ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ធ្វើការ​ណែនាំ​ទៅដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ឱ្យ​ធ្វើ​បច្ចុប្បន្នភាព​អាស័យដ្ឋាន​ស្នាក់នៅ​បច្ចុប្បន្ន​របស់​កម្មករ និយោជិត​ទៅឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ ដើម្បី​ងាយ​គ្រប់គ្រង​ទៅលើ​កម្មករ​ក្នុង​អំឡុងពេល​ឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក អ៊ិត សំហេង បាន​លើកឡើង​នៅ​ថ្ងៃទី​ ១០ ខែមិថុនា តាមរយៈ​សេចក្តី​ជូនដំណឹង​ថា យោង​តម្រូវការ​ចាំបាច់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រសួង​ការងារ ណែនាំ​ដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករ​និយោជិត​ទាំងអស់ ធ្វើ​បច្ចុប្បន្នភាព​អាសយដ្ឋាន​ស្នាក់នៅ​បច្ចុប្បន្ន​ពិតប្រាកដ​របស់​កម្មករ-កម្មការិនី ដែលមាន​លេខ​ផ្ទះ​ ឬ​លេខ​បន្ទប់ជួល ភូមិ ឃុំ​/​សង្កាត់ ក្រុង-ស្រុក-ខណ្ឌ និង​រាជធានី-ខេត្ត របស់​កម្មករ និយោជិត​ទាំងនោះ​ឱ្យបាន​ច្បាស់​។

លោក​បាន​បន្តថា៖ «​ត្រូវធ្វើ​បច្ចុប្បន្នភាព​កម្មករ​រួចហើយ បញ្ជូន​មក​ក្រសួង​ឱ្យបាន​មុន​ថ្ងៃទី​ ២៥ ខែមិថុនា​»​។

ចំណែក​កម្មករ និយោជិត ត្រូវ​ធ្វើការ​សាកសួរ​ទៅ​ម្ចាស់ផ្ទះ​ជួល ដើម្បី​ផ្តល់​អាសយដ្ឋាន​ស្នាក់នៅ​បច្ចុប្បន្ន​ពិតប្រាកដ ដើម្បី​ផ្តល់​ទៅ​ឱ្យ​អ្នក​ទទួល​បន្ទុក​រដ្ឋបាល​រោងចក្រ សហគ្រាស​ដែល​ខ្លួន​ធ្វើការ និង​ត្រូវ​ត្រៀម​រូបថត ៤x៦ ចំនួន ៣ ​សន្លឹក និង​សហការ​ផ្តល់ព័ត៌មាន​អំពី​អាសយដ្ឋាន​ស្នាក់នៅ​ក្នុងពេល​បច្ចុប្បន្ន និង​ព័ត៌មាន​ចាំបាច់​តាម​ការកំណត់ ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅក្នុង​ពេលខាងមុខ​។

សេចក្តី​ជូនដំណឹង​របស់​លោក អ៊ិត សំហេង នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ស្នើឱ្យ​ក្រសួង​ការងារ ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ស្នាក់នៅ​របស់​កម្មករ-កម្មការិនី​ឱ្យបាន​ច្បាស់លាស់ ដើម្បីឱ្យ​អាជ្ញាធរ​ងាយស្រួល​គ្រប់គ្រង​ទៅលើ​កម្មករ​ក្នុង​អំឡុងពេល​មាន​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក ឃួង ស្រេង បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃទី​ ៨ ខែ​មិថុនា​ថា៖ «​ការធ្វើ​បច្ចុប្បន្នភាព​របស់​បងប្អូន​កម្មករ កម្មការិនី​រស់នៅ​គឺ​បង្ក​ភាពងាយស្រួល ក្នុង​ការគ្រប់គ្រង​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅតាម​រោងចក្រ​តាម​បន្ទប់​ជួល​ដែល​បងប្អូន​កម្មករ-កម្មការិនី​រស់នៅ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​»​។

ជាមួយ​គ្នា​នេះដែរ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នឹង​ធ្វើការ​ផ្សព្វផ្សាយ និង​ធ្វើការ​ណែនាំ​បន្ត​ទៅដល់​បណ្តា​រោងចក្រ​ដែលជា​សមាជិក​អំពី​ព័ត៌មាន​នេះ នៅពេល​ដែល​ក្រសួង​ការងារ ចេញ​សេចក្តី​ណែនាំ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការធ្វើ​បច្ចុប្បន្នភាព បញ្ជី​ស្នាក់នៅ​របស់​កម្មករ-កម្មការិនី​។ នេះ​បើតាម អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា ដែល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ មិថុនា​៕