កំពង់ឆ្នាំងៈ ក្រុមគ្រូពេទ្យ​បាន​ចុះ​ទៅយក​សំណាក​អ្នករត់​តាក់ស៊ី និង អ្នកពាក់ព័ន្ធ​នៅ​ចំណត​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង​កាលពី​ម្សិលមិញ បន្ទាប់ពី​រដ្ឋបាល​ក្រុង​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ទាំងអស់​ក្នុង​ក្រុង​កំពង់ឆ្នាំង​ដែល​ធ្វើ​​ដំណើរ​ទៅកាន់​តំបន់​ផ្សេងៗ​​ ដោយសារ​មាន​ករណី​អ្នកបើកបរ​ ២ ​នាក់​មាន​ផ្ទុក​វីរុស​កូវីដ​ ១៩​។

លោក យិន សាវ៉េន អភិបាលក្រុង​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​ពី​​អ្នករត់​តាក់ស៊ី និង​អ្នកពាក់ព័ន្ធ​បាន​ចំនួន​ ១២០ ​នាក់​តែ​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។ ហេតុនេះ​អាជ្ញាធរ​ក្រុង​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ឡើងវិញ​ធម្មតា​​នៅ​រសៀល​ថ្ងៃទី​ ១០ ខែមិថុនា​។

លោក​ថ្លែងថា​៖ « អ្នករត់​តាក់ស៊ី​នៅ​ក្រុង​កំពង់ឆ្នាំង​ទាំងអស់​មាន​ ៥១ ​នាក់ ប៉ុន្តែ​មាន​ពលរដ្ឋ​ផ្សេងទៀត​បាន​មក​ចូលរួម​ពិនិត្យ​តាម​ការប្រកាស​អំពាវនាវ​របស់​អាជ្ញាធរ​។ ​ជា​លទ្ធផល​អ្នក​មក​យក​សំណាក​ទាំងអស់​មាន​ ១២០ ​នាក់ ហើយ​សុទ្ធតែ​អវិជ្ជមាន​កូវីដ​ ១៩​។ អ៊ីចឹង ឥឡូវ​យើង​បាន​ឱ្យ​ពួកគាត់​ដំណើរការ​​ដឹក​ភ្ញៀវ​ឡើងវិញ​ហើយ​»​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង​ពីថ្ងៃ​ទី​ ៩ ខែមិថុនា ឱ្យ​ដឹងថា ក្រុមគ្រូពេទ្យ​​បាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ចំនួន​ ២ ​នាក់​លើ​អ្នកបើកបរ​តាក់ស៊ី​ក្នុង​ក្រុង​កំពង់ឆ្នាំង​។

ចំណត​រថយន្ត​ក្រុង​កំពង់ឆ្នាំង​ត្រូវបាន​អាជ្ញាធរ​ក្រុង​ប្រកាស​បិទ​មិនឱ្យ​ដឹក​ភ្ញៀវ​ចេញទៅ​ភ្នំពេញ​ និង​តំបន់​ដទៃទៀត​ទេ​។

សេចក្តី​ជូនដំណឹង​នោះ​បញ្ជាក់​​ថា អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ទាំងអស់​ក្នុង​ក្រុង​កំពង់ឆ្នាំង​ត្រូវ​​ផ្អាក​ជា​បណ្តោះអាសន្ន​ ដើម្បី​ទៅយក​សំណាក​នៅ​ទីតាំង​ចំណតរថយន្ត​នៅ​ផ្សារលើ​ក្រុង​កំពង់ឆ្នាំង​ចាប់ពី​ម៉ោង​ ៤ ​ព្រឹក​ថ្ងៃទី​ ១០ ​ខែមិថុនា ជា​កំហិត​។ ករណី​មិន​ព្រម​អនុវត្តតាម រដ្ឋបាល​ក្រុង​នឹង​ចាត់វិធានការ​តាមច្បាប់​។

លោក ប្រាក់ វ៉ុន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​ថ្លែង​​ថា អ្នក​ដែល​យក​សំណាក​ត្រូវបាន​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​ធម្មតា​ដោយ​មិនមាន​ការធ្វើ​ចត្តាឡីស័ក​​អ្វី​ទេ​។ ​ការយក​សំណាក​នេះ​ដោយសារ​បារម្ភ​ខ្លាច​មាន​អ្នករត់​តាក់ស៊ី​ផ្សេងទៀត​មាន​ជំងឺ​កូវីដ​ ១៩ ដែល​អាច​ឆ្លង​អ្នកដំណើរ​។

លោក​ថា​៖ «​រឿង​ហ្នឹង​ដោយសារ​យើង​ចេះតែ​កត់សម្គាល់​​ឃើញ​មាន​អ្នករត់​តាក់ស៊ី​កើត​ជំងឺ​កូវីដ​ ១៩ យើង​ឃើញ​មាន​ ២ ​នាក់​ហើយ​ដែលមាន​ជំងឺ​ហ្នឹង​​អ៊ីចឹង​ ដើម្បី​បង្ការ​ខ្លាចក្រែង​មាន​អ្នករត់​តាក់ស៊ី​ផ្សេងទៀត​មាន​ជំងឺ​ហ្នឹង​ដែរ​បានជា​យើង​ស្រាវជ្រាវ​រកមើល​តែ​ប៉ុណ្ណឹង​»​។

ស្រដៀង​គ្នា​នេះ​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​បានសម្រេច​ផ្អាក​បណ្តោះអាសន្ន​អាជីវកម្ម​ចំណត​​រថយន្ត​អូរស្មាច់​ស្ថិតនៅ​ភូមិ​អូរស្មាច់ សង្កាត់​អូរស្មាច់ ក្រុង​សំរោង​​ផងដែរ ក្រោយ​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ​ ២ ​នាក់​ស្នាក់នៅ​ចំណតរថយន្ត​នោះ​។

នាយក​រដ្ឋបាលខេត្ត​ឧត្តរមានជ័យ​លោក ជា ពិសិដ្ឋ ថ្លែង​ពី​ម្សិលមិញ​ថា ការផ្អាក​ចំណត​រថយន្ត​អូរស្មាច់​នេះ​​ចាប់ពី​ថ្ងៃទី​ ៩ ខែមិថុនា រហូតដល់​មាន​ការសម្រេច​ជាថ្មី​។

លោក​ថា​៖ «​ក្នុងអំឡុងពេល​ការផ្អាក​អាជីវកម្ម​បណ្តោះអាសន្ន ម្ចាស់​ទីតាំង​ត្រូវគោរព​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​វិធានការ​រដ្ឋបាល វិធានការ​សុខាភិបាល​»៕