ព្រះវិហារៈ ក្រសួងបរិស្ថាន និង​អង្គការ WCS កំពុង​រៀបចំ​ធ្វើ​សារពើ​ភណ្ឌ​ព្រៃឈើ ដោយ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការលក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត នៅ​ភូមិភាគ​ខាងជើង ដែល​គ្របដណ្តប់​ទៅលើ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ចំនួន​ ៤ ក្នុង​ខេត្តព្រះវិហារ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃទី ១១ ខែ​មិថុនា នេះ​ឱ្យ​ដឹងថា ក្រសួង​បរិស្ថាន​បាន​អនុញ្ញាត​ឱ្យ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) អនុវត្ត​នូវ​គម្រោង​រេដបូក (REDD+) នៅ​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៤ នៅលើ​ទឹកដី​នៃ​ខេត្តព្រះវិហារ រួមមាន​ដែនជម្រក​សត្វព្រៃ គូលែន-ព្រហ្មទេព ដែនជម្រក​សត្វព្រៃ​ឆែប ដែនជម្រក​សត្វព្រៃ​ព្រះរការ និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​។

លោក នេត្រ ភក្ត្រា ​បន្តថា តំបន់​ទាំង​ ៤ ដែល​ត្រូវ​សិក្សា​នេះ ត្រូវ​បាន​យក​គំរូ​ចំនួន ៤៣ ទីតាំង ដើម្បី​ធ្វើការ​សិក្សា​វាយតម្លៃ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ផ្សេងទៀត​វាយតម្លៃ មុន​នឹង​ដាក់លក់​នៅលើ​ទីផ្សារ អន្តរជាតិ ដែល​ជា​ទីផ្សារ​ស្ម័គ្រចិត្ត​។

បើតាម​លោក នេត្រ ភក្ត្រា ទីផ្សារ​លក់​ឥណទាន​កាបូន​នេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការបោះជំហាន​នៅក្នុង​ទីផ្សារ​ឥណទាន​កាបូន គឺ​បញ្ជាក់​ពី​ភាពប្រសើរ​ឡើង​នៃ​ការការពារ​ធនធាន​ធម្មជាតិ​របស់​យើង​។

អ្នកនាំពាក្យ​រូបនេះ​ថ្លែងថា​៖ «​នៅក្នុង​ដំណាក់កាល​នៃ​តំបន់​ធម្មជាតិ ចំនួន​ ៤ ដែល​យើង​ធ្វើ​ការងារ​ជាមួយ​អង្គការ WCS ដែល​ក្រសួង​បរិស្ថាន​ប្រគល់​តួនាទី​ឱ្យ​អង្គការ WCS ក្នុង​ការអនុវត្ត​គម្រោង និង​សម្របសម្រួល​លក់​ឥណទាន​កាបូន នៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​នេះ​បាន​កំពុងតែ​ឈាន​ដល់​ដំណាក់កាល​ធ្វើ​សារពើភណ្ឌ និង​ប្រឹក្សា​យោបល់​ជាមួយ​សហគមន៍ ដើម្បី​ពិនិត្យ​ទៅលើ​ការចាប់ផ្តើម​ក្នុង​ការធ្វើ​កំណត់​តំបន់​ក្នុង​ការសិក្សា វាយតម្លៃ​លើ​កម្រិត បាយអូម៉ាស់ នៅក្នុង​តំបន់​ទាំងអស់​ហ្នឹង ហើយ​បន្ទាប់​ទៅ​ហ្នឹង​មាន​ការជួប​ជាមួយ​សហគមន៍ និង​ការចុះ​មក​វាយតម្លៃ​ពី​អ្នក​វាយតម្លៃ​ឯករាជ្យ​លើ​ស្ថានភាព​ទាំងអស់​ហ្នឹង មុន​នឹង​ដាក់លក់​ជា​សាធារណៈ ហើយ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹងដាក់​ជូន​សាធារណៈ ដើម្បី​ឱ្យ​សាធារណជន​បានដឹង​»​។

លោក កែន សេរីរដ្ឋា នាយក​កម្មវិធី​អង្គការ​សមាគមន៍​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) បាន​ឱ្យ​ដឹងថា គម្រោង​រេដបូក ដែល​យើង​រៀបចំ​នៅ​ភូមិភាគ​ខាងជើង ដែល​គ្របដណ្តប់​ទៅលើ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មួយចំនួន ដែល​យើង​ចាប់ផ្តើម​ពី​តំបន់​ការពារ​សត្វព្រៃ​ឆែប ដែនជម្រក​សត្វព្រៃ​ព្រះរកា ដែនជម្រក​សត្វព្រៃ​គូលែន-ព្រហ្មទេព ក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​នេះ គឺជា​ជំហាន​បឋម ដើម្បីឱ្យ​យើង​អាច​ឈាន​ទៅ​ពង្រីក​ការគ្របដណ្តប់​វិសាលភាព​នៃ​ផ្ទៃដី​គម្រោង​រេដបូក សម្រាប់​ភូមិសាស្ត្រ​ខេត្តព្រះវិហារ​ទាំងមូល​។

លោក កែន សេរីរដ្ឋា បាន​បន្តថា សម្រាប់​គម្រោង​រេដបូក​នេះ គឺ​ទទួល​បាន​ការគាំទ្រ​ផ្នែក គោលនយោបាយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ​បច្ចេកទេស ដោយ​បាន​ផ្តល់នូវ​កិច្ច​គាំទ្រ​ទៅលើ​ទិដ្ឋភាព​ផ្លូវច្បាប់ និង​បច្ចេកទេស សម្រាប់ធ្វើ​លើ​កិច្ចការងារ​នេះ​។

បន្ថែម​នេះ អង្គការ WCS បាន​ទទួល​ជំនួយ​ពី​គម្រោង USAID តាមរយៈ​គម្រោង​ព្រៃឡង់​បៃតង សម្រាប់​ជួយឧបត្ថម្ភ​ប្រើប្រាស់​នូវ​ថវិកា​ក្នុង​ការដំណើរការ​ទូទៅ​នេះ​ផងដែរ​។

បើតាម​លោក កែន សេរីរដ្ឋា សម្រាប់​កិច្ចការ​រៀបចំ​គម្រោង​លក់​ឥណទាន​កាបូន​នេះ គឺ​អង្គការ​របស់​លោក​បាន​រៀបចំ​ដកស្រង់​នូវ​បទពិសោធន៍​មួយចំនួន​ដែល​អង្គការ WCS បាននិង​កំពុង​តែ​អនុវត្ត​បាន​ដោយ​ជោគជ័យ ចំពោះ​ការងារ​រៀបចំ​គម្រោង​រេដបូក​នេះ​នៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា គឺ​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ដូច្នេះ​សម្រាប់​បទពិសោធ​ដែល​យើង​ទទួលបាន​ជោគជ័យ​នៅ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា ដែល​មាន​រយៈពេល​ ១ ​ឆ្នាំ​កន្លងមកនេះ​នឹង​ត្រូវ​យកមក​អនុវត្ត​គម្រោង​នេះ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ក្នុង​ខេត្តព្រះវិហារ​។

លោក​ កែន សេរីរដ្ឋា បន្ថែមថា ការលក់​ឥណទាន​កាបូន​លើ​ទីផ្សារ​ស្ម័គ្រចិត្ត​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ​កន្លងមក និង​ជា​មោទនភាព​មួយ​របស់​កម្ពុជា ដែល​យើង​បាន​ចូលរួម​ជាពិសេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បាន​ឈាន​មុនគេ​ក្នុង​ការលក់​ឥណទាន​កាបូន​។

លោក កែន សេរីរដ្ឋា លើកឡើង​ថា នេះ​ជា​មោទនភាព​មួយ​ដែល​កម្ពុជា​ពី​មុន​ត្រូវ​រង​ការរិះគន់​ពី​សំណាក់​មហាជន​មួយចំនួន​ថា កម្ពុជា​ជា​តំបន់​មួយ​ដែល​បាត់បង់​ព្រៃឈើ តាមរយៈ​ការកាប់បំផ្លាញ​ព្រៃឈើ​។​ល​។ និង ។​ល​។

តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៤ នៅលើ​ទឹកដី​នៃ​ខេត្ត​ព្រះវិហារ​រួមមាន​ដែនជម្រក​សត្វព្រៃ​គូលែន-ព្រហ្មទេព ដែនជម្រក​សត្វព្រៃ​ឆែប ដែនជម្រក​សត្វព្រៃ​ព្រះរការ និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង​មាន​ផ្ទៃដី​សរុប​ចំនួន ៥៤៦ ១២៩,៤១ ​ហិកតា​។ តំបន់​ការពារ​ធម្មជាតិ​ទាំង​ ៤ គាំទ្រ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជិត ១០ ០០០ ​គ្រួសារ និង​មាន​សត្វព្រៃ រង​ការគំរាមកំហែង​ជា​សកល​ជាង ៣០ ​ប្រភេទ ដូចជា​ដំរី​អាស៊ី និង​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត​ ៥ ​ប្រភេទ​មាន​៖ ត្មាតផេះ ត្មាត​ត្នោត ត្មាតភ្លើង ត្រយង​យក្ស និង​ត្រយង​ចង្កំកស ជាដើម​។

ចាប់តាំងពី​ឆ្នាំ​ ២០១៦ មកដល់​បច្ចុប្បន្ន កម្ពុជា​បាន​ទទួល​ថវិកា​ចំនួន ១១,៦ ​លាន​ដុល្លារ ពី​ការលក់​ឥណទាន​កាបូន​ឱ្យ​ទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មានដូចជា Disney Kering Intuit និង Shall និង​ក្រុមហ៊ុន Gucci​។

កម្ពុជា​កំពុង​តែ​ធ្វើការ​សិក្សា​ និង​អនុវត្ត​គម្រោង​ឥណទាន​កាបូន សាកល្បង​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង បន្ថែមទៀត​ជាមួយ​ក្រុមហ៊ុន​ជប៉ុន «Mitsui»​។

មកទល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូត​ដល់​ប្រមាណ ៤១ ​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,៣ ​លាន​ហិកតា ដែល​ក្នុងនោះ​មាន​ឧទ្យាន​ជាតិ ដែនជម្រក​សត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រ៉ាមសារ តំបន់​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៦៩ កន្លែង និង​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន ១ ២៦០ ​នាក់​ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់​ការពារធម្មជាតិ និង​អង្គការ​ដៃគូ​នានា បាននិង​កំពុង​ឈរជើង​ការពារ​៕