
វគ្គសិក្សាស្តីពីការអប់រំ ទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀន តាមអនឡាយ ពីថ្ងៃទី៩ មិថុនា។ រូបថត អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន
ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងស្រាវជ្រាវរកអ្នកផលិតគ្រឿងញៀន យកមកចាត់ការតាមនីតិវិធី បន្ទាប់ពីមន្ត្រីជំនាញបានកត់សម្គាល់ឃើញថា អាចមានករណីលួចផលិតកែច្នៃដើម្បីចរាចរណ៍នៅកម្ពុជា។
លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងថា ការចាប់បង្ក្រាបករណីគ្រឿងញៀនទាំងមេខ្លោង និងអ្នកពាក់ព័ន្ធជួញដូរ ជាបន្តបន្ទាប់ នៅតែកើតមានមិនចេះអស់ដោយសារតែទីផ្សារគ្រឿងញៀនមានច្រើន ទាំងការផលិត ការជួញដូរ និងទីផ្សារប្រើប្រាស់។
លោកថា សកម្មភាពនៃការផលិតអាចមានការកើនឡើង ដោយសារអ្នកប្រើប្រាស់ងាកមកប្រើគ្រឿងញៀនសំយោគ ដែលគ្រឿងញៀនសំយោគនោះមានគ្រោះថ្នាក់និងឥទ្ធិពលដូចគ្នា ប៉ុន្តែផលិតក្នុងរយៈពេលខ្លីហើយមានតម្លៃថោក។
លោកថ្លែងថា៖ «ពីមុនយើងរកឃើញមានការប៉ុនប៉ងផលិត ឥឡូវយើងកត់សម្គាល់ឃើញថា មានការលួចផលិតកែច្នៃ។ អ៊ីចឹងយើងកំពុងធ្វើការស្រាវជ្រាវថា តើអ្នកណាជាអ្នកផលិត។ ពីព្រោះអាហ្នឹងវាត្រូវការអ្នកចេះជំនាញគីមី ហើយជនជាតិខ្មែរយើងអត់មានពីណាមានជំនាញគីមីផលិតគ្រឿងញៀនទេអ៊ីចឹងយើងត្រូវរកអ្នកជំនាញហ្នឹងឲ្យឃើញ»។
លោកបន្តថា កន្លងមក ដើម្បីរកអ្នកផលិត ត្រូវតែប្រើវិធីប្រឡាយខ្សែ ប្រៀបដូចជាការប្រើប្រាស់ត្រីតូចធ្វើនុយស្ទូចយកត្រីធំ។ ប៉ុន្តែការងារនេះទាមទារពេលវេលាច្រើនដំណាក់កាល ហើយត្រូវការទាំងសមត្ថភាព ពីព្រោះឧក្រិដ្ឋជនមិនអន់ជាងសមត្ថកិច្ចទេ។
លោកថ្លែងថា៖ «ដំណាក់កាលនៃការផលិតភាគច្រើនសមត្ថកិច្ចមិនបានដឹងទេ។ កន្លងមកការស្វែងរកមុខសញ្ញាត្រូវបន្តច្រើនតង់ទម្រាំតែធ្លាក់ពីកន្លែងផលិតមកដល់ដៃអ្នកជូញដូរ វាមានដំណាក់កាលរបស់វាទៀត។ ដល់យើងយើងស្រាវជ្រាវទីផ្សារនៃការប្រើប្រាស់ បង្ក្រាបអ្នកជួញដូរតូចតាច ទើបបានឈានទៅរកអ្នកជួញដូរធំ ហើយចប់ត្រឹមហ្នឹង។ភាគច្រើនតែងចប់ត្រឹមហ្នឹងហ្មង អ៊ីចឹងយើងរកអ្នកផលិតអត់ឃើញ»។
ដើម្បីបញ្ជ្រាបការយល់ដឹងឲ្យយុវជនជំនាន់ក្រោយចេះការពារខ្លួននៅឆ្ងាយពីគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គាំទ្រថវិកាដោយអង្គការភ្លែនអន្តរជាតិកម្ពុជា បើកវគ្គបំប៉នស្ដីពីការប្រើប្រាស់សម្ភារឧបទេសក្នុងការបង្រៀន “ការអប់រំ បង្ការ ការទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់” ដល់គ្រូឧទ្ទេសនៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូគោលដៅ និងគរុសិស្សនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ១០ រាជធានី-ខេត្ត។
វគ្គនេះត្រូវធ្វើទៅដល់រាជធានីភ្នំពេញ ខេត្តកំពង់ចាម បាត់ដំបង បន្ទាយមានជ័យ សៀមរាប តាកែវ កំពត ព្រៃវែង កំពង់ស្ពឺ និងខេត្តព្រះសីហនុ តាមប្រព័ន្ធអនឡាញ ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែមិថុនា។
លោក មាស វិរិទ្ធ ថ្លែងថា៖ «វគ្គសិក្សានេះជាជ្រុងមួយនៃការចាប់ផ្តើមនូវការកាត់បន្ថយបញ្ហាគ្រឿងញៀនព្រោះបឋមសិក្សា និងមធ្យមសិក្សា ជាយុវជននិងកុមារាកុមារី ដែលអនាគតទៅគាត់នឹងក្លាយជាមុខសញ្ញានៃការប្រើប្រាស់ អ៊ីចឹងបើគាត់យល់ដឹងមុន គឺជាការទប់ស្កាត់ពីចម្ងាយ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាថ្លែងថា អវត្តមានគ្រឿងញៀនខុសច្បាប់នៅគ្រឹះស្ថានសិក្សា ជាការចូលរួមលើកកម្ពស់គុណភាពអប់រំនៃកម្ពុជា។
លោកថា ការអភិវឌ្ឍសម្ភារឧបទេសសម្រាប់ការអប់រំបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមគ្រឹះស្ថានសិក្សាមានគោលដៅធ្វើឲ្យលែងមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅគ្រឹះស្ថានសិក្សាដោយបង្កើនប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
លោកថ្លែងថា៖ «ជារួមការងារនេះ ស្ថិតក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ ២០១៩-២០២៣ និងឆ្ពោះទៅឆ្នាំ ២០៣០ ដែលក្រសួងអប់រំ យុវជន និងកីឡាប្តេជ្ញាសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ស្តីពីការអប់រំ ដោយឈរលើគោលការណ៍គុណភាព សមធម៌ បរិយាបន្ន ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា»។
លោកបញ្ជាក់ថា ឯកសារអប់រំនេះដើរតួនាទីសំខាន់ក្នុងការចូលរួមអប់រំសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធឲ្យមានការយល់ដឹងបន្ថែមលើហានិភ័យបង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដើម្បីលើកកម្ពស់ការចូលរួមបង្ការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅតាមគ្រឹះស្ថានសិក្សា៕