ភ្នំពេញៈ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ស្នើ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តី​ជូនដំណឹង​មួយ​ទៅ​ម្ចាស់​រោងចក្រ​សហគ្រាស​នានា​នៅ​រាជធានី ឱ្យ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ស្នាក់នៅ​របស់​កម្មករ កម្មការិនី ឱ្យ​បាន​ច្បាស់លាស់ ដើម្បី​ងាយ​គ្រប់គ្រង​ទៅលើ​កម្មករ ក្នុង​អំឡុង​ពេល​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ។

ការស្នើឡើង​របស់លោក​ ឃួង ស្រេង បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ៨ ខែមិថុនា តាមរយៈ video conference ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ​ចំណុះ​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​ការផ្សព្វផ្សាយ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃទី​ ៨ មិថុនា​។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​បច្ចេកទេស​ការធ្វើ​បច្ចុប្បន្នភាព​របស់​បងប្អូន​កម្មករ-កម្មការិនី​រស់នៅ ដែល​បង្ក​ភាពងាយស្រួល​ក្នុង​ការគ្រប់គ្រង​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ តាម​រោងចក្រ តាម​បន្ទប់​ជួល ដែល​បងប្អូន​កម្មករ-កម្មការិនី​រស់នៅ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​»​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​មិន​អាច​សុំ​អត្ថាធិប្បាយ​ជុំវិញ​សំណើ​នេះ​បានទេ នៅ​ថ្ងៃទី​ ៩ ខែមិថុនា ដោយ​ទូរស័ព្ទ​មិនមាន​ការឆ្លើយតប​។

ប៉ុន្តែ​បើតាម​ប្រសាសន៍​របស់​លោក​ ឃួង ស្រេង ដែល​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដកស្រង់​ក្នុង​កិច្ចប្រជុំ​នោះ​ថា​៖ «​ក្នុង​រយៈពេល​ ១ ​ខែ​ចុងក្រោយ​នេះ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ឃើញថា មិនមាន​ការថមថយ​នៅឡើយ​ទេ ហើយ​អ្នក​ដែលមាន​វិជ្ជមាន​កូវីដ​ ១៩ ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដែរ ភាគច្រើន​ជា​បងប្អូន​កម្មករ-កម្មការិនី​ដែល​បម្រើ​នៅតាម​បណ្តា​រោងចក្រ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​»​។

ដូច្នេះ​ការស្នើ​ទៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឱ្យ​ចេញ​ជា​សេចក្តី​ជូនដំណឹង​មួយ​ទៅ​ម្ចាស់​រោងចក្រ​សហគ្រាស​ក្នុង​រាជធានី​ភ្នំពេញ​ធ្វើ​ជា​បញ្ជី​ស្នាក់នៅ​របស់​កម្មករ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​អាច​គ្រប់គ្រង​កម្មករ​ទាំង​នោះ បាន និង​ឈាន​ទៅ​ដល់​ការកាត់ផ្ដាច់​បាន​នូវ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​។

ក្រៅពីនេះ លោក ឃួង ស្រេង ក៏បាន​ជំរុញ និង​ធ្វើការ​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​ ១៤ ឱ្យ​ត្រៀមលក្ខណៈ​ដើម្បី​ចូលរួម​សហការ និង​ធ្វើ​ការងារ​នេះ​ព្រមៗ​គ្នា​ជាមួយ​ក្រសួង​ការងារ ក្រោយ​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ការងារ​ចេញ​ជា​ផ្លូវការ​ផងដែរ ដើម្បី​អាច​សហការ​ធ្វើ​ការងារ​នេះ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ជាមួយ​ម្ចាស់​រោងចក្រ​។

លោក​ ឃួង ស្រេង បញ្ជាក់ថា​៖ «​ចំពោះ​ការងារ​នេះ​ត្រូវតែ​ធ្វើឡើង​ដោយ​លម្អិត មាន​ទាំង​លិខិតបត្រ​របស់​កម្មករ ឈ្មោះ ទីកន្លែង​ស្នាក់នៅ​ច្បាស់លាស់ ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​រូបថត​ ៤ ​គុណ​នឹង​ ៦ ​ផងដែរ មានន័យថា មាន​បញ្ហា យើង​អាច​ឈាន​ទៅ​កាត់ផ្តាច់​ឫសគល់​នៃ​ជំងឺ​កូវីដ​ ១៩ ​នេះ​បាន​»​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​កាលពី​ថ្ងៃទី​ ៩ មិថុនា ក៏​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានដែរ​ជុំវិញ​ការចេញ​សេចក្តីជូនដំណឹង​ទៅកាន់​ម្ចាស់​រោងចក្រ​សហគ្រាស​នេះ​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ មិថុនា ថា សមាគម​នឹង​ធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​បន្ត​ទៅ​បណ្តា​រោងចក្រ​ដែលជា​សមាជិក​អំពី​ព័ត៌មាន​នេះ ប្រសិនបើ​ក្រសួង​បាន​ចេញ​សេចក្តី​ណែនាំ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ស្នាក់នៅ​របស់​កម្មករ-កម្មការិនី​។

លោក​ប្រាប់ថា​៖ «​រហូតមកដល់​ពេលនេះ បណ្តា​រោងចក្រ​មាន​បញ្ជី​ស្នាក់នៅ​របស់​កម្មករ-កម្មការិនី​រួចហើយ​នៅក្នុង​រោងចក្រ​នីមួយៗ​។ ប៉ុន្តែ​ការរក្សា​វា ឱ្យមាន​បច្ចុប្បន្ន​ភាពជា​រៀងរាល់ខែ​នោះ​អាច​ជា​ការងាររដ្ឋបាល​មួយ​ដែល​លំបាក​សម្រាប់​បុគ្គលិក​រោងចក្រ​យើង​»៕