
មន្ត្រីឈរពិនិត្យគ្រឿងចក្រដែលរឹបអូសបាន។ រូបថត សហការី
កំពង់ឆ្នាំងៈ មន្ត្រីបរិស្ថានខេត្តកំពង់ឆ្នាំងកំពុងស្រាវជ្រាវស្វែងរកម្ចាស់គ្រឿងចក្រដែលឈូសឆាយដីព្រៃដោយខុសច្បាប់ជិត ១០០ ហិកតា នៅចំណុចឡុស ភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស បន្ទាប់ពីចុះបង្ក្រាប និងរឹបអូសយកគ្រឿងចក្រ ១ គ្រឿងទៅរក្សាទុកជាភ័ស្តុតាងនៅស្នាក់ការបរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កាលពីថ្ងៃទី ៨ ខែមិថុនា។
លោក ម៉ែន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងថ្លែងពីម្សិលមិញថា មន្ត្រីបរិស្ថានកំពុងស្រាវជ្រាវស្វែងរកម្ចាស់គ្រឿងចក្រ ដែលបានឈូសឆាយដីព្រៃដោយខុសច្បាប់នៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស។
គិតមកដល់ថ្ងៃទី ៩ ខែមិថុនានេះ កម្លាំងជំនាញបរិស្ថានខេត្តកំពង់ឆ្នាំងនៅមិនទាន់ស្គាល់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើសនៅឡើយ ចំណែកភ័ស្តុតាងមានគ្រឿងចក្រចំនួន ៣ គ្រឿង និងទីកន្លែងដីព្រៃជាង ៧០ ហិកតាដែលបានឈូសឆាយជាក់ស្តែង។
លោកថ្លែងថា៖ «រឿងហ្នឹងកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវនៅឡើយ មិនទាន់មានវិធានការអីទេ។ ចំពោះភ័ស្តុតាងយើងរក្សាទុកសិន ដើម្បីសិក្សាស្រាវជ្រាវរកប្រភពឱ្យបានច្បាស់លាស់។ គ្រឿងចក្រទាំង ៣ គ្រឿងនោះយើងយកមកបានតែ ១ គ្រឿងទេ ដោយឡែក ២ គ្រឿងផ្សេងទៀត វាខូចហើយយើងអត់មានមធ្យោបាយដឹកជញ្ជូនមកទុក»។
អភិបាលស្រុកទឹកផុសលោក សូត្រ សង់ ថ្លែងពីម្សិលមិញថា ពិតជាមានការចុះទៅឃាត់គ្រឿងចក្រនៅទីតាំងនោះមែន ប៉ុន្តែក្នុងការចុះទៅបង្ក្រាបទីតាំងនោះគណៈបញ្ជាការឯកភាពស្រុកគ្រាន់តែផ្តល់កម្លាំងសហការតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយលោកអភិបាលស្រុកប្រាប់ថា ដីនៅតំបន់នោះក្រុមនិស្សិត ០១ របស់នាយករដ្ឋមន្ត្រីធ្លាប់បានវាស់វែង និងចេញបណ្ណរួចហើយ ប៉ុន្តែនៅមានមួយចំនួនទៀតមិនទាន់បានវាស់វែង។ លោកបញ្ជាក់ថា ក្នុងករណីនេះកន្លងមកធ្លាប់មានការលួចឈូស ហើយត្រូវបានលោកចាត់កម្លាំងចម្រុះមានវិធានការម្តងហើយ។
លោកថ្លែងថា៖ «ពេលអនុវត្តវិធានការលើកមុន ខ្ញុំពិនិត្យឃើញថា ដីគាត់មានបណ្ណ។ អ៊ីចឹងយើងក៏ណែនាំឱ្យគាត់ស្នើសុំលិខិតអនុញ្ញាតឈូសឆាយ ព្រោះតាមច្បាប់ទោះបីជាដីមានបណ្ណក៏ដោយ ក៏គាត់ត្រូវមានលិខិតអនុញ្ញាតឈូសឆាយដែរ ប៉ុន្តែម្ចាស់គ្រឿងចក្រនេះ គាត់មិនទាន់បានធ្វើលិខិតស្នើសុំឈូសឆាយអីផង បែរជាបន្តលួចទៅឈូសឆាយថែមទៀត ទើបមានព្រះរាជអាជ្ញាដឹកនាំកម្លាំងទៅចាត់ការតែម្តង»។
បើតាមលោក សូត្រ សង់ ទំហំដីដែលបានឈូសឆាយចុងក្រោយនេះលោកមិនបានដឹងថាមានចំនួនប៉ុន្មានទេ ប៉ុន្តែការឈូសឆាយលើកមុនមានប្រមាណជាង ៧០ ហិកតាលើផ្ទៃដីដែលមានបណ្ណនិស្សិត។ លោកអភិបាលស្រុកទឹកផុសបានបញ្ជាក់ថា លោកមិនបានស្គាល់ ឈ្មោះម្ចាស់ដីថាជាអ្នកណាឡើយ។
លោកថ្លែងថា៖ «ខ្ញុំគ្រាន់តែដឹងថា ដីនោះមានឈ្មោះរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នោះ ហើយត្រង់គាត់លក់ឱ្យអ្នកណាក៏គាត់មិនបានដឹងដែរ ហើយបច្ចុប្បន្នក៏មិនទាន់មានការកាត់ផ្ទេរឈ្មោះទៅឱ្យខាងអ្នកណាផងដែរ»។
លោក សំ ចាន់គា មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង ថ្លែងថា អ្នកដែលហ៊ានទន្ទ្រានយកដីដែលស្ថិតក្នុងតំបន់អភិរក្ស មិនមានប្រជាពលរដ្ឋធម្មតានោះទេ ភាគច្រើនគឺជាអ្នកមានលុយ។
លោកថា៖ «អ្នកដែលហ៊ានលូកយកដីដែលនៅកៀក ឬនៅក្នុងតំបន់ដែនអភិរក្សហ្នឹង វាមិនដែលគ្រួសារអ្នកតូច ឬកសិករនោះទេ ច្រើនតែអ្នកដែលមានអំណាច មានទ្រព្យសម្បត្តិ ឬឋានៈតួនាទីធំៗ បានគេហ៊ានទៅយកនៅទីហ្នឹង»៕