បាត់ដំបងៈ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ជាង​ ៥០០ ​គ្រាប់ ​​ត្រូវបាន​ប្រជាពលរដ្ឋ​ម្នាក់​ប្រទះឃើញ​កាលពី​ថ្ងៃទី​ ៨ ​មិថុនា នៅតាម​មាត់ច្រាំង​ស្ទឹងសង្កែ ក្នុង​ភូមិ​ផ្លូវមាស ឃុំ​ផ្លូវមាស ស្រុក​រតនមណ្ឌល ខេត្ត​​បាត់ដំបង ខណៈ​គាត់​កំពុង​ចេញទៅ​នេសាទ ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​។

លោក សន និល អធិការ​នគរបាល​ស្រុក​រតនមណ្ឌល​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោក​បាន​បញ្ជា​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ឃុំ​ផ្លូវមាស ឱ្យ​ចុះទៅ​ការពារ និង​បាន​រាយការណ៍​ទៅ​អង្គភាព​ស៊ីម៉ាក់​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​ឱ្យមក​បន្សាប និង​យក​ចេញពី​តំបន់​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យមាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា ការងារ​នេះ​ក្រុមមន្ត្រី​នគរបាល​បាន​យាមកាម​ក៏ដូចជា ដាក់​បារ៉ាស់ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នេះ​កុំឱ្យ​មកកាន់​ទីតាំង​ដែល​មាន​គ្រាប់​នេះ ក្រែងលោ​មាន​គ្រោះថ្នាក់​។

បើតាម​លោក សន និល គ្រាប់​ទាំងនេះ​ត្រូវបាន​ប្រទះ​ឃើញ​កាលពី​ថ្ងៃទី​ ៨ ខែមិថុនា ដោយ​​ប្រជាពលរដ្ឋ​ឈ្មោះ យ៉ាវ យូន ភេទ​ប្រុស អាយុ​ ៤៣ ​ឆ្នាំ រស់នៅ​ភូមិ​ផ្លូវមាស ឃុំ​ផ្លូវមាស ស្រុក​រតនមណ្ឌល ខណៈ​ដែល​រូប​គាត់​បាន​ចេញ​ដាក់​មង​ត្រី​ក្នុង​ដងស្ទឹង​សង្កែ​។

លោក​អធិការ​បានឱ្យ​ដឹងថា គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ​មាន​ប្រភេទ គ្រាប់មីន​ប្រភេទ​ 72A ​ចំនួន​ ៣៦ ​គ្រាប់ គ្រាប់កាំភ្លើង​ប្រភេទ B40 ​ចំនួន ៣ ​គ្រាប់ និង​គ្រាប់កាំភ្លើង​ប្រភេទ K57 ​ចំនួន​ ៥០០ ​គ្រាប់ ។ ​«​គ្រាប់មីន​ទាំង​ ៣៦ ​គ្រាប់​នេះ មាន​មួយ​​ចំនួន​ហាក់​នៅមាន​ប្រសិទ្ធភាព​ក្នុង​ការបំផ្ទុះ​បាន​បើទោះបី​ជា​វា​កប់​ក្នុង​ដី​រយៈពេល​យូរ​ឆ្នាំ​មកហើយ​ក្តី រីឯ​គ្រាប់កាំភ្លើង​ទាំង​ ២ ​ប្រភេទ​ទៀត​មាន​សភាព​ច្រែះចាប់​អស់ហើយ​»​។

លោក សន និល បញ្ជាក់ថា នៅ​ចំណុច​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនេះ​កាលពី​សម័យ​សង្គ្រាម​​គឺជា​តំបន់​សមរភូមិ​ប្រយុទ្ធ​ដ៏ស្រួចស្រាល់​មួយ​ក្នុងចំណោម​ចំណុច​ផ្សេងទៀត​ក្នុង​ស្រុក​រតនមណ្ឌល ហើយ​យុទ្ធភណ្ឌ​ទាំងនេះ​អាចជា​របស់​កងទ័ព​ក្នុងសម័យ​នោះ ដែល​បាន​រក្សាទុក​សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រយុទ្ធ​។

ប៉ុន្តែ​នៅ​​ពេល​ក្រោយមក​យុទ្ធភណ្ឌ​ទាំងនេះ​បាន​កប់​ទៅក្នុង​ដី​នៅ​គុម្ពឫស្សី​ជិត​មាត់​ស្ទឹង ហើយ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​នៅ​ចំណុច​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​មានទឹក​ហូរ​ច្រោះ​ដី​ជា​ហេតុ​ធ្វើឱ្យ​យុទ្ធភណ្ឌ​ទាំងនេះ​ផុសចេញ​មកពី​គុម្ពឫស្សី​ទើប​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​។

បើតាម​លោក សន និល កាលពី​ថ្ងៃទី​ ៤ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ​ក៏​មាន​ប្រជាពលរដ្ឋ​ធ្លាប់បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ស្រុក​រតនមណ្ឌល​ពី​ករណី​ប្រទះឃើញ​​គ្រាប់មីន​ប្រភេទ 72A ​ចំនួន ១២ ​គ្រាប់​ម្តង​ផងដែរ បន្ទាប់ពី​ពួកគាត់​បាន​ប្រទះឃើញ​ ខណៈ​កំពុង​ភ្ជួរ​ដី​ក្នុង​ចម្ការ​របស់គាត់​នៅ​ចំណុច​ភូមិ​ជីប៉ាង ឃុំ​​ផ្លូវមាស ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​។

លោក ព្រីង បញ្ញារិទ្ធិ ប្រធាន​អង្គភាព​កំចាត់មីន​ទី​ ២ ប្រចាំ​​ខេត្តបាត់ដំបង បានឱ្យ​ដឹងថា លោក​បាន​បញ្ជូន​កម្លាំង​ទៅ​ដោះ​បន្សាប និង​ប្រមូល​គ្រាប់​ទាំងនោះ​ហើយ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ​។

លោក​ថា​ មិនមែន​តែ​ ១ ​កន្លែង​នេះ​ទេ នៅឯ​ចំណុច​ឃុំ​ឃ្លាំងមាស ស្រុក​​បវេល ខេត្ត​បាត់ដំបង​ឯណោះ ក៏មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ដែរ ដោយ​គ្រាប់​នោះ​ផុស​ឡើង បន្ទាប់ពី​ទឹកស្ទឹង​​បាន​ស្រក​ចុះ​។

ទោះបីជា​យ៉ាងណា លោក ព្រីង បញ្ញារិទ្ធិ មិនទាន់​ដឹងថា​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះទេ ខណៈ​មន្ត្រី​របស់​លោក​កំពុងតែ​ចុះទៅ​ដោះ​បន្សាប​នៅ​ទីនោះ​។

ចំណែក​នៅ​ឃុំ​ស៊ុង​ ស្រុក​សំឡូត​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក៏មាន​ប្រជាកសិករ​ប្រទះឃើញ​គ្រាប់​​មីន​មិនទាន់​ផ្ទុះ​មួយចំនួន​ផងដែរ​នៅពេល​គាត់​កំពុង​ភ្ជួរស្រែ​​ ប៉ុន្តែ​សំណាងល្អ​មិនមាន​ផ្ទុះ​​ហើយ​ត្រូវបាន​កម្លាំង​ស៊ីម៉ាក់​ទៅ​ដោះ​បន្សាប​រួចហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រាប់​​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនេះ​បាន​បន្សល់​ពី​សម័យ​សង្គ្រាម​​ដោយ​កម្លាំង​ទាហាន​យក​ទៅ​កប់​ចោល ហើយ​ឥឡូវ​បាត់​ម្ចាស់​​វា​ទើប​ផុស​ចេញមក​ដែល​ភាគច្រើន​ស្ថិត​នៅ​ស្រុក​សំឡូត និង​គាស់ក្រឡ​នៃ​ខេត្តបាត់ដំបង​ដោយ​មាន​ការប្រទះឃើញ និង​គ្រោះថ្នាក់​ច្រើនជាងគេ​»៕