ភ្នំពេញៈ សហរដ្ឋអាមេរិក​បាន​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ ២៧ ​រូប រួមមាន​រូប​បដិមា​ផ្នែក​ព្រះពុទ្ធសាសនា​ និង​ព្រហ្មញ្ញសាសនា​សម័យអង្គរ​ដែល​ត្រូវបាន​ជួញដូរ មក​ឱ្យ​កម្ពុជា​គ្រប់គ្រង​វិញ​ជា​អ្វីដែល​មន្ត្រី​កម្ពុជា​ និង​អាមេរិក​ចាត់ទុក​ការប្រគល់​នេះ​ថា​ជា​ផ្លែផ្កា​នៃ​ការចុះ​អនុស្សរណៈ​រវាង​ប្រទេស​ទាំង​ ២​។

លោក​ ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក និង​លោក CyrusVance Jr. រដ្ឋអាជ្ញា​នៃ​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ញូវយ៉ក​កាលពី​ថ្ងៃទី​ ៩ ខែមិថុនា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​ និង​រដ្ឋអាជ្ញា​នៃ​សង្កាត់​ញូវយ៉ក​ស្តីពី​ការផ្ទេរសិទ្ធិ​គ្រប់គ្រង​វត្ថុ​បុរាណ​របស់​កម្ពុជា​ដែល​ត្រូវបាន​ជួញដូរ​ចំនួន​ ២៧ ​រូប​ពី​ការិយាល័យ​រដ្ឋអាជ្ញា​មក​ឱ្យ​កម្ពុជា​។

លោក​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​៖ «​ការបញ្ជូន​ត្រឡប់​មកវិញ​នៃ​វត្ថុ​បុរាណ​ទាំងនេះ​បាន​បង្ហាញ​ឱ្យឃើញ​ជាថ្មី​នូវ​លទ្ធផល​ផ្លែផ្កា​នៃ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ចុះហត្ថលេខា​ដោយ​​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​បាន​បើកឡើង​នូវ​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏ល្អប្រសើរ​លើ​ការអភិរក្ស​វប្បធម៌​រវាង​ប្រទេស​ទាំង​ ២»​។

លោក​បាន​បន្ថែមថា​៖ «​យើង​​ខ្ញុំ​សង្ឃឹម​ថា សហរដ្ឋអាមេរិក​​នឹង​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​យើង​​អាច​បញ្ឈប់​ការជួញដូរ​សម្បត្តិ​វប្បធម៌​ខ្មែរ​ខុសច្បាប់ និង​បញ្ជូន​​បេតិកភណ្ឌ​វប្បធម៌​របស់​យើង​ត្រឡប់​ទៅ​កម្ពុជា​វិញ​»​។

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ៩ ខែមិថុនា​ថា​៖ «​ក្នុង​ចំណោម​វត្ថុ​បុរាណ​ទាំង​ចំនួន​ ២៧ ដែល​ត្រូវបាន​រកឃើញ​មកវិញ​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា និង​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​រួមមាន​រូបបដិមា​ផ្នែក​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​សម័យអង្គរ​​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ព្រះពុទ្ធ​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ រូប​ព្រះឥសូរ និង​ព្រះនាង​​ប្រាជ្ញា​បារមិតា​ធ្វើ​ពី​ថ្មភក់​»​។​ល​។

ពិធី​ប្រគល់​វត្ថុបុរាណ​ឱ្យ​កម្ពុជា​កាលពី​ថ្ងៃទី​ ៩ មិថុនា​។ រូបថត សហការី

ស្ថានទូត​កម្ពុជា​បញ្ជាក់​ថា​៖ «​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការសម្របសម្រួល និង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​ជាមួយ​ការិយាល័យ​រដ្ឋអាជ្ញា​»​។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចូលរួម​ពិធី​នេះ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ភ្នំពេញ​មក​ ដើម្បី​ជា​សាក្សី​ក្នុង​ការចុះ​ហត្ថលេខា​នេះ​។ ​រីឯ​លោក​ឯកអគ្គរាជទូត កែ សុវណ្ណ តំណាង​អចិន្រៃ្តយ៍​នៃ​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ក៏មាន​វត្តមាន​ចូលរួម​ផងដែរ​។

ក្នុង​ពេល​ថ្លែង​ទៅកាន់​ពិធី​ចុះហត្ថលេខា​នោះ លោកស្រី ភឿង សកុណា បាន​សម្តែង​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ និង​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ការិយាល័យ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​ប្រចាំ​សង្កាត់​ញូវយ៉ក ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ព្រមទាំង​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​កម្ពុជា​ក្នុង​ការបញ្ជូន​សម្បត្តិ​វប្បធម៌​ទាំងនេះ​ត្រឡប់មក​មាតុភូមិ​កម្ពុជា​​វិញ​។ ​នេះ​បើ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា បច្ចុប្បន្ន​ទាំង​វត្ថុ​បុរាណ​ ២៧ ​រូបនេះ​កំពុង​ស្ថិត​ក្នុង​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ហើយ​លោក​ក៏​មិនទាន់​ដឹង​​ថា តើ​វត្ថុ​បុរាណ​ទាំងនេះ​នឹង​មក​កម្ពុជា​នៅពេល​ណា​ដែរ​។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។ រីឯ​លោក Chad Roedemeier អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ដោយ​ស្នើឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​យោង​ទៅលើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​នេះ​ពីថ្ងៃ​ទី​ ១០ ខែមិថុនា​។

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ពិធី​ប្រគល់​វត្ថុ​បុរាណ​នេះ​គឺជា​ការផ្តល់​កិត្តិយស​ដល់​​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ ២ ​លើ​ការការពារ​​ការលួច​ និង​ការជួញដូរ​វត្ថុ​បុរាណ​ខ្មែរ​។ ​សហរដ្ឋអាមេរិក​មាន​មោទនភាព​ដែល​បាន​ដើរ​​តួនាទី​ក្នុង​ការធានា​បេតិកភណ្ឌ-វប្បធម៌​របស់​ប្រជាជន​កម្ពុជា​»​។

ចំណែក​លោក Cyrus VanceJr ត្រូវបាន​ដកស្រង់​សម្ដី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា ការធ្វើ​មាតុភូមិ​និវត្តន៍​នៃ​វត្ថុ​បុរាណ​ទាំង​ ២៧ នេះ​​ទៅកាន់​ប្រជាជន​កម្ពុជា​គឺជា​ការផ្សារភ្ជាប់​នូវ​ទំនាក់ទំនង​ដ៏សំខាន់​រវាង​យុគ​បុរាណសម័យ​អង្គរ​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ទំនៀមទម្លាប់​និ ង​ជំនឿ​សម័យ​ទំនើប​ដែល​អស់​រយៈពេល​ជាយូរ​មកហើយ ត្រូវ​បាន​​រំខាន​ដោយ​ការលោភលន់​របស់​​អ្នកជួញដូរ​វត្ថុ​បុរាណ​។

លោក​បាន​ថ្លែងថា​៖ «​ពិធី​ថ្ងៃ​​នេះ​គឺជា​ការរំឭក​ដ៏មាន​អានុភាព​​ថា បុគ្គល​ដែល​លួច និង​លក់​វត្ថុ​បុរាណ​សំខាន់ៗ​កំពុង​ប្រព្រឹត្ត​​បទឧក្រិដ្ឋ មិន​ត្រឹមតែ​ប្រឆាំង​​នឹង​បេតិកភណ្ឌ​របស់​ប្រទេស​​មួយ​នោះទេ ប៉ុន្តែ​វា​ក៏​ជា​ការប្រឆាំង​នឹង​បច្ចុប្បន្នកាល និង​អនាគតកាល​ផងដែរ​»។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា តាម​ការ​បញ្ជាក់​បន្ថែម​ពី​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក វត្ថុបុរាណ​ចំនួន ២៧ រូប កំពុង​ស្ថិត​នៅ​ក្រុមហ៊ុន Museum Partner ដើម្បី​រៀបចំ​បញ្ជូន​មក​កម្ពុជា​វិញ៕