ភ្នំពេញៈ ក្នុងជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិន នាពេលកន្លងមកនេះ ប្រទេសទាំង ២ បានបញ្ជាក់ជាថ្មីអំពីជំហរនៃការពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន និងកសាងសហគមន៍វាសនារួមគ្នា។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសបានជួបពិភាក្សាជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិនក្នុងដំណើរទៅបំពេញទស្សនកិច្ច ២ ថ្ងៃ ទៅកាន់ក្រុងឆុងឈីងកាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមិថុនា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៦។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាចេញផ្សាយកាលពីថ្ងៃទី ៨ ខែមិថុនា បានឱ្យដឹងថា៖ «ភាគីទាំង ២ (កម្ពុជា-ចិន) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពដូចដែកថែបព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ២ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន»។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយដែលលោកអះអាងថា ជាជំនួយដ៏សប្បុរស និងទាន់ពេលវេលារួមមានឧបករណ៍វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ ១៩។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដដែលលោក វ៉ាង យី ថ្លែងថា ចិននឹងបន្តគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។
ដើម្បីបន្តជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកូវីដ ១៩ រដ្ឋាភិបាលចិននឹងបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ចំនួន ៥០ ម៉ឺនដូសហើយវ៉ាក់សាំង ៤,៥ លានដូសទៀតនឹងដឹកដល់កម្ពុជាក្នុងខែមិថុនានេះ។ ក្រៅពីនេះរដ្ឋបាលក្រុងឆុងឈីងក៏បានបរិច្ចាគសម្ភារវេជ្ជសាស្ត្រដែលមានតម្លៃ ១,១ លានយ័ន (១៧២ ០០០ ដុល្លារ) ផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលរដ្ឋមន្ត្រីការបរទេសទាំង ២ ក៏បានឯកភាពពន្លឿននីតិវិធីផ្ទៃក្នុងសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីជំរុញពាណិជ្ជកម្មវិនិយោគក៏ដូចជាទេសចរណ៍រវាងប្រទេសទាំង ២ ។ ចិនក៏បានសន្យាថានឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជាជាពិសេសអង្ករ និងស្វាយ។
បន្ទាប់ពីជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសទាំង ២ កម្ពុជា និងចិនក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងគម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សម្រាប់ឆ្នាំ ២០២១-២០២៥ ក៏ដូចជាការសម្ពោធនូវការបើកការិយាល័យកុងស៊ុលចិននៅខេត្តព្រះសីហនុ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែមិថុនា ថា ទំនាក់ទំនងកម្ពុជា-ចិនពីពេលនេះទៅថ្ងៃមុខគឺមិនមានសញ្ញាណាមួយបង្ហាញថាមានការធ្លាក់ចុះនោះទេ ហើយការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង ២ តែងតែធ្វើឡើងជាញឹកញាប់។
ប្រទេសទាំង ២ មានកម្រិតទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការកសាងសហគមន៍ដែលមានវាសនារួមគ្នាក្នុងឆ្នាំ ២០១៩ ដែលនឹងបន្តផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមកដល់ប្រទេសទាំង ២។
លោក ភា ថ្លែង៖ «ក៏ប៉ុន្តែ អ្វីដែលកង្វល់សម្រាប់យើងដែលអ្នកមើលខាងក្រៅគឺការប្រកួតប្រជែងគ្នារវាងឥទ្ធិពលរបស់ចិន និងសហរដ្ឋអាមេរិក វាអាចនឹងមានការប៉ះពាល់ដល់ប្រទេសយើងដែរ ដោយសារតែទំនាក់ទំនងយើងល្អជាមួយចិន ហើយសហរដ្ឋអាមេរិកពិតហើយមិនជាសប្បាយចិត្តនឹងឥទ្ធិពលចិននៅអាស៊ីអាគ្នេយ៍និយាយជារួម និងនៅកម្ពុជានិយាយដោយឡែក»។
លោកថ្លែងថា កម្ពុជាចាំបាច់ត្រូវតែប្រើនូវគោលនយោបាយការបរទេសមួយដ៏ឆ្លាតវៃ ដើម្បីទាញផលប្រយោជន៍ពីការប្រកួតប្រជែងនៃប្រទេសមហាអំណាច។
ដោយឡែកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ាន-ចិន លោក ប្រាក់ សុខុន បានថ្លែងពីសមិទ្ធផលសំខាន់ៗ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ក្នុងវិស័យជាច្រើនដែលរួមមានកិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខរហូតដល់ពាណិជ្ជកម្ម និងការវិនិយោគព្រមទាំងការផ្លាស់ប្តូរប្រជាជន និងប្រជាជនដែលបាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាច្រើន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេស។
ប្រភពដដែលនេះបានឱ្យដឹងថា៖ «ដោយកត់សម្គាល់ពីការរីកចម្រើនយ៉ាងខ្លាំងពីទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិនក្នុងរយៈពេលជាង ៣០ ឆ្នាំចុងក្រោយនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះ ការដំឡើងទំនាក់ទំនងអាស៊ាន-ចិនទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លោក សុខុន បានថ្លែងកោតសរសើរប្រទេសចិនចំពោះការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ទូទាំងពិភពលោក និងក្នុងតំបន់អាស៊ានតាមរយៈការផ្តល់វ៉ាក់សាំង និងការផ្គត់ផ្គង់សម្ភារសុខាភិបាល។
ពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មក្នុងតំបន់ លោក សុខុន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់ការតភ្ជាប់ និងសង្កត់ធ្ងន់លើតម្រូវការចាំបាច់ក្នុងការអនុវត្តសេចក្តីប្រកាសរួមអាស៊ាន-ចិន ស្តីពីផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ៕