ភ្នំពេញៈ អាជ្ញាធរ​មូល​ដ្ឋាន​ក្នុង​តំបន់​មួយ​ចំនួន​ ​នៅ​ក្នុ​ង​រាជ​ធានី​ភ្នំពេញ​ ​ខេត្ត​សៀម​រាប​ ​និង​បន្ទាយ​មាន​ជ័យ​ ​បាន​បន្ត​ដាក់​ចេញ​នូវ​វិធាន​សុខាភិ​បាល​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​ ១៩ ​ដោយ​ធ្វើ​សំណាក​ និង​បន្ត​កំណត់​កម្រិត​បិទ​ខ្ទប់​តំបន់​ដែល​បាន​រក​ឃើញ​វិជ្ជ​មាន​នៃ​ការឆ្លង​។​

លោក​ ​ជឹម​ ​ស៊ីថា​ ​អធិការ​នគរបាល​ខ​ណ្ឌ​ដង្កោ ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១០​ មិថុនា​ថា កាល​ពី​យប់​ថ្ងៃទី​ ​៩ ​មិថុនា​ ​ក្រុម​គ្រូ​ពេទ្យ​ ​បាន​ចុះ​យក​សំណាក​កម្មករ​ទាំង​អស់​ ​នៅ​ក្នុង​រោង​ចក្រ ​Fortress International​ ដែល​ស្ថិត​នៅ​ខណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ ​ក្នុង​នោះ​មាន​កម្ម​ករ​ប្រមាណ​ជា​១​ពាន់​នាក់​ដែល​បាន​យក​សំណាក​លើក​ទី​១​ ដោយ​អវិជ្ជមាន​កូ​វីដ ​១៩​ បាន​បង្ក​ភាព​អនា​ធិប​តេយ្យ​ ​មិន​ស្តាប់​ការ​ណែនាំ​របស់​ក្រុម​គ្រូ​ពេ​ទ្យ ​និង​អាជ្ញាធរ​បាន​នាំ​គ្នា​រត់​ចេញ​ពី​រោង​ចក្រ​។​​

លោក​ ​ស៊ីថា ​បាន​អះអាង​ថា​ ​មាន​កម្មករ​ជា​ច្រើន​ ​ដែល​បាន​យក​សំណាក​រួច ​និង​មាន​លទ្ធ​ផល​អវិជ្ជ​មាន​ ​ហើយ​បាន​សុំ​ឲ្យ​ក្រុម​គ្រូពេទ្យ​វាយ​ត្រា​បញ្ជាក់​ថា​ ពួក​គាត់​បាន​យក​សំណាក​រួច ប៉ុន្តែ​ក្រុម​គ្រូ​ពេទ្យ​បាន​បដិសេធ​ដោយ​បក​ស្រាយ​ថា ​ទាល់​តែ​ធ្វើ​តេស្ត​លើក​ទី​២ ​ទើប​ក្រុម​គ្រូ​ពេទ្យ​អាច​បញ្ជាក់​បាន​។​​

លោក​ ​ជឹម​ ​ស៊ីថា​ ​បាន​ថ្លែង​ថា​៖ «​ពួក​គាត់​ ដែល​រត់​ចេញពី​រោងចក្រ​នេះ ​គឺជា​កម្មករ​ដែល​បាន​យក​សំណាក​ហើយ​។​ ​ក្រោយ​សម្រុក​ចេញ​នោះ​មក​ ​ឃើញ​ថា​នៅ​ព្រឹក​ថ្ងៃទី​ ​១០ ​កម្មករ​ទាំង​នោះ ​បាន​ចូល​ធ្វើ​ការ​ធម្មតា​វិញ​ហើយ​។​ អា​ជ្ញ​ធរ​យើង​ ​ក៏​បាន​ចុះ​អប់រំ​ និង​ណែនាំ​ពួក​គាត់​រួច​ហើយ​ថា ​កុំ​ឲ្យ​ធ្វើ​បែប​នេះ​បន្ត​ទៀត​​»​។​​​

បើ​តាម​លោក​ ​ជឹម​ ​ស៊ីថា​ ​ការ​យក​សំណាក​ចំពោះ​កម្ម​ករក​ម្មា​រិ​នី​នៅ​ក្នុង​រោច​ចក្រ​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការ​រក​ឃើញ​ថា​ ​មាន​កម្មករ​ក្នុង​រោង​ចក្រ​មួយ​ចំនួន​តូច​ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​ហើយ​នៅ​ថ្ងៃទី​ ​១១​ ​មិថុនា​ ​ក្រោយ​កម្មករ​ទាំង​អស់​រក្សា​ភាព​ស្ងៀម​ស្ងាត់​នោះ ​ក្រុម​គ្រូពេទ្យ ​នឹង​បន្ត​ចុះ​មក​យក​សំណាក​កម្មករ​ជា​បន្ត​ទៀត​ ​ខណៈ​កម្មករ​សរុប​ក្នុង​រោង​ចក្រ​នេះ មាន​ប្រមាណ ​២ ​ពាន់​នាក់​។​​

ពាក់​ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​ ​១៩​ នេះ​ដែរ​ ​រដ្ឋ​បាល​ខេត្ត​សៀម​រាប​ ​បាន​សម្រេច​ដាក់​ភូមិ​សាស្ត្រ​មួយ​ចំនួន​ក្នុង​ស្រុក​សូទ្រ​និគម​ ​និង​ស្រុក​ជីក្រែង ​ជា​តំបន់​ក្រហម​ ​តំបន់​លឿង​ទុំ​ និង​លឿង ​បន្ទា​ប់​ពី​មាន​ការ​ឆ្លង​រីក​រាល​ដាល​ខ្លាំង​ ​ក្រោយ​ផ្ទុះ​ចេញ​ពី​ករណី​ជួបជុំ​របស់​មន្ត្រី​អាជ្ញាធរ​ ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

សេចក្ដី​សម្រេច​របស់​រ​ដ្ឋ​បាល​ខេត្ត​សៀម​រាប​ ​ចុះ​ថ្ងៃទី​ ៩​ ខែ​មិថុនា​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋ​បាល​ខេត្ត បាន​សម្រេច​បិទ​ខ្ទប់​ភូមិ​សាស្ដ្រ​ដែល​មាន​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ ​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល​ ​២​សប្ដាហ៍​ គឺ​ចាប់​ពី​ថ្ងៃទី​ ៩ ​ដល់​ថ្ងៃទី​ ២២​ ខែ​មិថុនា​ ដើម្បី​ទប់​ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​ ​នៅ​ក្នុង​សហ​គមន៍​ស្រុក​សូទ្រ​និ​​គម​ ​និង​ស្រុក​ជីក្រែង​។​​

រដ្ឋ​បាល​ខេត្ត​សៀម​រាប​​បាន​បញ្ជាក់​ថា​៖ ​«​​ចំពោះ​ការ​កំណត់​តំបន់​ក្រហម​ ​គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​សាស្ដ្រ​ឃុំ​កំពង់​ឃ្លាំង​ ​ស្រុក​សូទ្រ​និគម​ ​ចំណែក​ភូមិ​សាស្ត្រ ​ដែល​ត្រូវ​បាន​កំណត់​ជា​តំបន់​លឿង​ទុំ​ ​គឺ​ស្ថិត​ក្នុង​ឃុំ​គោក​ធ្លក​ក្រោម​ ​ស្រុក​ជី​ក្រែង ​ហើយ​ឃុំ​កំពង់​ក្ដី​ ​ស្រុក​ជី​ក្រែង ខេត្ត​សៀម​រាប​ ​ត្រូវ​បាន​កំណត់​ជា​តំបន់​លឿង​»​​។​

ការផ្ទុះ​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩ ​ក្នុង​សហ​គមន៍​ស្រុក​សូទ្រ​និគម ​និង​ស្រុក​ជីក្រែង​រហូត​កំណត់​ជា​តំបន់​បិទ​ខ្ទប់​នេះ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ ​អះអាង​ថា​ ​កើត​ឡើង​ដោយ​សារ​មាន​ការ​ជួប​ជុំ​មិន​ចាំ​បាច់​មួយ​ ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ ​នៅ​ក្នុង​ភោជនី​យ​ដ្ឋាន​ពិភព​ធម្មជាតិ​ ​ដែល​ក្នុង​នោះ​មាន​អធិការ​ស្រុក​សូទ្រ​និគម​ ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ​មេ​ឃុំ​កំពង់​ឃ្លាំង ​និង​មាន​អ្នក​ចូល​រួម​ជា​ច្រើន​ទៀត​ ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ករណី​វិជ្ជមាន​កូ​វីដ ​១៩​ ជា​បន្ត​បន្ទាប់​។​

ជា​មួយ​នឹង​ការ​ផ្ទុះ​ឡើង​នេះ ​រ​ដ្ឋ​បាល​ខេត្ត​ ​បាន​សម្រេច​យក​វិទ្យាល័យ​ដំ​ដែក​ ធ្វើជា​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​ ​១៩​ ​មក​ពី​ស្រុក​ចំនួន​៣​ជាប់​ព្រំប្រទល់​គ្នា​ដែល​ត្រូវបាន​កំណត់​ជា​តំបន់​ក្រហម​ ​លឿង​ទុំ​ ​និង​លឿង​នេះ​ដែរ​ ​ខណៈ​គិត​ត្រឹម​ថ្ងៃទី​ ៧​ ​មិថុនា​ មាន​ការ​ឆ្លង​រាល​ដា​ជំងឺ​កូ​វីដ ១៩​ ​ក្នុង​សហ​គមន៍​ស្រុក​សូទ្រ​និគម ​និង​ស្រុក​ជីក្រែង​សរុប​ចំនួន​ ៦៦​ នាក់​ ហើយ​ពុំទាន់​អាច​កំណត់​មុខ​សញ្ញា​ច្បាស់​លាស់​អំពី​ប្រភព​នៃ​ការឆ្លង​នៅ​ឡើយ​ទេ​។​ ​នេះ​បើ​តាម​កា​រ​អះអាង​របស់​រដ្ឋ​បាល​ខេត្ត​សៀម​រាប​។​​

បន្ថែម​ពីនេះ ​នៅ​ថ្ងៃទី​ ​១០​ ​មិថុនា​នេះ ​រដ្ឋ​បាល​ខេត្ត​សៀម​រាប​ ​ក៏​បាន​ប្រកាស​ដាក់​ភូមិ​ចំនួន​ ៤ ទៀត​ ​ក្នុង​ក្រុង​សៀម​រាប​ ​ជា​តំបន់​ក្រហម​ផង​ដែរ​ ​ដោយ​ក្នុង​នោះ​ ​រដ្ឋបាល​ខេត្ត​ អំពាវ​នាវ​ឲ្យ​អ្នក​ពាក់​ព័ន្ធ​ ​តាម​ដាន​សុខ​ភា ​និង​យក​សំណាក​ឲ្យ​បាន​គ្រប់ៗ​គ្នា​។​

រដ្ឋបាល​ខេត្ត​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ថា​៖ «​ការ​សម្រេច​កំណត់​តំបន់​ក្រហម​នេះ​ ក្រោយ​រក​ឃើញ​វិជ្ជា​មាន​មេរោគ​កូ​វីដ​ ​១៩​ ​ទៅ​លើ​សព​ ​ភេទ​ប្រុស​ អាយុ ​៥៦​ ​ឆ្នាំ​ នៅ​ភូមិ​ព្រៃធំ​ សង្កាត់​ស្រ​ង៉ែ ​ក្រុង​សៀម​រាប​ ​ដែល​បាន​ទទួល​មរណ​ភាព​នៅ​ព្រឹក​ថ្ងៃទី​ ​១០​ ខែ​មិថុនា​ ដោយ​មាន​ទំនាក់​ទំនង​ស្មុគ​ស្មាញ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ក្នុង​តំបន់​»​។​​

ចំ​ណែក​លោក​ ​អ៊ុំ​ រាត្រី ​អភិ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​១០ មិថុនា​ ដែរ​ថា ​សម្រាប់​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​គឺ​បន្ត​ដាក​ចេញ​វិធាន​ការ​រដ្ឋបាល​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​នេះ​ដដែល​។ ​បន្ថែម​ពីនេះ ​លោក​អះអាង​ថា​ ​សម្រាប់​ភូមិ​សាស្ត្រ​មួយ​ចំនួន​ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ​គឺ​នៅ​តែ​បន្ត​ដាក់​ជា​តំបន់​ក្រហម​ ឬ​មិ​ទ​ខ្ទប់​ ក៏​ព្រោះ​អត្រា​នៃ​ការ​ឆ្លង​ ​នៅ​ប្រឈម​ខ្ពស់​ក្នុង​ភូមិ​សាស្ត្រ​នេះ​។​​

លោក​បាន​បញ្ជាក់​ថា​៖ «​​តំបន់​ដែល​បាន​បិទ​កន្លង​ទៅ​ គឺ​បាន​បើក​វិញ​ជិត​អស់​ហើយ​ គឺ​នៅមាន​តិច​តួច​ណាស់​។​ ​ ​យើង​មិន​មាន​ការ​ឆ្លង​ចូល​សហ​គមន៍​ច្រើន​ទេ ​។​ ​ប៉ុន្តែ​យើង​នៅ​តែ​បន្ត​វិធាន​ការ​រដ្ឋ​បាល​ដដែល​ ​ដោយ​មិន​ត្រូវ​ធ្វើ​ធ្វេស​ប្រ​ហែស​នោះ​ទេ​»​។​

តាម​លោក​ ​អ៊ុំ​ រាត្រី​ ភូមិ​សាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់​ ចុង​ក្រោយ​នេះ​ គឺ​ស្ថិ​ត​ក្នុង​ផ្នែក​ខ្លះ​នៃ​ភូមិ​អូរ​ជ្រៅ ​សង្កាត់​ប៉ោយ​ប៉ែត​ ​ក្រុង​ប៉ោយ​ប៉ែត​ ​ដែល​ត្រូវ​បាន​ដាក់​ជា​តំបន់​ក្រហម​ ​តាំង​ពី​ថ្ងៃទី ​៦ មិថុនា​ ​បន្ទាប់​ពី​មើល​ឃើញ​ពី​ហានិ​ភ័យ​នៃ​ការឆ្លង​ជំងឺ​នេះ​៕