ភ្នំពេញៈ គិតពី​ខែកុម្ភៈ ដល់​ខែមិថុនា ឆ្នាំ​ ២០២១ ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បាន​រកឃើញ​ប្រជាពលរដ្ឋ​ខ្មែរ ប្រុស-ស្រី ឆ្លងដែន​ខុសច្បាប់​ហើយ​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​នៅតាម​បណ្តា​ខេត្ត​-​រាជធានី​មួយចំនួន​ទូទាំងប្រទេស​មាន​ប្រមាណ ៧ ៦០០ ​នាក់​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ប្រាប់​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ៩ មិថុនា ថា ករណី​ពលករ​ប្រុស​ស្រី​ខុសច្បាប់​ដែល​លួច​ឆ្លងដែន​ចេញចូល​ប្រទេស​ថៃ​ ហើយ​គេច​ចេញពី​ការធ្វើ​ចត្តាឡីស័ក​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​មាន​ចំនួន​ប្រមាណ​ជា​ ៧ ៦០០ ​នាក់​នៅតាម​ខេត្ត-រាជធានី​មួយចំនួន​ទូទាំងប្រទេស​។ ចំនួន​នេះ​គឺ​គិត​ចាប់ពី​ថ្ងៃទី​ ១៣ ខែកុម្ភៈ ដល់​ថ្ងៃទី​ ៨ ខែ មិថុនា ឆ្នាំ​ ២០២១​។

លោក​មាន​ប្រសាសន៍​បញ្ជាក់ថា ពលករ​ឆ្លងដែន​ដែល​ត្រូវ​សមត្ថកិច្ច​យកទៅ​ធ្វើ​ចត្តាឡីស័ក គឺជា​ពលករ​មិនមែន​ចំពោះតែ​សមត្ថកិច្ច​ឃាត់​នៅតាម​ព្រំដែន​ទាំងអស់​ទេ​។

ប៉ុន្តែ​ពលករ​ខ្លះ​អាច​ត្រូវគេ​រកឃើញ​នៅ​ស្រះកែវ​ប្រទេស​ថៃ ​ហើយ​ថៃ​បាន​បញ្ជូន​មកវិញ​ និង​ពួកគាត់​ចូលមក​ដល់​ខេត្ត​របស់​ពួកគាត់​ បន្ទាប់ពី​ព្យាយាម​គេច​ចេញពី​មណ្ឌល​ចត្តាឡីស័ក​ហើយ​សមត្ថកិច្ច​បាន​រកឃើញ​។

លោក​បញ្ជាក់ថា​៖ «​ពលករ​ប្រមាណ ៧ ៦០០ ​នាក់​នេះ​ គឺ​ពួកគាត់​បាន​គេច​ចេញពី​តំបន់​ចត្តាឡីស័ក​នៅតាម​ព្រំដែន​ហើយ​ទៅកាន់​បណ្តា​ខេត្ត​ដែល​ពួកគាត់​រស់នៅ​។ ចំពោះ​ថា​ខេត្ត​មួយៗ​តាម​ព្រំដែន​មាន​ពលករ​ឆ្លងដែន​ខុសច្បាប់​ប៉ុន្មាន​នោះ​ខ្ញុំ​មិនទាន់​មាន​ពេលធ្វើ​ទេ​»​។

លោក គឹមខឿន មានប្រសាសន៍​បន្តថា ចំពោះ​មូលហេតុ​នៃ​ការគេចវេះ​ពី​មណ្ឌល​ចត្តាឡីស័ក​របស់​ពលករ​ទាំងនោះ​លោក​ក៏​មិនដឹង​ដែរ​ ប៉ុន្តែ​បើតាម​លោក​យល់​ គឺមាន​ចំណុច​មួយចំនួន​ដោយសារ​ពួកគាត់​ធ្លាប់​ចេញទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​ដោយ​ខុសច្បាប់​។ ​ដូច្នេះ​ពេល​ពួកគាត់​ចូលមក​វិញ​តាម​ច្រក​ដដែល​គឺ​ពួកគាត់​មិន​ហ៊ាន​ចូល​ទេ​ដូច្នេះ​ពួកគាត់​ធ្លាប់​ចូល​តាម​ច្រករបៀង​ណា​បាន​គាត់​ក៏​រក​គេ​នាំចូល​តាម​ច្រក​នោះ​ដែល​ភាគច្រើន​គឺ​បែបនេះ​។

លោក គឹមខឿន បាន​ថ្លែងឱ្យ​ដឹងថា​៖ «​ជួនកាល​គាត់​គេច​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ព្រោះ​គាត់​មកពី​ប្រទេស​ថៃ​គាត់​ចង់ទៅ​ផ្ទះ​គាត់​ភ្លាមៗ​អ៊ីចឹង​បើ​​ឱ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​វា​អស់​ ១៤ ​ថ្ងៃ​បាត់​ហើយ​វា​យូរ​។ ​អ៊ីចឹង​គាត់​អត់​ចង់​ទេ​គាត់​ចង់ទៅ​ធ្វើ​ចត្តាឡីស័ក​នៅតាម​ភូមិ-ឃុំ​ព្រោះ​វា​ជិត​ផ្ទះ​គាត់​»​។

ពាក់ព័ន្ធ​បញ្ហា​ពលករ​ឆ្លងដែន​ខុសច្បាប់​នេះដែរ កាលពី​វេលា​ម៉ោង​ជិត​ ៥ ​ភ្លឺ​ថ្ងៃ​ ៩ ​មិថុនា សមត្ថកិច្ច​ចម្រុះ​ដែល​ប្រចាំការ​នៅតាម​ព្រំដែន​ត្រង់ចំណុច​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​ពលករ​ ១៣ ​នាក់ រួម​កូន​របស់​ពលករ​ ២ ​នាក់​ត្រូវបាន​សមត្ថកិច្ច​ទប់ស្កាត់​បាន និង​ឃាត់ខ្លួន​បុរស​មេខ្យល់​ម្នាក់​ផង​។

លោកស្រី ឌី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​នៅ​ថ្ងៃទី​ ៩ ​មិថុនា​ដែរ​ថា ពលករ​ទាំង​ ១៣ ​នាក់ និង​ក្មេងស្រី​ជា​កូន​ពលករ​ចំនួន​ ២ ​នាក់​នោះ​ត្រូវបាន​បុរស​សង្ស័យ​ជា​មេខ្យល់​ម្នាក់​ឈ្មោះ យើន ណារ៉ុង អាយុ​ ២០ ​ឆ្នាំ រស់នៅ​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ឃាត់ និង​ទប់ស្កាត់​បាន​នៅ​ថ្ងៃទី​ ៩ ​មិថុនា ហើយ​ពលករ​ទាំងនោះ​កំពុង​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ាឡៃ​។

ពួកគេ​មកពី​ខេត្តបាត់ដំបង​ចំនួន​ ៨ ​នាក់​ (​ស្រី​) ខេត្តកំពង់ធំ​ ២ ​នាក់ ខេត្តព្រៃវែង​ ២ ​នាក់ និង​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​។

លោកស្រី​ថា​៖ «​ពលករ​ដែល​សមត្ថកិច្ច​ទប់ស្កាត់បាន​ត្រូវបញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​នៅតាម​ខេត្ត​ដែល​ពួកគាត់​រស់នៅ​។ ​ចំណែក​បុរស​ម្នាក់​សង្ស័យ​ជា​មេខ្យល់​ប្រសិនបើ​គាត់​ប្រព្រឹត្ត​មែន​នោះ​នឹងត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​ច្បាប់​ព្រោះ​គាត់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​»៕