
កសិករ ២ រូបបានប្រទះឃើញវត្ថុបុរាណធ្វើពីលោហធាតុ ចំនួន ១៧ ដុំ/រូប នៅថ្ងៃទី ១០ ខែមិថុនា ខណៈដែលពួកគេកំពុងភ្ជួរត្រាក់ទ័រនៅលើដីចម្ការរបស់ខ្លួន នៅក្បែរប្រាសាទតាស្រី ស្ថិតនៅក្នុងភូមិអលិច ឃុំស្វាយចេក ស្រុកស្វាយចេក និងបានប្រគល់ជូនអាជ្ញាធរខេត្តដើម្បីរក្សាទុក។
បន្ទាយមានជ័យៈ កសិករ ២ រូប បានប្រទះឃើញវត្ថុបុរាណ ធ្វើពីលោហធាតុ ចំនួន ១៧ ដុំ/រូប នៅថ្ងៃទី ១០ ខែមិថុនា ខណៈដែលពួកគេកំពុងភ្ជួរត្រាក់ទ័រនៅលើដីចម្ការរបស់ខ្លួន នៅក្បែរប្រាសាទតាស្រី ស្ថិតនៅក្នុងភូមិអលិច ឃុំស្វាយចេក ស្រុកស្វាយចេក និងបានប្រគល់ជូនអាជ្ញាធរខេត្តដើម្បីរក្សាទុក។
លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះថា នៅពេលដែលពលរដ្ឋទាំងនោះបានឃើញក៏បានរាយការណ៍ជូនអាជ្ញាធរស្រុក។ អាជ្ញាធរស្រុកក៏ចុះទៅពិនិត្យមើលនាំយកវត្ថុបុរាណទាំងនោះរួចក៏បានប្រគល់ជូនទៅមន្ត្រីជំនាញ ដើម្បីរក្សាទុកជាសម្បត្តិវប្បធម៌។
លោក លឿង សុភក្តិ បន្តថា អាជ្ញាធរគ្មានអ្វីជាការតបស្នងទៅប្រជាកសិករវិញនោះទេ មានតែអរគុណនូវសន្ដានចិត្ត និងស្មារតី ឧត្តមគតិ ស្នេហារជាតិតាមរយៈការស្រឡាញ់វត្ថុបុរាណដែលរកឃើញហើយប្រគល់ឱ្យរដ្ឋ ដើម្បីរក្សាទុកនេះកុំឱ្យធ្លាក់ទៅដល់ដៃឈ្មួញ ឬ អ្នករកស៊ីទិញលក់ រត់ពន្ធវត្ថុសិល្បៈបុរាណ។
លោក លឿង សុភក្តិ ថ្លែងថា៖ «ខ្ញុំគ្រាន់តែ ជាអាជ្ញាកណ្តាលបានប្រគល់ទៅមន្ត្រីជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឱ្យគេរក្សាទុកទៅតាមបច្ចេកទេស របៀបរបបរបស់គេហើយ»។
បើតាម លោក លឿង សុភក្តិ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា កសិករទាំង ២ រូបនោះ (អត់ចាំឈ្មោះ) បានបើកត្រាក់ទ័រភ្ជួរដីចម្ការដាំដំឡូងមី ហើយពីដំបូងក៏ប្រទះឃើញក្រឡមួយចំនួន បន្ទាប់មកក៏ឃើញវត្ថុសិល្បៈបុរាណផ្សេងទៀត ហើយក៏ផ្អើលឡើងដល់កសិករ និងអ្នកភូមិផ្សេងទៀតបាននាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់ គោរពសក្ការៈ។
ដោយឮខ្ចរខ្ចាយបែបនេះ ទើបកសិកររូបនោះសម្រេចស្ម័គ្រចិត្ត ប្រគល់វត្ថុបុរាណទាំងនោះជូនមកឱ្យអាជ្ញាធររក្សាទុក។
លោក យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យថ្លែងថា បន្ទាប់ពីបានពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះរួចហើយ មន្ត្រីជំនាញក៏បានសន្និដ្ឋានថា វត្ថុបុរាណទាំងនោះត្រូវបានធ្វើឡើងក្នុង ស.វ ទី ១០ ទៅ ១១ ។
បើតាមលោក តាំងគួយ វត្ថុសិល្បៈបុរាណទាំង ១៧ ដុំ/រូបនោះ ធ្វើពីលោហធាតុក្នុងនោះមាន ១. ពុម្ពចាក់ព្រះ ចំនួន ២។ ២.កណ្តឹង (ត្រួយ) ចំនួន ២ ។ ៣. កង ចំនួន ៩។
៤. ទេវរូបស្រី ចំនួន ១។ ៥. ទេវរូបប្រុស ចំនួន ១។ ៦. ពុទ្ធរូបប្រក់នាគ ចំនួន ២ និង ៧. ដុំសំណ ចំនួន ១០ ដុំ (តូចៗ) ៕