ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​សម្រេច​កំណត់​ផ្នែក​ខ្លះ​នៅ​ភូមិ​ចោមចៅ​៣ នៃ​សង្កាត់​ចោមចៅ​ទី​២ ផ្នែក​ខ្លះ​នៅ​ភូមិ​ត្រពាំងពោធិ៍ ភូមិ​ព្រៃព្រីង​ខាង​​ជើង និង​ភូមិ​ជម្ពូវ័ន្ត​នៃ​សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពៅធិ៍សែនជ័យ​ទៅជា​ «​តំបន់​លឿងទុំ​» ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​ ៨ មិថុនា ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​ម្សិលមិញ​បានឱ្យ​ដឹងថា ការបិទខ្ទប់​ធ្វើ​ឡើង​រយៈពេល​ ១៤ ​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ​​ថ្ងៃទី​ ១០ ខែមិថុនា​ដល់​ថ្ងៃទី​ ២៣ ខែ មិថុនា ឆ្នាំ​ ២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ ១៩​។

ក្នុង​អំឡុងពេល​បិទខ្ទប់​នេះ​បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន​ ឬ​ទីសំណាក់​បច្ចុប្បន្ន​របស់ខ្លួន​ឡើយ​។ ប៉ុន្តែ​ការធ្វើ​ដំណើរ​ចេញ​ក្រៅពី​លំនៅឋាន​ ឬ​ទីសំណាក់​បច្ចុប្បន្ន​អាច​ត្រូវ​បាន​អនុញ្ញាត​តែ​ក្នុងករណី​ចាំបាច់​បំផុត​ដូចជា ទៅ​ប្រកប​មុខរបរ ឬ​អាជីវកម្ម ការធ្វើ​ដំណើរ​ទៅ​ក្រសួង ស្ថាប័នរដ្ឋ ការធ្វើ​ដំណើរ​ទៅកាន់​ទីកន្លែង​លក់​ម្ហូបអាហារ កន្លែង​លក់​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ មន្ទីរពេទ្យ មណ្ឌលសុខភាព និង​ការធ្វើដំណើរ​របស់​អ្នកសារព័ត៌មាន​ជាដើម​។

សេចក្តី​ប្រកាស​ព័ត៌មាន​សរសេរ​ថា​ «​ត្រូវបាន​ហាមឃាត់​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ទាំងអស់ ដែល​មិនមែន​ជា​តម្រូវ​ការចាំបាច់​ប្រចាំ​ថ្ងៃ ប៉ុន្តែ​សកម្មភាព​ការងារ​មុខរបរ​​ ឬ​អាជីវកម្ម អាច​ត្រូវបាន​អនុញ្ញាត​ក្នុង​ករណី​ចាំបាច់ ដូចជា​ការងារ​របស់​ស្ថាប័ន​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធ គ្រប់​ប្រភេទ​ព្រមទាំង​មន្ត្រី និង​បុគ្គលិក​សុខាភិបាល​។ រោងចក្រ សហគ្រាស សិប្បកម្ម​ ឬ​ទីកន្លែង​ផលិត​ឱសថ និង​សម្ភារ​បរិក្ខារ​ពេទ្យ រួមទាំង​ម៉ាស់ អាល់កុល​» ​ជាដើម​។

អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា ពេល​បិទខ្ទប់​ត្រូវ​ហាមឃាត់​រាល់​ការជួបជុំ​ ឬ​ការប្រមូលផ្តុំ​មនុស្ស លើកលែង​តែ​ក្នុងករណី​ចាំបាច់ ដូចជា ការជួបជុំ​ក្នុង​ចំណោម​សមាជិកគ្រួសារ ដែល​រស់នៅក្នុង​លំនៅឋាន ឬ​ទីសំណាក់​ជាមួយ​គ្នា​។

ការរៀបចំ​ពិធី​បុណ្យសព ដោយ​គោរព​តាម​ការកំណត់​របស់​អាជ្ញាធរ​​មាន​សមត្ថកិច្ច និង​ក្រោយពេល​យក​សំណាក​សព​ទៅ​វិភាគ​រក​កូវីដ​ ១៩ ដោយ​ទទួល​លទ្ធផល​អវិជ្ជមាន ការជួបជុំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​មន្ត្រី​សុខាភិបាល​ជាដើម​។

លោក ឃួង ស្រេង បញ្ជាក់​ក្នុង​លិខិត​ថា «​ត្រូវអនុវត្ត​បម្រាម​គោចរ​នៅ​ «​តំបន់​លឿងទុំ​» ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង​ ២០ ដល់​ម៉ោង​ ៣ លើកលែង​តែ​ករណី​ចាំបាច់​»​។

ដោយឡែក​ទីកន្លែង​លក់ដូរ​គ្រឿង​ឧបភោគ​បរិភោគ និង​ភោជនីយដ្ឋាន អាហារដ្ឋាន​ត្រូវ​លក់ដូរ​ជា​លក្ខណៈ​វេចខ្ចប់ ហើយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​រឹតបន្តឹង និង​ពិនិត្យ​នៅតាម​ទីកន្លែង​ទាំងនោះ​ និង​ត្រូវ​ហាមឃាត់​មិនឱ្យ​បើក​ដំណើរការ​ចំពោះ​ផ្សារ​មិន​រៀបរយ ឬ​ទីតាំង​ណា​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​​ការចម្លង​ និង​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ចំពោះ​បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយណា​ដែល​បំពាន​វិធានការ​នេះ​នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ ដោយ​រួមទាំង​ការឃាត់ទុក ជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើដំណើរ និង​ទណ្ឌកម្ម​រដ្ឋបាល ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​។

ចៅសង្កាត់​ចោមចៅ​ទី​ ២ លោក​ វ៉ា សារ៉ង បាន​ថ្លែងថា នៅ​សង្កាត់​លោក​បាន​បិទ​ផ្ទះ​​ជួល​នៅ​ផ្សារកាណាស៊ីតធី​ដែល​មាន​ ៤៩៧ ​បន្ទប់ បន្ទាប់ពី​បាន​រកឃើញ​អ្នកជំងឺ​កូវីដ- ១៩ ចំនួន​ ៣៥២ ​នាក់​ក្នុង​ចំណោម​កម្មករ​រោងចក្រ​មីង​ដា ៣ ៧០៣ ​នាក់​។

លោក​ថា​៖ «​នៅថ្ងៃនេះ​យើង​បាន​បញ្ជូន​អ្នកជំងឺ​ដែល​រកឃើញ​ទៅ​ព្យាបាល​អស់​ហើយ​។ ដោយឡែក​ករណី​ពិនិត្យ​លើក​ទី​ ១ មិនឃើញ​មាន​ជំងឺ​កូវីដ​ ១៩ យើង​ធ្វើការ​បិទខ្ទប់​ទីតាំង​គាត់ ប៉ុន្តែ​យើង​ដាក់​កម្លាំង​ឃ្លាំមើល​ ២៤ ​ម៉ោង បើ​គាត់​មិន​ស្រួលខ្លួន​យើង​នឹង​ហៅ​ឡានពេទ្យ​មកជា​បន្ទាន់​ ដើម្បី​សង្គ្រោះ​គាត់​ចេញ​កុំ​ឱ្យមាន​ការឆ្លង​តគ្នា​» ។

លោក សុទ្ធ សុខជាតិ ចៅសង្កាត់រង​ចោមចៅ​ទី​៣ បាន​ថ្លែងថា ក្រោយពី​គ្រូពេទ្យ​​ជំនាញ​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​កើនឡើង​នៅ​រោងចក្រ​ QMI ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​ ៣ អាជ្ញាធរ​សម្រេច​បិទខ្ទប់ រោងចក្រ និង​ផ្សារ​ត្រពាំង​ពោធិ៍ បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​។ លោក​ថា​៖ «​អ្នក​ដែល​ត្រូវយក​សំណាក​ចំនួន​ ៣ ៨៨០ ​នាក់ និង​រកឃើញ​វិជ្ជមាន​ចំនួន ៣០២ ​នាក់​» ។

ដោយឡែក​នៅ​ខេត្ត​សៀមរាប​លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​នេះ​​ថា អាជ្ញាធរខេត្ត​បាន​ចុះ​ផាកពិន័យ​អាជីវករ​​ក្នុង​ផ្សារលើ​ធំថ្មី​ដែល​មិនបាន​ពាក់​ម៉ាស់​ត្រឹមត្រូវ​។ លោក​ថា​៖ «​យើង​បាន​ផាកពិន័យ​មនុស្ស​ស​ ៣១ ​នាក់​ក្នុង​នោះ​ ១៤ ​នាក់​បាន​បង់លុយ​នៅ​នឹង​កន្លែង ឯ​ ១៧ ​នាក់​ទៀត​យើង​ធ្វើ​វិក្កយបត្រ​ទុកពេល​ឱ្យ​គាត់​ទៅ​បង់​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត ព្រោះ​ពេលនោះ​គាត់​អត់​មាន​លុយ​បង់​»​។

ប្រធាន​មន្ទីរ​បញ្ជាក់ថា ជាមួយ​ការចុះ​ផាកពិន័យ​ពាក់​ម៉ាស់ មិនបាន​ត្រឹមត្រូវ​នេះ អាជ្ញាធរ​បាន​ណែនាំ​បន្ថែម​ពាក់ព័ន្ធ​ក្នុង​ការរក្សា​គម្លាត និង​អំពាវនាវ​ពលរដ្ឋ​ឱ្យ​អនុវត្ត​នូវ​វិធានការ «៣ការពារ និង​៣កុំ​» ឱ្យបាន​​គ្រប់ៗ​គ្នា​។ លោក​ថា ចំពោះ​ការផាកពិន័យ​​នឹង​បន្ត​ចុះ​ថែមទៀត ប៉ុន្តែ​មិនទាន់​អាច​កំណត់​ពេលវេលា​នោះទេ​៕