​នៅតែ​បន្ត​មាន​រូបភាព​ល្មើស​ទាំងនេះ​ធ្វើ​អាជីវកម្ម​បង្ក​ឱ្យ​បាត់បង់​នូវ​សណ្តាប់ធ្នាប់​ និង​ប៉ះពាល់​ប្រយោជន៍​ និង​សុខភាព​សាធារណៈ ការដាក់វិន័យ​រដ្ឋបាល និង​វិន័យ​ម៉ឺងម៉ាត់​របស់​ថ្នាក់លើ​ចំពោះ​រដ្ឋបាល​ខណ្ឌ ឬ​សង្កាត់​នោះ​គួរ​ត្រូវបាន​អនុវត្ត​ជា​គំរូ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ជឿជាក់​លើ​យន្តការ​របស់​រដ្ឋាភិបាល​ថា​លោក​ពិតជា​នឹងធ្វើ​ឱ្យបាន ព្រោះ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ សណ្តាប់ធ្នាប់ សោភណភាព​ទីក្រុង​ ឬ​តំបន់​ប្រជុំជន ក៏ដូចជា​អាច​កាត់បន្ថយ​ភាពកកស្ទះ​ចរាចរណ៍​បាន​មួយកម្រិត​ធំ​ផងដែរ​»៕

វីដេអូ៖