ព្រះវិហារៈ គម្រោង USAID ព្រៃឡង់​បៃតង​កំពុង​រៀបចំ​គម្រោង រេដបូក​ដែល​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៤ នៅ​ខេត្តព្រះវិហារ ហើយ​គម្រោង​នេះ​នឹង​រៀបចំ​ការពិគ្រោះ​យោបល់​ស្តីពី​ការព្រមព្រៀង​ដោយ​សេរី​ជាមុន និង​ផ្តល់ព័ត៌មាន (FPIC) ជាមួយ​ភូមិ​ ៥១ ​។ នេះ​បើតាម​ USAID ព្រៃ​ឡង់​បៃតង​។

ការអះអាង​នេះ​បាន​ធ្វើ​ឡើង​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ USAID ព្រៃឡង់​បៃតង​កាលពី​ថ្ងៃទី​ ៨ ខែមិថុនា បន្ទាប់ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​របស់​ភាគី​ពាក់ព័ន្ធ​រវាង​អាជ្ញាធរ​ជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បាន​បណ្តុះបណ្តាល​លើ​គោលការណ៍ FPIC ពី​តួនាទី និង​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ត្រូវ​បាន​បញ្ចប់​ពី​ពេល​ថ្មីៗ​នេះ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់ USAID ព្រៃឡង់​បៃតង​ឱ្យ​ដឹងថា គម្រោង USAID ព្រៃឡង់​បៃតង​នឹង​រៀបចំ​ការពិគ្រោះ​យោបល់ FPIC ក្នុង​ភូមិ​ចំនួន ​៥១ ដែល​ស្ថិតក្នុង​តំបន់​គម្រោង​រេដបូក​នេះ ហើយ​ខ្លួន​ក៏​កំពុង​រៀបចំ​គម្រោង​រេដបូក ដែល​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៤ នៅ​ខេត្ត​ព្រះវិហារ​ផងដែរ​។

ការផ្តល់​ហិរញ្ញប្បទាន​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៤ ​នេះ គឺ​ក្នុង​ចំណោម​ភូមិ​ចំនួន​ ៥១ ​ដែល​ស្ថិតក្នុង និង​ជុំវិញ​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ព្រះរកា ឆែប និង​ឧទ្យាន​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​។ នេះ​បើ​តាម​ការអះអាង​របស់​ស្ថាប័ន​នេះ​។

USAID ព្រៃឡង់​បៃតង​បញ្ជាក់ថា​៖ «​នៅពេល​ដែល​ព្រៃឈើ​ត្រូវ​បាន​រក្សា​ឱ្យនៅ​គង់វង្ស យើង​អាច​ទទួល​បាន​មកវិញ​នូវ​ហិរញ្ញវត្ថុ តាមរយៈ​ការលក់​កាបូន​។ ការលក់ កាបូន​មិន​ត្រឹមតែ​ផ្តល់នូវ​អត្ថប្រយោជន៍​រួម​ដល់​ប្រជាសហគមន៍​ទេ វា​ថែមទាំង​ផ្តល់​ជា​ហិរញ្ញវត្ថុ​សម្រាប់​ប្រើប្រាស់​ដើម្បី​អភិរក្ស​តំបន់ការពារធម្មជាតិ​»​។

ជាមួយ​គ្នា​នេះ USAID ព្រៃឡង់​បៃតង​បាន​និយាយទៀតថា គម្រោង​រេដបូក និង​ការលក់​កាបូន​ព្រៃឈើ​អាច​ដំណើរការ​ទៅបាន លុះត្រា​តែ​មាន​ការយល់ដឹង​ដោយ​គ្រប់ភាគី​ពាក់ព័ន្ធ​អំពី​អ្វីដែល​គម្រោង​រេដបូក​នឹងធ្វើ ហើយ​ថា តើ​ពួកគេ​អាច​ចូលរួម​បាន​ដោយ​របៀប​ណា​?

ដូច្នេះ​អ្វីដែល​សំខាន់​បំផុត​នោះ គឺ​សហគមន៍​ត្រូវតែ​ទទួលបាន​ឱកាស​ដើម្បី​ស្វែងយល់​អំពី​គម្រោង​រេដបូក​តាមរយៈ​គោលការណ៍​មួយ​ដែលមាន​ឈ្មោះថា ការព្រមព្រៀង​ដោយ​សេរី​ជាមុន និង​ផ្តល់ព័ត៌មាន (FPIC)​។

លោក ឈុន ឌឺលុច ប្រធាន​គម្រោង​រេដបូក​ទំរីង​នៃ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា ដែល​កំពុង​ដឹកនាំ​អនុវត្ត​គម្រោង​រេដបូក​ក្នុង​តំបន់​ព្រៃឡង់ កត់សម្គាល់​ឃើញថា ការប្រកាស​ពី​គម្រោង​រេដបូក​ដែល​នឹង​ផ្តល់​ហិរញ្ញប្បទាន​ប្រកបដោយ​និរន្តរភាព​សម្រាប់​តំបន់ការពារធម្មជាតិ​នៅ​ខេត្ត​ព្រះវិហារ​នេះ​នាពេល​កន្លងមក​គឺ​មាន​ការប្រកាស​ច្រើន​។ ប៉ុន្តែ​ចំពោះ​សកម្មភាព​ជាក់ស្តែង​យ៉ាងណា​នោះ លោក​ហាក់​មិនសូវ​ច្បាស់​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ឃើញតែ​មាន​ការប្រកាស​ពី​គំនិត​ផ្តួចផ្តើម​ជុំវិញ​បញ្ហា​ច្រើន​នេះ ប៉ុន្តែ​មិនទាន់​មាន​ឯកសារ​ផ្លូវការ​ណា​ពី​រដ្ឋាភិបាល​ឱ្យ​អនុម័ត​ពី​គម្រោង​រេដបូក​នេះ​ជា​ផ្លូវការ​នោះទេ​។ ការប្រកាស​នេះ គ្រាន់​ជា​គម្រោង​មួយៗ​របស់​អង្គការ​ទាំងនោះ ដើម្បី​ជា​មូលដ្ឋាន​របស់គាត់​ប៉ុណ្ណោះ​»​។

ទោះយ៉ាងណា លោក​ ឈុន ឌឺលុច បាន​បន្ថែមថា ប្រសិនជា​គម្រោង​ដែល​កំពុង​រៀបចំ​នេះ​អាច​លេច​ជា​រូបរាង​ពិតមែន​នោះ​ពិតជា​ចូលរួមចំណែក​ការពារ​បរិស្ថាន ជាពិសេស​ជួយ​ដល់​ប្រជាសហគមន៍​ក្នុង​តំបន់​ទាំងនោះ​បាន​ច្រើន​។

ជាពិសេស​នោះ​លោក​ចាត់ទុក​គ្រប់​គម្រោង​រេដបូក​ទាំងអស់ គឺ​សុទ្ធតែ​មាន​គោលដៅ​ក្នុង​ការកាត់បន្ថយ​ភាពសឹករេចរឹល​នៃ​ព្រៃឈើ​។ លោក​ថា បើសិន​ការសិក្សា​ពី​ផលចំណេញ​នៃ​ការវិនិយោគ​មាន​លក្ខណៈ​តិចជាង​ការវិនិយោគ នោះ​គួរតែ​ធ្វើការ​ពិចារណា​ជាថ្មី​៕