ភ្នំពេញៈ ក្រៅពី​ការចូលរួម​ចំណែក​ក្នុង​ការជួយ​គាំទ្រ​ ដើម្បី​ទប់ស្កាត់​ការរីករាល​នៃ​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​ការជួយ​គាំទ្រ​លើកកម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បាន​សន្យា​បន្ត​ផ្តល់​អាហារូបករណ៍ សម្រាប់​ធ្វើការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ជាពិសេស​មន្ត្រី​វ័យក្មេង​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍ សង្គមជាតិ ស្របតាម​គោលការណ៍​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​កម្ពុជា​។

នេះ​បើតាម​ការថ្លែង​របស់លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​នៅក្នុង​ជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​ ១០ ​ខែមិថុនា​។

លោក MIKAMI Masahiro ថ្លែង​ថា​៖ «​ថ្វីដ្បិតតែ​មាន​បញ្ហា​ប្រឈម​ដោយ​ជំងឺ​កូវីដ​ ១៩ ក៏ប៉ុន្តែ​រដ្ឋាភិបាល​ជប៉ុន​នៅតែ​បន្ត​គាំទ្រ​ដល់​ការពង្រឹង​សមត្ថភាព តាមរយៈ​ការផ្ដល់​អាហារូបករណ៍ និង​វគ្គ​បណ្ដុះបណ្ដាល​នានា​ដល់​មន្ត្រី​ក្រសួងមហាផ្ទៃ​»​។

លោក MIKAMI Masahiro សង្ឃឹម​ថា ស្ថានទូត​ជប៉ុន​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​បន្ត​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ល្អៗ និង​ជាម​ន្ដ្រី​វ័យក្មេង សម្រាប់​ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍ​សង្គមជាតិ ស្រប​តាម​គោលការណ៍​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​កម្ពុជា​។

នៅក្នុង​ជំនួប​នោះ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​សម្ដែង​ក្ដី​រីករាយ​ចំពោះ​គោលបំណង​របស់​ជប៉ុន​ក្នុង​ការបន្ត​ជួយ​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ លើ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន បន្ត​ជួយ​គាំទ្រ​ដល់​ផ្នែក​នេះ ស្របតាម​តម្រូវការ​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​ក្នុង​គោលដៅ​អភិវឌ្ឍ​សង្គមជាតិ​ឱ្យមាន​ការរីកចម្រើន​។

លោក ស ខេង ​បញ្ជាក់ថា​៖ «​ជំនួយ​គាំទ្រ​នានា​ដែល​រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​រួមទាំង​ក្រសួង​មហាផ្ទៃ​ដែរ ក្នុង​នោះ​រាប់ទាំង​ជំនួយ​ផ្នែក​សុខាភិបាល ការផ្ដល់​កម្ចី​សម្រាប់​អនុវត្ត​គោលនយោបាយ​សង្គម និង​ការជួយ​គាំទ្រ​ដល់​ការបណ្ដុះបណ្ដាល ធនធាន​មនុស្ស បានរួម​ចំណែក​ដល់​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា​»​។

បើតាម​លោក ស ខេង បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​ផែនការ​រយៈពេល​ ១០ ​ឆ្នាំ​បន្ត​ទៀត​ក្នុង​ដំណើរការ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់ខ្លួន ដែល​ដំណាក់កាល​នេះ គឺជា​ដំណាក់កាល​ដ៏មាន​សារៈសំខាន់​ក្នុង​ការផ្ទេរ​សិទ្ធិអំណាច និង​ធនធាន​ការទៅ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ធនធាន​មនុស្ស​៕