
ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នានៅលើដីទំនាស់ (ដីរបស់រដ្ឋ) ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលគាត់បានអាស្រ័យផលជាច្រើនឆ្នាំមកហើយ។ ហេង ជីវ័ន
កណ្ដាលៈ គណៈកម្មការអន្តរក្រសួងនៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២១ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សារកដំណោះស្រាយឱ្យបានឆាប់លើបញ្ហាវិវាទដីធ្លី ដែលបានផ្ទុះជាអំពើហិង្សាកាលពីថ្ងៃទី ៣ ខែមិថុនា ស្ថិតនៅចំណុច ចម្ការបារាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៧ ខែមិថុនាថា ការដោះស្រាយលើបញ្ហាទំនាស់ដីធ្លីក្នុងដីរបស់រដ្ឋនេះ គឺមិនយូរនោះទេ ព្រោះគណៈកម្មការមានព័ត៌មានអស់ហើយនៅតែត្រួតពិនិត្យឡើងវិញ ដើម្បីសម្រេចតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «គណៈកម្មការអន្តរក្រសួង ក៏បានពិភាក្សាដើម្បីជំរុញធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលមានដីជម្លោះនេះ ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីដោះស្រាយផលប៉ះពាល់នេះឱ្យបានឆាប់។ ដោះស្រាយជាគោលនយោបាយ ប្រហែលជាដោះស្រាយជាថវិកាតាមមើល»។
លោក សោភ័ណ្ឌ ថ្លែងថា ដីនោះនឹងមានប្រយោជន៍ធំសម្រាប់ប្រទេសជាតិ គឺជាកន្លែងកងទ័ពសម្រាប់ដាក់សម្ភារបរិក្ខារវិស្វកម្មផ្សេងៗ និងសម្រាប់អភិវឌ្ឍខាងបរិស្ថាន សំរាមរឹងសំរាមរាវ សំរាមកែច្នៃ ឱ្យមានលក្ខណៈទំនើប និងឱ្យបានស្អាតសម្រាប់ប្រយោជន៍ជាតិ និងគ្រប់គ្រងដីសាធារណៈឱ្យបានល្អ ជាពិសេស ជាការអភិវឌ្ឍថ្មីនៅក្នុងតំបន់នេះផងដែរ។
លោកថ្លែង ដោយយោងតាមលទ្ធផលនៃកិច្ចពិភាក្សា អន្តរក្រសួងនឹងត្រូវកំណត់ឱ្យបានច្បាស់លាស់អំពីទំហំនៃផ្ទៃដីនេះ ស្របតាមការកំណត់នៃច្បាប់នឹងដាក់ចេញផែនការដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋ ដោយនឹងធ្វើការវាយតម្លៃជាក់ស្តែងពីចំនួនប្រជាពលរដ្ឋ ដែលអាស្រ័យផលនាពេលកន្លងមក និងប្រជាពលរដ្ឋណាខ្លះ ដែលមិនបានអាស្រ័យផលហើយញុះញង់ឱ្យមានការតវ៉ា។ ពិសេសក៏នឹងស្រាវជ្រាវតាមនីតិវិធីផ្លូវការ ចំពោះអ្នកដែលបង្កើតបញ្ហាបន្តទៀត ដើម្បីកោះហៅមកណែនាំអប់រំ ប៉ុន្តែបើធ្ងន់ធ្ងរនឹងធ្វើទៅតាមនីតិវិធីផ្លូវច្បាប់។
លោក គង់ សោភ័ណ្ឌ ថ្លែងថា រាជរដ្ឋាភិបាលមិនចង់ឱ្យពលរដ្ឋ អាស្រ័យផលនៅលើដីនេះទៀតនោះទេ ព្រោះវានឹងមិនផ្តល់ដល់សក្តានុពលសេដ្ឋកិច្ចជូនពលរដ្ឋ ដែលរស់នៅទីនេះទៀតទេ។
លោកបន្តថា៖ «ចំពោះ ប្រជាពលរដ្ឋដែលរងគ្រោះ បច្ចុប្បន្ននេះមានស្ថានភាពធូរស្បើយ ហើយរដ្ឋនឹងដោះស្រាយទៅលើការព្យាបាលសុខភាព និងផ្តល់ថវិកាមួយចំនួន ដើម្បីដោះស្រាយជីវភាពតាមស្ថានភាពជាក់ស្តែង ខណៈដែលអ្នកប្រព្រឹត្តក៏នឹងត្រូវស្រាវជ្រាវអនុវត្តទៅតាមផ្លូវតុលាការ»។
កិច្ចប្រជុំអន្តរក្រសួងធ្វើឡើង ក្រោយពីប្រជាពលរដ្ឋប្រមាណជាង ១០០ គ្រួសារកាលពីថ្ងៃទី ៣ ខែមិថុនា បានប្រមូលផ្តុំគ្នាតវ៉ាពាក់ព័ន្ធដីទំនាស់នៅលើដីរបស់រដ្ឋ (ដីចម្ការបារាំង) ស្ថិតនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាលបានបណ្តាលឱ្យមានអំពើហិង្សាកើតឡើងរវាងក្រុមប្រជាពលរដ្ឋតវ៉ា និងក្រុមទាហាន និងមានប្រជាពលរដ្ឋមា្នក់ឈ្មោះ មុំ ចន្ថា ភេទប្រុស អាយុ ៥៦ ឆ្នាំត្រូវគ្រាប់កាំភ្លើងត្រង់ក្រោមស្មាធ្លាយដល់ក្រោយ និងត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យកាលម៉ែត។
នៅថ្ងៃទី ៤ ខែមិថុនា ភ្នំពេញប៉ុស្តិ៍បានចុះទៅដល់ទីតាំងដីទំនាស់ ដោយបានឃើញប្រជាពលរដ្ឋជិត ១០០ នាក់កំពុងឈរតវ៉ា ក្រោមដើមឈើ និងយាមគ្រឿងចក្រកុំឱ្យធ្វើសកម្មភាពឈូសឆាយដី។ ពួកគាត់បាននិយាយថា ពួកគាត់មកតវ៉ា ដើម្បីរកដំណោះស្រាយ ព្រោះទាហានបានបាញ់ប្រជាពលរដ្ឋឱ្យរងរបួសម្នាក់ និងយកដីរបស់ពលរដ្ឋដែលអាស្រ័យផលយូរឆ្នាំមកហើយ ហើយក្រុមទាហានដែលមកយកដីដែលពលរដ្ឋអាស្រ័យផលនេះ ស្របពេលដែលដីទីនោះឡើងថ្លៃ។
អ្នកកាសែតភ្នំពេញប៉ុស្តិ៍បានធ្វើដំណើរទៅកន្លែងបោះតង់របស់ក្រុមទាហាន ដែលមានគ្រឿងចក្រនៅចម្ងាយប្រមាណជិត ១ គីឡូម៉ែត្រពីក្រុមពលរដ្ឋតវ៉ា ដើម្បីសួរនាំ ប៉ុន្តែមិនមានទាហានណាម្នាក់ហ៊ានផ្តល់បទសម្ភាសនោះទេ។
ទាហានម្នាក់នៅក្នុងទីតាំងនោះនិយាយដោយមិនបញ្ចេញឈ្មោះថា៖ «មេខ្ញុំមិននៅទីនេះទេ មិនមានអ្នកណាមា្នក់ហ៊ានផ្ដល់ព័ត៌មាននោះទេ»។
លោក គាំ រិទ្ធ អាយុ ៤០ ឆ្នាំ រស់នៅភូមិអង្គតាសិតនៃឃុំទួលព្រេជ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែមិថុនាថា ក្រោយពីការតវ៉ាអស់រយៈពេល ៣ ថ្ងៃ ប្រឆាំងទៅនឹងក្រុមយោធាដែលបានដាក់គ្រឿងចក្រមកឈូសឆាយដីនៅក្នុងតំបន់ដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់អាស្រ័យផលដំណាំនៅក្នុងចម្ការបារាំងនេះក៏បានផ្អាកការតវ៉ាជាបណ្តោះអាសន្នវិញនៅពីថ្ងៃទី ៦ ខែមិថុនា បន្ទាប់ពីមន្ត្រីរបស់រដ្ឋបាលខេត្តកណ្តាលបានដើរប្រាប់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងតំបន់ជម្លោះនោះ ដោយបានសន្យាថា នឹងស្វែងរកដំណោះស្រាយក្នុងជម្លោះនេះ ហើយក៏មិនអនុញ្ញាតឱ្យមានគ្រឿងចក្រឈូសឆាយបន្តដែរ។

អ្នកភូមិចង្អុលដីស្រែនៅក្នុងដីទំនាស់ (ដីរបស់រដ្ឋ) ដែលគាត់តែងតែធ្វើស្រែកន្លងមក។ហេង ជីវ័ន
លោក គាំ រិទ្ធ បន្តថា អាជ្ញាធរខេត្តកណ្តាលបានប្រាប់ដល់អាជ្ញាធរឃុំ និងភូមិ ប្រកាសឱ្យពលរដ្ឋតាមខ្នងផ្ទះផ្អាកធ្វើការតវ៉ាកាលពីព្រលប់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងមកនេះ ដោយមានការបញ្ជាក់ពីអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ថានឹងខិតខំប្រឹងប្រែងរកដំណោះស្រាយជូនពលរដ្ឋ។
លោក គាំ រិទ្ធ ថ្លែងថា៖ «ឥឡូវនេះ ពលរដ្ឋខ្ញុំអង្គុយមើលមុខគ្នាឡះចុះឡះឡើង រង់ចាំមើលដំណោះស្រាយ ប៉ុន្តែឱ្យស្ងប់គឺមិនស្ងប់ទេ»។
លោក ជីក សុភា មេប៉ុស្តិ៍ឃុំទួលព្រេជបានអះអាងនៅចំពោះមុខភ្នំពេញប៉ុស្តិ៍ថា ប្រជាពលរដ្ឋប្រមាណជាង ១០០ នាក់ក្នុងរយៈពេល ៣ ថ្ងៃកន្លងមកបានតវ៉ា ទាមទារចង់បានសំណងពីរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងដីទំនាស់ដែលមានទំហំប្រមាណ ជាង ៣០០ ហិកតាស្ថិតនៅក្នុងចម្ការបារាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល។
លោក ជីក សុភា បញ្ជាក់ទៀតថា នៅពេលដែលមានដំណោះស្រាយបែបណាមួយនោះ ពលរដ្ឋនឹងអនុញ្ញាតឱ្យគ្រឿងចក្រហ្នឹងជីកប្រឡាយ ឬបោះព្រំដីតាមធម្មតាវិញ ប៉ុន្តែមិនទាន់មានដំណោះស្រាយផង ក្រុមទាហានបានយកគ្រឿងចក្រមកជីកបោះព្រំបានធ្វើឱ្យពលរដ្ឋចេញមកតវ៉ា បណ្តាលឱ្យមានប្រទូសរ៉ាយដាក់គ្នា។ មូលហេតុដែលឈានដល់ការផ្ទុះអាវុធនេះ ដោយសារប្រជាពលរដ្ឋដែលតវ៉ានេះកាន់ដោយដំបង កាំបិត ដបសាំង បោះដាក់គ្រឿងចក្រ ដើរចូលទៅហាមឃាត់គ្រឿងចក្រមិនឱ្យបន្តសកម្មភាពឈូសឆាយ។
មេប៉ុស្តិ៍រូបនេះបានអះអាងថា៖ «ទំនាស់ដីចម្ការបារាំងនេះ កើតឡើងយូរឆ្នាំមកហើយ ២ ឬ ៣ ឆ្នាំមកហើយ។ ដីនេះមានទំហំប្រមាណជាង ៣០០ ហិកតាត្រូវបានរាជរដ្ឋាភិបាលចេញ សជណ ផ្តល់ទៅឱ្យក្រសួងការពារជាតិ និងក្រសួងបរិស្ថាន ប៉ុន្តែខ្ញុំអត់ដឹងថា ក្រសួងទាំង ២ នេះយកទៅធ្វើអីទេ»។
អ្នកស្រី យ៉ាន់ សុខេន អាយុប្រមាណ ៤០ ឆ្នាំ រស់នៅភូមិអង្គតាសិតថ្លែងថា ប្រជាពលរដ្ឋនឹងនៅតែបន្តសកម្មភាពតវ៉ារហូតដល់មានដំណោះស្រាយ។
អ្នកស្រីថ្លែងថា បើទោះជា ប្រជាពលរដ្ឋមិនមានបណ្ណកម្មសិទ្ធិកាន់កាប់ដីនេះ ប៉ុន្តែប្រជាពលរដ្ឋដែលអាស្រ័យផល និងធ្វើកសិកម្មនៅលើដីចម្ការបារាំងនេះ ចាប់តាំងពីឆ្នាំ ១៩៧៩ មកហើយពេលនេះត្រូវបានហាមឃាត់ដោយក្រុមទាហាន។
អ្នកស្រីបញ្ជាក់ទៀតថា៖ «ប្រជាពលរដ្ឋបានស្នើសុំទៅអាជ្ញាធរឱ្យធ្វើបណ្ណកម្មសិទ្ធិចាប់តាំងពីខ្ញុំមានអាយុ ១៨ ឆ្នាំរហូតដល់ជាង ៤០ ឆ្នាំហើយ ប៉ុន្តែគេអត់ធ្វើឱ្យទេ ដោយគេអះអាងថា ជាដីរបស់រដ្ឋ ហើយអ្នកខ្លះទៀត បានធ្វើស្រែនៅក្នុងចម្ការបារាំងនេះតាំងពីនៅតូច»។
ប្រហាក់ប្រហែលគ្នានេះដែរ លោក ណុច ហេង អាយុប្រមាណ ៥០ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិអង្គស្រែពោធិ៍ ដែលជាសាច់ញាតិជនរងគ្រោះត្រូវគ្រាប់កាំភ្លើងបានឱ្យដឹងថា ប្រជាពលរដ្ឋបានធ្វើស្រែចម្ការនៅក្នុងចម្ការបារាំងនេះ តាំងតែពីដូនតារហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែត្រូវបានក្រុមទាហានមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទីនេះ ធ្វើកសិកម្មស្រូវស្រែ ដែលគាត់ធ្លាប់បានធ្វើកាលពីកន្លងមកនោះទេ។
លោក ណុច ហេង ថ្លែងថា ចាប់តាំងពីឆ្នាំ ១៩៧៩ មករាជរដ្ឋាភិបាលមិនដែលហាមឃាត់ប្រជាពលរដ្ឋនៅទីនេះ មិនឱ្យធ្វើកសិកម្មទេ ដូច្នេះប្រជាពលរដ្ឋខិតខំប្រឹងប្រែង កាប់ឆ្ការ ដើម្បីបានដីធ្វើស្រែ ចម្ការប៉ុន្តែ ទើបតែពេលនេះមានក្រុមទាហានមកហាមឃាត់។ នៅពេលតវ៉ា ប្រជាពលរដ្ឋគ្រាន់តែចូលទៅហាម ត្រាក់ទ័រមិនឱ្យមានការកាយព្រំដី។
លោក ផាន់ ផាន អនុប្រធានភូមិអង្គតាសិតបានឱ្យដឹងថា ប្រជាពលរដ្ឋដែលតវ៉ានេះមកពី ៧ ភូមិ រួមមាន ភូមិគោល ភូមិខ្លុង ភូមិអង្គតាសិត ភូមិព្រៃទទឹង ភូមិក្រាំងក្រូច ភូមិអង្គស្រែពោធិ៍ និងភូមិទួលសេរី បាននាំគ្នាចេញតវ៉ា ដើម្បីបានបន្តអាស្រ័យផលនៅលើដីចម្ការបារាំងនេះ ប៉ុន្តែបើមិនឱ្យពលរដ្ឋអាស្រ័យផលគួរតែអាជ្ញាធររកដំណោះស្រាយសមស្របណាមួយឱ្យចប់សិន មុននឹងយកដីនោះទៅអភិវឌ្ឍប្រជាពលរដ្ឋ មិនប្រកែកតវ៉ាទេ។
លោក ផាន់ ផាន ថ្លែងថាប្រជាពលរដ្ឋបានអាស្រ័យផលនៅលើដីចម្ការបារាំងនេះមានប្រជាពលរដ្ឋខ្លះមានដី ១ ហិកតា និងអ្នកខ្លះទៀតមាន ៦០ ទៅ ៧០ អា និងអ្នកខ្លះទៀតក៏មានត្រឹម ១០ ទៅ ២០ អា ដោយពួកគាត់បានអាស្រ័យនៅទីនេះចាប់តាំងពីបញ្ចប់សម័យប៉ុលពតរហូតមកដល់បច្ចុប្បន្ននេះ។
លោក ផាន់ ផាន ថ្លែងថា៖ «ពលរដ្ឋអាស្រ័យផលនៅទីនេះ តាំងពីខ្ញុំនៅតូចៗម្ល៉េះហើយតាំងពីខ្ញុំកើតមកពួកគាត់អាស្រ័យផលនៅហ្នឹង។ ឥឡូវ ខ្ញុំចូល ៥០ និង ៦០ ឥឡូវហើយ»។
លោក លី វឌ្ឍនា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ស្រុកអង្គស្នួល ដែលស្ថិតនៅកន្លែងកើតហេតុកាលពីថ្ងៃទី ៣ ខែមិថុនា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា មុនពេលឈានប្រើអំពើហិង្សានេះកាលពីថ្ងៃទី ៣០ ខែឧសភា គណៈកម្មការដោះស្រាយផលប៉ះពាល់ចម្ការបារាំងនេះបានបើកកិច្ចប្រជុំជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងការពារជាតិ រួមជាមួយនឹងអាជ្ញាធរ ដើម្បីបោះបង្គោល ព្រំដីចម្ការបារាំងនេះ ឱ្យដឹងថា មានប្រជាពលរដ្ឋប៉ុន្មានគ្រួសារកំពុងអាស្រ័យផលជាក់ស្តែង។
លោកថ្លែងថា នៅក្នុងកិច្ចប្រជុំនោះជំទប់ទី ២ នៃឃុំទួលព្រេជនេះបានលើកឡើងថា ពលរដ្ឋមិនជំទាស់ទេ ចំពោះការកាយព្រំដី ប៉ុន្តែគាត់ស្នើសុំឱ្យមានការដោះស្រាយផលជូនពលរដ្ឋ ព្រោះពួកគាត់បានធ្វើកសិកម្មនៅលើដីនេះតាំងពីយូរយារមកហើយ យ៉ាងហោចណាស់មានសំណងជាតម្លៃរដ្ឋជូនពួកគាត់មុន។
លោក លី វឌ្ឍនា បន្តថា គណៈកម្មការដោះស្រាយផលប៉ះពាល់ចម្ការបារាំងនេះបានស្នើសុំគោលការណ៍ទៅលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងដាក់លិខិតទៅរដ្ឋបាលខេត្តកណ្តាល ដើម្បីបោះបង្គោលព្រំដីចម្ការបារាំងនេះ។
ទើបនៅថ្ងៃទី ៣ គណៈកម្មការមានទាំងកងទ័ព និងមេព្រៃដាក់គ្រឿងចក្រចំនួន ៦ គ្រឿងដើម្បីបោះព្រំដី ដើម្បីឱ្យពលរដ្ឋចេញមុខមកដោះស្រាយ ប៉ុន្តែប្រជាពលរដ្ឋប្រមាណ ២០០ គ្រួសារបាននាំគ្នាចេញមកតវ៉ា មានទាំងដៃកាន់កាំបិត ចម្ពាម និងដំបង ខណៈកងទ័ពប្រមាណពី ២០ ទៅ ៣០ នាក់ ក៏មានដំបងមានអាយកូម និងកាំភ្លើងជាប់ដៃផងដែរ។
លោក លី វឌ្ឍនា ថ្លែងថា៖ «ពលរដ្ឋថា បើមិនដោះស្រាយជូនគាត់ទេ គាត់នឹងធ្វើដូចនៅភូមាអីចឹង»។
លោកបញ្ជាក់ទៀតថា មូលហេតុដែលដាក់គ្រឿងចក្រចំនួន ៦ គ្រឿងសម្រាប់កាយព្រំដីនេះ ដើម្បីបែងចែកតាម ស.ជ.ណ របស់នាយករដ្ឋមន្ត្រីកាត់ជូនក្រសួងការពារជាតិ និងក្រសួងបរិស្ថាន និងចង់ដឹងថា មានពលរដ្ឋប៉ុន្មានគ្រួសារដែលកំពុងអាស្រ័យផលនៅលើដីនេះ ដើម្បីចេញមុខមកដោះស្រាយ ប៉ុន្តែ មិនទាន់ដោះស្រាយផងពលរដ្ឋបានប្រើអំពើហិង្សា យកសាំងជ្រលក់ក្រណាត់គប់លើគ្រឿងចក្រ។
លោកថ្លែងថា៖ «អ៊ីចឹងទៅខាងកងទ័ពគាត់បាញ់ ភ្ជុចដី អ្នកស្រុកហ្នឹងអត់ខ្លាចកាំភ្លើងទេ ស្រាប់តែមានបុរសម្នាក់ត្រូវរបួស ហើយរត់មកតវ៉ា ប៉ុន្តែនៅពេលអាជ្ញាធរសុំពិនិត្យ អ្នករបួស គេមិនឱ្យពិនិត្យ គ្នាគេនាំយកចេញពីកន្លែងកើតហេតុបាត់»។
បើតាមលោក លី វឌ្ឍនា ដីចម្ការបារាំងនេះត្រូវបានមេព្រៃ អះអាងថា មានចំនួន ៤១០ ហិកតា ប៉ុន្តែនៅពេលដែលចុះវាស់ចុះបញ្ជីជាក់ស្តែងមានចំនួន ២៩១ ហិកតា។ តាម ស.ជ.ណ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដីចម្ការនេះត្រូវបានផ្តល់ជូន ក្រសួងបរិស្ថាន និងក្រសួងការពារជាតិមានចំនួន ២៨០ ហិកតា និងប្រគល់ជូនពលរដ្ឋសម្រាប់ធ្វើកសិកម្ម ២៥ ហិកតាតាំងពីឆ្នាំ ១៩៩៦។
យោងតាមលិខិតលេខ ៧៥៥ សជណ/មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ បានយល់ព្រមជាគោលការណ៍ផ្តល់ដី ២ លាន ៨ សែនម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិចំនួន ៥ រួមមាន ភូមិគោល ភូមិថ្លុង ភូមិអង្គតាសិត ភូមិព្រៃទទឹង និងភូមិក្រាំងក្រូច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ ៥១ ជាសម្បត្តិឯកជនរបស់រដ្ឋនៃក្រសួងការពារជាតិ ហើយត្រូវខិតខំសម្របសម្រួលជាមួយនឹងប្រជាជនដែលមាននៅក្នុងតំបន់នេះ។
ទាក់ទងនឹងប្រវត្តិដីនេះលោក យន់ សុខុម មេឃុំទួលព្រេជបានឱ្យដឹងថា ប្រជាពលរដ្ឋអាស្រ័យផលនៅលើដីចម្ការបារាំងនេះ ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមបើគិតរហូតមកដល់បច្ចុប្បន្ននេះគឺ ៣ ជំនាន់ហើយ។ ដីព្រៃចម្ការបារាំងនេះតាំងពីសម័យសង្គមរាស្ត្រនិយម (ជំនាន់សម្តេចនរោត្តមសីហនុ) ជាដីរបស់រដ្ឋ ដែលនៅពេលនោះរដ្ឋបានដាំដុះឈើ។
រហូតដល់ក្រោយមកទៀតនៅក្នុងឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋក៏បានកាប់ឆ្ការព្រៃដែលនៅសល់ធ្វើជាអុស និងដីធ្វើស្រែ ប៉ុន្តែនៅក្នុងឆ្នាំ ១៩៨៣ រដ្ឋបាលព្រៃឈើបានមកទទួលយកដីនេះយកទៅគ្រប់គ្រងវិញ រហូតមកដល់បច្ចុប្បន្ននេះ ដោយមិនមានកាត់ឱ្យពលរដ្ឋណាមា្នក់ធ្វើជាកម្មសិទ្ធិឡើយ។
ប៉ុន្តែប្រជាពលរដ្ឋបានអាស្រ័យផលនៅលើដីនេះរហូត ជាពិសេសដីដែលមានទីទំនាប គឺប្រជាពលរដ្ឋបានធ្វើស្រែ តាំងពីសម័យសង្គមរាស្ត្រនិយមមកដល់បច្ចុប្បន្ន លើកលែងតែចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៧៩ ដែលជាសម័យប៉ុលពត ប៉ុណ្ណោះ។
លុះក្រោយឆ្នាំ ១៩៧៩ ប្រជាពលរដ្ឋក៏នៅតែធ្វើស្រែនៅលើដីនេះរហូតមកដែរ ប៉ុន្តែរដ្ឋបាលឃុំទួលព្រេជ មិនដែលហ៊ានចេញច្បាប់ ឬលិខិតបញ្ជាក់ណាមួយនោះទេ ព្រោះវាជាដីរបស់រដ្ឋ បើទោះបីមានសំណើក៏ដោយ។
លោក យន់ សុខុម ថ្លែងថា៖ «ប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផល ប៉ុន្តែពុំមានសិទ្ធិលក់ដូរ ឬធ្វើអាជីវកម្មបានទេ បើទោះបីពួកគាត់ខ្សឹបខ្សៀវគ្នាគាត់លក់ដូរអីយ៉ាងម៉េច គឺឃុំអត់ដឹងឮនោះទេ»។
បើតាម លោក យន់ សុខុម សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក៏ធ្លាប់យាងមកដាំកូនឈើនៅទីនេះដែលបានដាំជាប្រភេទដើមឈើព្រៃ ដូចជា ដើមឈើត្រាច ដើមឈើត្រសេក ដើមឈើពពេល ដើមត្បែង និងដើមឈើធ្នុងជាដើម ដែលនៅពេលនោះលោកទើបមានអាយុ ៧ ឬ ៨ ឆ្នាំ ដែលបច្ចុប្បន្ននេះ លោកមានអាយុ ៧០ ឆ្នាំជាងហើយ។ ក្រោយឆ្នាំ ២០០០ សម្តេចព្រះនរោត្តមសីហមុនីក៏ធ្លាប់បានយាងមកដាំដើមឈើប្រណីតនៅទីនេះដែរដូចជាឈើបេង ឈើគ្រញូង ធ្នង់ និងដើមឈើនាងនួន ប៉ុន្តែបច្ចុប្បន្ននេះមានតែដើមអាកាស្យា និងប្រេងខ្យល់ទេ។
លោកបញ្ជាក់ទៀតថា ចំពោះឈ្មោះដីចម្ការបារាំង គឺជាឈ្មោះដែលអ្នកស្រុកជាអ្នកដាក់ឱ្យ ពីព្រោះនៅជំនាន់បារាំង ជនជាតិបារាំងបានចូលមកដាំដើមកៅស៊ូនៅលើដីនេះ ហើយនៅលើដីនេះក៏មានអណ្តូងទឹក ១ ដែរ ដែលពលរដ្ឋបានហៅថា អណ្តូងបារាំងៗរហូតមកដល់បច្ចុប្បន្ននេះដែរ។
លោកមេឃុំរូបនេះបានរៀបរាប់ទៀតថា កាលពីសម័យសង្គមរាស្ត្រនិយម មេព្រៃជាអ្នកគ្រប់គ្រងដីនេះ។ ក្រោយមកទៀតក៏នៅតែក្រោមការគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រហូតមកទល់មាន ស.ជ.ណ ចេញដោយរាជរដ្ឋាភិបាលកាលពេលថ្មីៗនេះ ប្រគល់ដីចម្ការបារាំងនេះឱ្យទៅក្រសួងការពារជាតិ និងក្រសួងបរិស្ថាន។
ចំពោះបង្គោលព្រំដីត្រូវបានដាំនៅក្រោយឆ្នាំ ១៩៩០ ប៉ុន្ដែពេលដាំនោះមិនមានការតវ៉ានោះទេ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានទេ។ ចំណែកលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ចំពោះដំណោះស្រាយយ៉ាងណាលោកមិនទាន់មានព័ត៌មាននេះនៅឡើយទេ ប៉ុន្តែលោកបានដឹងថា រាជរដ្ឋាភិបាលបានប្រគល់ទីតាំងដីរបស់រដ្ឋនៅតំបន់នោះដល់ក្រសួងបរិស្ថាន ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធទីលានចាក់សំរាម ដែលមានលក្ខណៈស្តង់ដាសម្រាប់ចាក់សំរាមប្រមូលពីរាជធានីភ្នំពេញ និងតំបន់នៅជុំវិញនោះ។
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា តាមច្បាប់ភូមិបាលឆ្នាំ ២០០១ មិនមានដីណាមួយ ដែលមិនមានម្ចាស់នោះទេ គឺបើមិនមែនជាដីរបស់ឯកជន ក៏ជាដីរបស់រដ្ឋដែរ។
លោក ច័ន្ទតុលា ថ្លែងថា៖ «តាមច្បាប់នេះ បើទោះបីទៅអាស្រ័យផល របៀបណាក៏ដោយ ក៏មិនអាចក្លាយជាកម្មសិទ្ធិបានទេ ប៉ុន្តែបើរដ្ឋចង់ឱ្យវិញ គឺអាចធ្វើជាដីសម្បទានដីសង្គមកិច្ចជូនឱ្យពលរដ្ឋបាន ប៉ុន្តែជាផ្លូវច្បាប់ ទោះបីពលរដ្ឋទៅគ្រប់គ្រងគ្រប់លក្ខខណ្ឌក៏ដោយតាមច្បាប់ភូមិបាល ២០០១ នេះគឺមិនអាចយកធ្វើជាកម្មសិទ្ធិបានទេ»៕