បន្ទាយមានជ័យៈ បុរស​ម្នាក់​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់ និង​បញ្ជូនទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី​កាលពីថ្ងៃ​ទី​ ១០ ខែមិថុនា ពាក់ព័ន្ធ​នឹង​ការបន្លំ​ធ្វើជា​ក្រឡាបញ្ជី​ដើរ​បោកលុយ​ពី​ពលរដ្ឋ ក្រោយពី​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៨ មិថុនា​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​លោក​ សំរិទ្ធ សុខុន ប្រាប់​ពី​ម្សិលមិញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ​ នី ឆេងឡេង ភេទ​ប្រុស​អាយុ​ ២៤ ​ឆ្នាំ​រស់នៅ​ភូមិ​ក្បាលស្ពាន​ ១ សង្កាត់-ក្រុង​ប៉ោយប៉ែត​។ ជននេះ​ត្រូវបាន​តំណាង​អយ្យការ​ចោទ​ពី​បទ​ឆបោក និង​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ដើម្បី​ចាត់ការ​សាកសួរ​តាម​នីតិវិធី​បន្តទៀត​។

លោក​ថ្លែងថា​៖ «​លោក​ព្រះរាជអាជ្ញារង ស៊ិន វិសុទ្ធ ដែលជា​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ពី​បទឆបោក​តាម​បញ្ញត្តិ​មាត្រា​ ៣៧៧ និង​ ៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ជន​ម្នាក់នេះ​មិនមែន​ជា​ក្រឡាបញ្ជី​នៅក្នុង​តុលាការខេត្ត​ទេ​»​។

លោក​ ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ទទួល​ការងារ​ផែន​យុត្តិធម៌​ឱ្យដឹង​នៅ​ថ្ងៃទី​ ១០ មិថុនា តាម​សម្តី​ជនរងគ្រោះ​ចំនួន​ ៣ ​នាក់​ថា ជនសង្ស័យ​ឈ្មោះ​ នី ឆេងឡេង បាន​អួតអាង​ប្រាប់​ជនរងគ្រោះ​ថា រូបគេ​ជា​ក្រឡាបញ្ជី​ និង​ជា​ជំនួយការ​ផ្ទាល់​របស់លោក​ចៅក្រម អាំង ចិន្ដា នៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។ ប៉ុន្តែ​តាមពិត​គ្មាន​មុខរបរ​អ្វី​ទេ​។

លោក​ថា ជនសង្ស័យ​បាន​ប្រើល្បិច​បោក​លុយ​ពី​ជនរងគ្រោះ​ជាច្រើន​នាក់​អស់​ជាច្រើន​ពាន់​ដុល្លារ​ហើយ​គេចខ្លួន​រហូត​។ លុះដល់​ថ្ងៃទី​ ៨ មិថុនា ក៏​ស្រាប់តែ​ជនរងគ្រោះ​ប្រទះឃើញ​ជនសង្ស័យ​នៅ​ក្រុង​ប៉ោយប៉ែត​ហើយ​ក៏​នាំគ្នា​ចាប់ខ្លួន​ប្រគល់​ឱ្យ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​តែម្តង​។ ស្របពេលនោះ​ជនរងគ្រោះ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដែល​មាន​ឈ្មោះ​ ស៊ុំ ម៉ាលី ភេទ​ស្រី អាយុ​ ២៦ ​ឆ្នាំ​ឈ្មោះ​ វុទ្ធី វណ្ណថា ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ និង​ឈ្មោះ​ សួន ស៊ីម៉ាប់ អាយុ​ ៤១ ​ឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​រឿង​ឆបោក​នេះ​មិនមែន​មានតែ​ជនរងគ្រោះ​ ៣ ​នាក់​ទេ ប៉ុន្តែ​ជាក់ស្តែង​អង្គភាព​របស់​ខ្ញុំ​ទទួលបាន​បណ្តឹង​តែ​ ៣ ​នាក់​ទេ​។ ពួកគាត់​ចាញ់បោក​ជនសង្ស័យ ដែល​អាច​ដល់​ខ្ទង់ពាន់​ដុល្លារ​ផង​»​។

ពី​ម្សិលមិញ ភ្នំពេញ​ ប៉ុស្តិ៍​ មិនអាច​ទាក់ទង​លោក​ នួន នីណារ៉ូ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ដើម្បី​បញ្ជាក់បន្ថែម​ទេ​។ ប៉ុន្តែ​បើតាម​របាយការណ៍​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​នៅ​ថ្ងៃទី​ ៣ ខែ មេសា ឆ្នាំ​ ២០២១ គាត់​បានមក​ធ្វើការ​ផ្នែក​ជំនួយការ​ចៅក្រម​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។

ចាប់តាំងពី​ពេលនោះ​មក​រហូត​ដល់​ថ្ងៃទី​ ៨ ខែឧសភា គាត់​បាន​ដើរ​បោក​ប្រាក់​ជនរងគ្រោះ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ជា​បន្តបន្ទាប់​។ គាត់​បាន​ប្រាប់​គេ​ថា គាត់​ជា​ក្រឡាបញ្ជី និង​ជា​ជំនួយការ​របស់​លោក​ចៅ​ក្រម អាំង ចិន្ដា​។ មនុស្ស​ជាច្រើន​បាន​ពឹងពាក់​គាត់​ឱ្យជួយ​រត់ការ​រឿង​ប្លង់ដី​៕