The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សត្វត្មាត​ ៣ ប្រភេទ​ចំនួន ​៦១ ក្បាល ​ត្រូវបាន​រកឃើញ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប ​កាលពី​ចុង​ខែមុន




សត្វត្មាត​ ៣ ប្រភេទ​ចំនួន ​៦១ ក្បាល ​ត្រូវបាន​រកឃើញ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប ​កាលពី​ចុង​ខែមុន

Content image - Phnom Penh Post
ជំរឿនសត្វត្មាតនៅខេត្តព្រះវិហារ​ នៅថ្ងៃទី ១០ មិថុនា។ រូបថត​​ រ៉ាស់ហ៊ីម

សត្វត្មាត​ ៣ ប្រភេទ​ចំនួន ​៦១ ក្បាល ​ត្រូវបាន​រកឃើញ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប ​កាលពី​ចុង​ខែមុន

ព្រះវិហារ៖ មន្រ្ដី​ឧទ្យានុរក្ស​បាន​រកឃើញ​វត្តមាន​សត្វត្មាត​ចំនួន ​៦១ ក្បាល ​កាលពី​ថ្ងៃទី ៣១ ​ឧសភា ​ឆ្នាំ ២០២១ ​ក្នុងនោះ​រួមមាន​ត្មាត​ផេះ ​ចំនួន​ ៤០ ក្បាល​ ត្មាត​ភ្លើង​ចំនួន​ ២ ក្បាល ​និង​ត្មាត​ត្នោត​ចំនួន ​១៩ ក្បាល ​នៅ​អាហារដ្ឋាន​ត្មាត​ក្នុង​ភូមិ​ដង​ផ្លិត ​ក្នុង​ដែនជម្រក​សត្វព្រៃ​ឆែប ​នៅពេល​ផ្តល់​ចំណី​ប្រចាំ​ខែ។

លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថានថ្លែង​ពី​ម្សិលមិញថា​ ពេល​កំពុង​ចូលរួម​ជំរឿន​សត្វត្មាត​នៅ​អាហារដ្ឋាន​ត្មាត​ក្នុង​ភូមិដង​ផ្លិត​ថា​ ជំរឿន​សត្វ​ត្មាត​ប្រចាំ​ឆ្នាំ ២០២១ ​នៅ​កម្ពុជា ​សហការ​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន ​និង​អង្គការ​ដៃគូ​ក្នុង​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី ៩ ​ខែ មិថុនា ​ឆ្នាំ ២០២១ ​លើ​ទីតាំង​ចំនួន ​៤ កន្លែង​ នៅ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​ ខេត្ត​មណ្ឌល​គិរី ​ខេត្ត​ស្ទឹង​ត្រែង ​និង​ខេត្ត​រតនគិរី ​ដែល​ជឿជាក់​ថា ​មាន​វត្តមាន​សត្វត្មាត​រស់​នៅ។

លោក​ថ្លែងថា​៖ «លទ្ធផល​បឋម​នៃ​ការធ្វើ​ជំរឿន​សត្វត្មាត​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឆែប​តែមួយ ​នៅ​ថ្ងៃទី ៩ ​ខែ​មិថុនា​នេះ ​មន្រ្ដី​ជំនាញ​បាន និង​កំពុង​បូក​សរុប​លទ្ធផល​ក្រោយ​បញ្ចប់​ការធ្វើ​ជំរឿន ​និង​ចេញផ្សាយ​របាយការណ៍​ក្នុង​ពេល​ឆាប់ៗ​នេះ»។

លោក​ឱ្យដឹងថា ​ជំរឿន​សត្វតា្មត ​គឺជា​ការអង្កេត​តាមដាន​ជីវៈចម្រុះ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា ​ដើម្បី​ដឹងថា​ តើនៅ​ក្នុង​តំបន់​ការពារ​ធម្ម​ជាតិ​មាន​វត្តមាន​សត្វព្រៃ ​ជីវៈចម្រុះ​អ្វីខ្លះ ​ដើម្បី​ងាយស្រួល​ក្នុង​ការរៀបចំ​ផែនការ​ការពារ ​និង​អភិរក្ស​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ​សំដៅ​ថែរក្សា​ឱ្យ​បាន​នូវ​ជីវៈចម្រុះ​ដែល​កម្ពុជា​មាន។

លោក​រដ្ឋលេខាធិការ ​ឱ្យដឹងថា ​ជំរឿន​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា ​ធ្វើឡើង​ដោយ​ការប្រមូល​ទិន្នន័យ​ពី ​៤ទីតាំង​ផ្សេង​គ្នា​នៅ​ភូមិភាគ​ឦ​សាន​នៃ​ប្រទេស​កម្ពុជា ​ហើយ​ត្រូវបាន​អនុវត្ត ​និង​ចូលរួម​ដោយ​ក្រុម​ការងារ​សត្វ​ត្មាត​កម្ពុជា​ (CVWG ) ​ដោយ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន ​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ​(Birdlife International) ​អង្គការ​ WWF ​មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវៈចម្រុះ ​(ACCB) ​និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ​(WCS) ​នៅ​ខេត្ត​ព្រះវិហារ ​ខេត្ត​ស្ទឹងត្រែង ​ខេត្ត​មណ្ឌល​គិរី ​និង​ខេត្ត​ក្រចេះ។

បើ​តាម​លោក​ នេត្រ ភក្ត្រា ​នៅក្នុង​ខេត្ត​ព្រះវិហារ ​ក្រសួង​បរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ WCS ​បាន​អនុវត្ត​សកម្មភាព​អភិរក្ស​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​តាមរយៈ​ការផ្តល់​ចំណី​បន្ថែម​ ១ ខែ​ ២ ដង​ដល់​សត្វត្មាត ​និង​ការពារ​សម្បុក​ពង​កូន​ អភិវឌ្ឍន៍​នូវ​ការយល់​ដឹង​ស៊ីជម្រៅ​នៃ​កត្តា​ប្រឈម​ដល់​សត្វ​ត្មាត​ក្នុង​ខេត្ត​ព្រះវិហារ។

លោក​បន្តថា ​ចាប់ពី​ខែមករា ​ដល់ ​ខែ ឧសភា ​ឆ្នាំ ២០២១ ​មាន​ការរៀបចំ​ការផ្តល់​ចំណី​បន្ថែម​តាមរយៈ​ការធ្វើ ​«អាហារដ្ឋាន​ត្មាត» ​ចំនួន ១០ ​ដង​ ដើម្បី​តាមដាន​ចំនួន​សត្វ​ត្មាត។ សត្វ​ត្មាត ​ជាប្រភេទ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក ​តែ​នៅ​មាន​វត្តមាន​នៅ​កម្ពុជា។

លោក​បញ្ជាក់ថា ​សត្វត្មាត​មាន​វត្តមាន​នៅ​កម្ពុជា​មាន​តែ​៣ប្រភេទ ​គឺ ​១ ​ត្មាតភ្លើង ​២ ​ត្មាតត្នោត ​និង​ ៣ ​ត្មាត​ផេះ។ សត្វត្មាត​ជាប្រភេទ​ជិត​ផុត​ពូជ​បំផុត​ពី​ផែន​ដី ​ប៉ុន្តែ​មាន​វត្តមាន​នៅ​ខេត្ត​ព្រះវិហារ ​ស្ទឹងត្រែង ​មណ្ឌលគិរី ​រតនគិរី ​និង​ក្រចេះ ​នៃ​ប្រទេស​កម្ពុជា។

ក្រសួង​បរិស្ថាន ​បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​នានា ​ធ្វើ​ជំរឿន​សត្វ​ត្មាត​ចំនួន​ ៥ ដង ​ក្នុង ​១ ឆ្នាំ។ តាម​លទ្ធផល​ជំរឿន​សត្វ​ត្មាត​ទូទាំង​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ ២០២០ ​ចំនួន​សត្វត្មាត​ច្រើន​បំផុត​មាន​ត្រឹម​ ១២៩ ក្បាល​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា។ ពួក​វា​រស់នៅ​ជាហ្វូង​ហើយ​ស៊ី​សាក​សព​ជាអាហារ។

សត្វត្មាត​ជាប្រភេទ​សត្វ​កម្រ​ និង​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ក្នុង​ការបាត់​ពូជ​ពី​លើ​សកល​លោក។ ចំនួន​សត្វ​ត្មាត​នៅតែ​បន្ត​មាន​ការធ្លាក់​ចុះ​ជារៀង​រាល់​ឆ្នាំ ​និង​ក្នុង​កម្រិត​មួយ​គួរ​ព្រួយ​បារម្ភ​ ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​បរិស្ថាន​ដោយ​ សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង​ការពារ​ និង​អភិរក្ស​ក៏ដោយ។

លោក​ នេត្រ ភក្ត្រា ​បានឱ្យ​ដឹងថា ​មូលហេតុ​ដែលនាំ​ឱ្យសត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​ មាន​ការធ្លាក់ចុះ​ខ្លាំង ​ដោយសារ​ការគំរាម​កំហែង​ខ្លាំង​បំផុត​ពី​ការបំពុល​របស់​មនុស្ស ​ការបាត់​បង់​ជម្រក ​ការខ្វះខាត​ចំណី​អាហារ ​ការបរបាញ់ ​តាមរយៈ​ការដាក់​អន្ទាក់ ​និង​ការបំពុល៕

អត្ថបទគួរចាប់អារម្មណ៍