
មន្ត្រីកំពុងស្វែងរកដីពី ១០ ទៅ ១៥ ហិកតា ដើម្បីសាងសាង់សារមន្ទីរសម្រាប់ដាក់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ រូបថត CMAC
កណ្តាលៈ មន្ត្រីអន្តរក្រសួងបាននិងកំពុងស្វែងរកដីទំហំពី ១០ ទៅ ១៥ ហិកតាស្ថិត នៅក្នុងខេត្តចំនួន ២ គឺខេត្តកណ្តាល និងខេត្តព្រៃវែង ដើម្បីសាងសាង់សារមន្ទីរសម្រាប់ដាក់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិចក្នុងទន្លេមេគង្គកាលសម័យសង្គ្រាមស៊ីវិល។
លោក ម៉ី សុភា មេបញ្ជាការនៃទីបញ្ជាការដ្ឋាន កងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹកប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ នេះថា បច្ចុប្បន្ននេះ អន្តរក្រសួងកំពុងតែសិក្សាទីតាំងដី ដែលមានទំហំចាប់ពី ១០ ទៅ ១៥ ហិកតានៅក្នុងខេត្តកណ្តាលនៃស្រុកល្វាឯម ស្រុកខ្សាច់កណ្តាល និងស្រុកកៀនស្វាយ និង តំបន់អ្នកលឿងនៃខេត្តព្រៃវែង ដើម្បីសាងសង់សារមន្ទីរនេះ ។
លោកបញ្ជាក់ថា មន្ត្រីនៃអន្តរក្រសួងកំពុងពិភាក្សាជាមួយនឹងអភិបាលខេត្តកណ្តាល និង អភិបាលខេត្តព្រៃវែង ដើម្បីជ្រើសរើសមើលទីតាំងដី សមស្របណាមួយ សម្រាប់ធ្វើការសាងសង់សារមន្ទីរនេះ។
ក្រៅពីនេះក៏នឹងរៀបចំឱ្យទៅជាតំបន់បៃតង សម្រាប់ធ្វើជាកន្លែងសិក្សាស្រាវជ្រាវ ដោយមិនសាងសង់តែសារមន្ទីរមួយមុខនោះទេ គឺត្រូវរៀបចំឡើងសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តផងដែរ។
លោក ម៉ី សុភា បញ្ជាក់ថា៖ «បើយើងសាងសង់តែ សារមន្ទីរ វាធម្មតាពេក និងមិនមានអត្ថន័យទៅថ្ងៃក្រោយនោះទេ អីចឹងហើយបានយើងរៀបចំឱ្យមានសោភណភាព និងទេសភាពបៃតង»។
បើតាមលោក ម៉ី សុភា តាមផែនការ អន្តរក្រសួងបានដាក់ចេញ ការសាងសង់សារមន្ទីរនេះនឹងត្រូវធ្វើឡើងក្នុងរយៈពេល ៣ ឆ្នាំក្នុងការសាងសង់ និងរៀបចំឱ្យចប់រួចរាល់ជាស្ថាបពរ ប៉ុន្តែវាអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។
សម្រាប់ថវិកាក៏បាននិងកំពុងរៀបចំផែនការក្នុងការចំណាយផងដែរ ជាថវិការដ្ឋ ឬក៏មានការចូលរួមពីសប្បុរសជន ប៉ុន្តែនៅពេលនេះអន្តរក្រសួងកំពុងតែរៀបចំផែនការមេក្នុងការអភិវឌ្ឍ និងសាងសង់សារមន្ទីរនេះ ហើយនៅពេលរៀបចំរួចរាល់នឹងដឹងពីទំហំថវិកាដែលត្រូវចំណាយហើយ។
ក្រុមការងារអន្តរក្រសួងនៅថ្ងៃទី ១០ ខែមិថុនាបានបើកកិច្ចប្រជុំសម្រាប់សិក្សា និងលើកគម្រោងរៀបចំសារមន្ទីរ ដើម្បីដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិចនៅក្នុងទន្លេមេគង្គកាលពីសម័យសង្គ្រោមស៊ីវិល ចន្លោះឆ្នាំ ១៩៧០-១៩៧៥។
ក្រុមការងារនេះមានតួនាទី ភារកិច្ចសិក្សាស្វែងរកទីតាំងណាមួយសម្រាប់រៀបចំសារមន្ទីរដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលប្រមូលបានពីកប៉ាល់ ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល។
ចំពោះការអនុវត្តភារកិច្ចនេះ ក្រុមការងារត្រូវធ្វើសេចក្ដីរាយការណ៍ និងស្នើសុំយោបល់ពីលោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃក៏ដូចជាបំពេញការងារផ្សេងៗទៀតតាមការណែនាំផងដែរ។
បើតាមលោក ម៉ី សុភា បច្ចុប្បន្ននេះ ក្រុមមន្ត្រីរបស់លោកកំពុងតែដំណើរការស្រង់គ្រាប់ មិនទាន់ផ្ទុះនៅក្នុងនាវាដែលលិចនៅក្នុងទន្លេ ក្នុងស្រុកល្វាឯមខេត្តកណ្តាល ដោយប្រមូលបានគ្រាប់ជាបណ្តើរៗហើយ បន្ទាប់ពីបញ្ចប់ការស្រង់នៅក្នុងខេត្តកំពង់ចាម។ ក្រោយចប់ការដ្ឋាននៅក្នុងស្រុកល្វាឯមនេះ ក្រុមមន្ត្រីរបស់លោកនឹងទៅស្រង់ពីរទីតាំងផ្សេងទៀត នៅខេត្តព្រៃវែង៕