ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ៩ មិថុនា​ បាន​ចោទ និង​ឃុំ​ជន​ត្រូវ​ចោទ​ប្រុស​ស្រី ៤ នាក់ ​ក្នុងពន្ធនាគារ​ព្រៃ​ស​ បន្ទាប់ពី​ចាប់ខ្លួន​ពួកគេ​ជា​បន្ត​បន្ទាប់​ក្នុង ៣ ទីតាំង​ផ្សេងគ្នា​ តែមិនមែ​ន​បក្ខពួក​តែមួយ​ទេ ​ដែល​លើក​ទី១ ចាប់នៅ​ពី​ថ្ងៃទី ៤ មិថុនា​ និងទី២ លើ​កទៀ​តចាប់​នៅទីតាំង​ផ្សេង​នា​ថ្ងៃទី ៧​ មិថុនា ​ក្នុង​រាជធានី​ភ្នំពេញ ពាក់ព័​ន្ធនឹង​ករណី​ជួញដូ​រគ្រឿងញៀ​ន​មេ​តំ​ហ្វេ​តា​មីន​សរុប​ជិត ៤ គីឡូក្រាម។

លោកឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​រសៀល​ថ្ងៃទី ១០ មិថុនា​ថា ជន​ត្រូវ​ចោទ ​ទី១- ឈ្មោះ​ សេង ស៊ីនួន ហៅ ម៉ាលី​ស ភេទ​ស្រី អាយុ ៣២ ឆ្នាំ ជន​ជាតិខ្មែរ, ទី២- ឈ្មោះ អ៊ុក ធី ភេទ​ប្រុស ​អាយុ​ ៣៧ ​ឆ្នាំ ជន​ជាតិ​ខ្មែរ។ ទី៣-ឈ្មោះ សៅ ចិ​ត្រា ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ ជន​ជាតិ​ខ្មែរ និង​ទី៤- ឈ្មោះ ជា ថៃ​តាំ ភេទ​ប្រុស ​អាយុ ៣០ ឆ្នាំ ជន​ជាតិខ្មែរ។ ពួកគេ​ត្រូវបាន​ចៅ​ក្រម​ស៊ើប​សួរ​ចេញ​ដីកាឃុំខ្លួន​ក្នុង​ពន្ធនា​គារ​កាល​ពីថ្ងៃ​ទី ៩ មិថុនា។

លោក​ថ្លែងថា៖ «ជន​ត្រូវ​ចោទ​ទាំង ៤ នាក់​នោះ ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​តាម​បញ្ញត្តិ​មាត្រា ៤០ នៃច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន»។

លោក​បាន​រំឭកថា ជន​ត្រូវ​ចោទ​ទាំង៤នាក់ ​ត្រូវបាន​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាបនិង​ឃាត់ខ្លួន​ក្នុង ៣​ ដំណាក់​កាល។ ដំណាក់​ទី១ កាល​ពីវេលា​ម៉ោង​ជាង ៨​ យប់ថ្ងៃ​ទី ៤ ខែ មិថុនា ​ឆ្នាំ ២០២១ ដឹកនាំ​ដោយ​លោកឧ​ត្ត​ម​សេនីយ៍​ទោ ហម គ​ន្ធី ជា​នាយក​រងនៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀនជា​អ្នកដឹកនាំក​ម្លាំង​ជំនាញ (ក៦) និង​មានការ​សម្រប​សម្រួល​ពី​លោក វង្ស សាវ៉ាត ព្រះរា​ជអាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ចុះបង្ក្រាបនៅ​ចំណុច​ផ្លូវលំ ផ្ទះជួល ស្ថិត​ក្នុងភូមិ​ប៉ប្រក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រា​ជធានី​ភ្នំពេញ ។

ប្រតិ​បត្តិការ​នេះ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ ​២​ នាក់ ឈ្មោះ សេង ស៊ីនួន ហៅ ម៉ាលី​ស ភេទ​ស្រី អាយុ ៣២ ឆ្នាំ ជន​ជាតិ​ខ្មែរ, ទី២- ឈ្មោះ អ៊ុក ធី ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ ជន​ជាតិខ្មែរ។ ចំពោះ​វត្ថុតាង​មាន​គ្រឿង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​ ១ ៥៨៧,៨៤​ ក្រាម​។

លោក​បន្តថា ដំណាក់​កាល​ទី២ គឺ​នៅ​ថ្ងៃទី ៧ ​ខែ មិថុនា ឆ្នាំ ២០២១ វេលា​ម៉ោងជាង ១ រំលង​អធា​ត្រ របស់​កម្លាំង​ជំនាញ (ក១១) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន​ដឹកនាំ​ដោយ​លោកឧ​ត្ត​ម​សេនីយ៍​ត្រី អាំ សុជាតិ និង​លោក​វរសេនីយ៍ យា ប៊ុន​ណារ​ត្ន័​ន៍ នាយ​ករង​មន្ទីរប្រឆាំង​បទល្មើស​គ្រឿង​ញៀន ​និង​មានកា​រស​ម្រប​សម្រួល​ពីលោក វង្ស សាវ៉ាត  ព្រះ​រាជអាជ្ញា​រង​អម​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ។ ប្រតិ​បត្តិការ​នេះ​បង្ក្រាប​នៅ​ចំណុចផ្ទះសំណាក់សម្បត្តិ​លាភ បន្ទប់​លេខ ២៤ ស្ថិតក្នុង​ភូមិ​ដើម​គ សង្កាត់​ជ្រោយ​ចង្វារ​ខណ្ឌ​ជ្រោយ​ចង្វារ​រាជ​ធានី​ភ្នំពេញ​។

ក្នុងនោះ​សមត្ថកិច្ច​ឃាត់​ជន​សង្ស័យ​បាន​ម្នាក់​ឈ្មោះ សៅ ចិ​ត្រា ភេទ​ប្រុស ​អាយុ ​២៩ ឆ្នាំ ជន​ជាតិខ្មែរ​ និង​រឹប​អូស​បាន​វត្ថុតាង​មាន​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​មេ​តំ​ហ្វេ​តា​មីន (ICE) ១ កញ្ចប់​ធំ ស្មើ​ទម្ងន់ ៩៩៣,៤៩ ក្រាម។

ដោយឡែក​ការ​បង្ក្រាប​លើក​ទី៣ នៅ​រសៀល​ថ្ងៃទី ​៧ ​ខែ មិថុនា ឆ្នាំ ២០២១ របស់​កម្លាំង​ជំនាញ​ (ក៥) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀនដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាន សុ​ទ្ធី នាយករង​មន្ទីរនិង​លោក​វរសេ​នីយ៍​ឯក ជាវ វណ្ណា នាយ​ការិ​យា​ល័យ (ក៥) ដោយ​មាន​កា​រសម្រប​សម្រួល​ពី​លោក ​ហេង ផេង ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​។

ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន​នេះធ្វើ​ឡើង​នៅ​ចំណុច​គល់​ស្ពាន​ស្ទឹង​មាន​ជ័យ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោ​ក​រាជ​ធានី​ភ្នំពេញ​។

ក្នុង​ប្រតិ​បត្តិការ​នោះ​ដែរ សមត្ថ​កិច្ច​បាន​ឃាត់ខ្លួន​ជន​សង្ស័យ ​ឈ្មោះ ជា ថៃ​តាំ ភេទ​ប្រុស​ អាយុ​ ៣០​ ឆ្នាំ ជន​ជាតិខ្មែរ​ និង​រឹបអូស​បាន​គ្រឿង​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ១ កញ្ចប់​ធំ និង ​៣ កញ្ចប់​តូច ស្មើ​នឹង​ទម្ងន់​១ ២៩៤,៣៩ ក្រាម។ ​ចំពោះ​វត្ថុ​តាង​គ្រឿង​ញៀន​សរុប​ទាំង​៣លើក​មាន​ចំនួន​ជាង ៣ ៨៧៥,៧២ ក្រាម៕